វិទ្យាស្ថានបើកទូលាយ ដោយមានការសហការពីមូលនិធិអាស៊ី និង Development Innovations និងក្រោមការឧបត្ថម្ភពី USAID បានចេញរបាយការណ៍ស្រាវជ្រាវបង្ហាញការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះ បានបង្ហាញពីកំណើនការប្រើប្រាស់អក្សរខ្មែរនៅលើទូរសព្ទ និងការរីកចម្រើននៃទីផ្សារប្រើប្រាស់ទូរសព្ទដៃដែលមានការកើនឡើងយ៉ាងគំហុក។
ទិន្នន័យប្រមូលបានគិតត្រឹមខែកញ្ញាឆ្នាំ ២០១៥ បានបង្ហាញថា ទីផ្សារប្រើប្រាស់ទូរសព្ទក្នុងប្រទេសកម្ពុជាកាន់តែតូចចង្អៀត។ ពលរដ្ឋកម្ពុជាជាង ៩៤ ភាគរយមានទូរសព្ទដៃប្រើប្រាស់។ ក្នុងចំណោមនោះ ៣៩.៩% ជាប្រភេទទូរសព្ទ Smartphone ដែលអាចប្រើភ្ជាប់ជាមួយអ៊ីនធឺណិតបានដែលចំនួននេះកើនឡើង ៤១% បើធៀបឆ្នាំ ២០១៤ និង ៨១.៥% ធៀបឆ្នាំ២០១៣។
ទាក់ទងចំណែកទីផ្សារទូរសព្ទដែលទទួលការប្រើប្រាស់ច្រើនមាន Samsung បានកាន់កាប់ចំណែកទីផ្សាររហូតដល់ ៤៨.៨%, Apple ប្រហែល ២៤.៦%, Nokia ៦.៩%, LG ៣.៧% និងម៉ាកផ្សេងទៀតមាន Huawei, HTC, Sony Ericsson និង Singtech សរុបមានចំណែកទីផ្សារចំនួន ១៦%