ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលជំនាញក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៩និង៣០នាទី រាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ យុវតីវ័យក្មេងសម្រស់ស្រស់ផូរផង់ឈ្មោះ ដេត ម៉េងគាង អាយុ២២ឆ្នាំ ជាអ្នកឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលសមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកមិញ ក្រោមបទចោទប្រកាន់ថា បានបង្ហោះ(Post)អត្ថបទ និងរូបភាពប្រមាថដល់អាយុជីវិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង Facebook នោះ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញហើយ បន្ទាប់ពីធ្វើការសាកសួរចប់សព្វគ្រប់រួចមក ។
សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមការបំភ្លឺរបស់កញ្ញា ដេត ម៉េងគាង និងតាមការពិនិត្យពិច័យរបស់នគរបាលជំនាញ គឺបង្ហាញថា មានអ្នកបន្លំយករូបថតរបស់នាងបង្កើតជា Account Facebook មួយឈ្មោះ "Kim Bopha" បង្ហោះអត្ថបទ និងរូបភាពប្រមាថដល់អាយុជីវិតនាយករដ្ឋមន្ត្រី ។ ដូច្នេះ កញ្ញា ដេត ម៉េងគាង ដែលជាម្ចាស់រូបថតមិនមានការពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើអសីលធម៌នេះទេ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកម្ចាស់ Account Facebook ឈ្មោះ "Kim Bopha" ដែល Post ពាក្យពេចន៍ និងរូបភាពប្រមាថដល់អាយុជីវិតនាយករដ្ឋមន្ត្រីនោះជាបន្តទៀត ។
សូមបញ្ជាក់ជូនដែរថា Account Facebook ឈ្មោះ "Kim Bopha" ធ្លាប់បាន Tag នូវអត្ថបទ និងរូបភាពប្រមាថដល់អាយុជីវិតបុរសខ្លាំងពី Timeline របស់ខ្លួន ទៅ Account Facebook មួយទៀតឈ្មោះ "បុប្ផា គីម" ហើយ Account Facebook ឈ្មោះ "បុប្ផា គីម" ក៏មាន Photo នៅក្នុង Timeline របស់ខ្លួនប្រមាថដល់បុរសខ្លាំងផងដែរ (កាត់តរូបភាពមនុស្សស្រីអង្គុយលើក្បាលបុរសខ្លាំង) ដោយ Account Facebook ទាំងឈ្មោះ "Kim Bopha" ទាំងឈ្មោះ "បុប្ផា គីម" សុទ្ធតែបានប្រើប្រាស់រូបថតរបស់កញ្ញា ដេត ម៉េងគាង ។ ដូច្នេះ មជ្ឈដ្ឋានអ្នកលេង Facebook ដ៏ពេញនិយម បានធ្វើការសន្និដ្ឋានថា Account Facebook ឈ្មោះ "Kim Bopha" និងឈ្មោះ "បុប្ផា គីម" គឺគ្រប់គ្រង និងលេងដោយមនុស្សតែម្នាក់ ៕
loading...