កីឡាការិនីដ៏ស្រស់ស្អាតម្នាក់នឹងឡើងប្រកួតលក្ខណៈអន្តរជាតិនៅលើទឹកដីនៃប្រទេសបារាំងដែលនាងត្រូវប្រកួតតំណាងឲ្យប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ឪពុកនាង និងប្រទេសស្វិសដែលជាទឹកដីកំណើតរបស់ម្តាយនាង ហើយក្នុងព្រឹត្តិការណ៍នេះក៏មានជើងខ្លាំងកម្ពុជាមួយទៀតប្រកួតដណ្តើមខ្សែក្រវាត់ដែរ។
តាមខិត្តប័ណ្ណផ្សព្វផ្សាយបានបង្ហាញថា កីឡាការិនីប្រដាល់សេរី Saravy Kelly នឹងឡើងសង្វៀនក្នុងព្រឹត្តិការណ៍ International Gala of Kun Khmer នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះនៅ Chambery ប្រទេសបារាំង។ ក្នុងព្រឹត្តិការណ៍នេះដែរ រឿង សោភ័ណ្ឌជើងខ្លាំងគុនខ្មែរត្រូវប្រកួតដណ្តើមខ្សែក្រវាត់ International Famk ដែលនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់កម្ពុជាប្រចាំនៅប្រទេសបារាំង។
កីឡាការិនី Saravy Kelly ដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនស្វីសបានសរសេរនៅលើទំព័រ Facebook របស់នាងថា ៖«សម្រាប់ការប្រកួតខាងមុខនេះ ខ្ញុំបានខំប្រឹងហាត់ខ្លាំងណាស់។ ខ្ញុំនឹងឡើងវ៉ៃតំណាងឲ្យទង់ជាតិប្រទេសទាំងពីរគឺកម្ពុជា និងស្វីស។ សង្ឃឹមថា ខ្ញុំនឹងធ្វើឲ្យអ្នកគាំទ្រមានមោទនភាព។ ខ្ញុំសន្យាថា ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ជយោ! គុនខ្មែរ»។
Saravy បានប្រាប់ Sabay តាម Facebook ថា សាច់ញាតិក្រុមគ្រួសាររបស់នាងមួយចំនួនរស់នៅប្រទេសស្វីស និងមួយចំនួនទៀតរស់នៅខេត្តក្រចេះ ប្រទេសកម្ពុជា។ នាងធ្លាប់បានប្រកួតប្រដាល់សេរីម្តងក្នុងព្រឹត្តិការណ៍ពានរង្វាន់ Mauy Thai University Cup នៅប្រទេសថៃដែលពេលនោះនាងចាញ់កីឡាការិនីថៃ។ មុនចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរ កញ្ញាធ្លាប់ហាត់វ៉ូវីណាមតាំងពីតូច ប៉ុន្តែបានឈប់ហាត់វ៉ូវីណាមតាំងពី៤ឆ្នាំមុន និងចាប់ហាត់គុនខ្មែររហូតដល់សព្វថ្ងៃ។
កីឡាការិនីវ័យ២១ឆ្នាំរូបនេះបន្តឲ្យដឹងថា ៖«ខ្ញុំស្រលាញ់ការវ៉ៃ! មានមនុស្សជាច្រើនប្រាប់ខ្ញុំថា ខ្ញុំមិនគួរឡើងវ៉ៃទេ ពីព្រោះខ្ញុំជាក្មេងស្រីស្រស់ស្អាតម្នាក់ គួរឈប់វ៉ៃទៅ។ វាស្ថិតក្នុងចិត្តខ្ញុំជានិច្ចដែលស្ត្រីទាំងឡាយមិនចូលចិត្តការប្រកួត តែគិតតែរឿងសម្រស់។ តាមពិតទៅ ការប្រកួត និងសម្រស់ពិតជាអាចរួមបញ្ចូលគ្នាបានដែលអាចធ្វើឲ្យសម្រស់កាន់តែស្អាត។ ខ្ញុំពេញចិត្តក្នុងនាមខ្ញុំជានារីភេទ និងជាកីឡាការិនីម្នាក់ក្នុងពេលតែមួយ។ ខ្ញុំសង្ឃឹមថា វានឹងផ្តល់ឱកាសឲ្យខ្ញុំបានលើកទង់ជាតិខ្មែរទៅលើអាកាស។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានកើតជាជាតិសាសន៍ខ្មែរពាក់កណ្តាល ហើយខ្ញុំស្រលាញ់ប្រទេសកម្ពុជា និងស្វីស។ វ៉ៃដើម្បីទង់ជាតិប្រទេសទាំងពីរជាកិត្តិយសរបស់ខ្ញុំ»។
សម្រាប់ការប្រកួតនៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ នាងនឹងត្រូវប្រឈមនឹងជើងខ្លាំង Mauy Thia នាង Celbie Kartope ដែលជាកីឡាការិនីជនជាតិបារាំង៕
អត្ថបទ៖ ជាន ចាន់រ៉ា
រូបថត៖ Saravy Kelly
រូបថត៖ Saravy Kelly