រដ្ឋសភាបារាំងបើកអាណត្តិថ្មី សមាជិកម្នាក់មានដើមកំណើតខ្មែរ
រដ្ឋសភាថ្មីរបស់បារាំង ដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី១៨មិថុនា ចាប់ផ្តើមចូលធ្វើការនៅថ្ងៃនេះ ជាមួយនឹងការផ្លាស់ប្តូរមុខមាត់សមាជិកថ្មីជាច្រើន ហើយទំនងជានឹងមានប្រធានជាស្រ្តីលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តបារាំង។ នៅក្នុងចំណោមតំណាងរាស្ត្រទាំង៥៧៧រូបដែលទើបជាប់ឆ្នោតថ្មីថ្មោង ភាគច្រើនបានចូលទៅកាន់អាសនៈសភាជាលើកដំបូង ក្នុងជីវិតរបស់គេ។ រដ្ឋសភាអាណត្តិថ្មីនេះ បានទទួលចំណាប់អារម្មណ៍ពិសេសជាងសភាមុនៗ ព្រោះមានការប្តូរផ្លាស់សមាជិកច្រើន មិនធ្លាប់មានពីមុនមកទេ ៖ ស្ត្រីច្រើន តំណាងសង្គមស៊ីវិលក៏ច្រើន ហើយនៅក្នុងរដ្ឋសភាថ្មីនេះ ក៏មានសមាជិកម្នាក់មានដើមកំណើតខ្មែរ។
រដ្ឋសភាថ្មីរបស់បារាំង ដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី១៨មិថុនា ចាប់ផ្តើមចូលធ្វើការនៅថ្ងៃនេះ ជាមួយនឹងការផ្លាស់ប្តូរមុខមាត់សមាជិកថ្មីជាច្រើន ហើយទំនងជានឹងមានប្រធានជាស្រ្តីលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តបារាំង។ នៅក្នុងចំណោមតំណាងរាស្ត្រទាំង៥៧៧រូបដែលទើបជាប់ឆ្នោតថ្មីថ្មោង ភាគច្រើនបានចូលទៅកាន់អាសនៈសភាជាលើកដំបូង ក្នុងជីវិតរបស់គេ។ រដ្ឋសភាអាណត្តិថ្មីនេះ បានទទួលចំណាប់អារម្មណ៍ពិសេសជាងសភាមុនៗ ព្រោះមានការប្តូរផ្លាស់សមាជិកច្រើន មិនធ្លាប់មានពីមុនមកទេ ៖ ស្ត្រីច្រើន តំណាងសង្គមស៊ីវិលក៏ច្រើន ហើយនៅក្នុងរដ្ឋសភាថ្មីនេះ ក៏មានសមាជិកម្នាក់មានដើមកំណើតខ្មែរ។
នៅក្នុងចំណោមតំណាងរាស្ត្រចាស់ផុតអាណត្តិ៣៤៥នាក់ដែលមានសិទ្ធិឈរឈ្មោះជាថ្មី មានតែ១៤០រូបប៉ុណ្ណោះបានជាប់ឆ្នោតម្តងទៀត។ សមាជិកភាគច្រើន ( ៤២៤រូប) បានជាប់ឆ្នោតសភាជាលើកទីមួយ រហូតមានពាក្យលែបខាយថាសភាអាណត្តិនេះ ជារដ្ឋសភាក្មេងខ្ចី ខ្វះបទពិសោធផង។
រដ្ឋសភាថ្មីនេះ មានចំនួនសមាជិកសភាភេទស្រ្តីដល់ទៅ ២២៣រូប ពោលគឺស្មើនឹងប្រមាណ ៣៩%។ មិនមែនជាសមភាពពិតទេ តែជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានទេសម្រាប់សភាបារាំង។ កាលពីឆ្នាំ២០១២ បារាំងស្ថិតក្នុងលំដាប់លេខ៣៤ នៅលើពិភពលោក លេខ៩ក្នុងអឺរ៉ុប ខាងផ្នែកសមភាពស្ត្រីបុរស ដោយរដ្ឋសភាមានសមាជិកភេទស្ត្រីតែ១៥៥នាក់ប៉ុណ្ណោះ (២៧%)។
ជារដ្ឋសភាក្មេង អាយុជាមធ្យម ៤៨ឆ្នាំ។ សមាជិកពៅគេអាយុ២៣ឆ្នាំ នៅជានិស្សិតនៅឡើយ ហើយអ្នកចាស់ជាងគេអាយុ៧៩ឆ្នាំ។ នៅអាណត្តិនេះ ចំនួនសមាជិកសភាតំណាងអ្នករដ្ឋការ បានថយចុះ តែទៅឡើងខាងតំណាងក្រុមហ៊ុនឯកជន។ សមាជិកសភាតំណាងសង្គមស៊ីវិលក៏មានច្រើនឡើងដែរ គ្រាន់តែមិនច្រើនខ្លាំងដូចអ្វីលោកប្រធានាធិបតី ម៉ាក្រុង ចង់បាននោះឡើយ។ ប៉ុន្តែរដ្ឋសភាថ្មីនេះ គ្មានតំណាងរាស្ត្រប្រសូតចេញពីថ្នាក់កម្មករទេ។ តំណាងរាស្ត្រជាមនុស្សចាស់ចូលនិវត្តន៍ក៏មានតិចខ្លាំងមិនធ្លាប់មានឡើយ។
ប្រធានសភាជាស្ត្រី ?
សមភាពស្ត្រីនិងបុរសជាជោគជ័យទីពីរ នៅក្នុងសម័យបោះឆ្នោតសភាឆ្នាំ២០១៧នេះ។ នៅល្ងាចនេះ គេនឹងបានស្គាល់មុខប្រធានរដ្ឋសភា ដែលជាតួនាទីកំពូលលំដាប់ទីបួននៅប្រទេសបារាំង (ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងប្រធានសភា)។
នៅពេលនេះ មានលេចឮឈ្មោះតំណាងរាស្ត្របួនរូប ដែលចង់ប្រកួតដណ្តើមតំណែងប្រធានរដ្ឋសភា ដែលសមាជិក ត្រូវបោះឆ្នោតដោយសេរីនិងសម្ងាត់។ La République En Marche បក្សដំណើរសាធារណរដ្ឋ ទំនងជានឹងអាចស្នើបេក្ខភាពប្រធានសភាបីរូប ក្នុងនោះពីររូបគឺជាស្ត្រី។ អ្វីដែលច្បាស់គឺ ឥស្សរជនណាដែលបក្សកាន់អំណាចតែងតាំងជាបេក្ខភាពប្រធានសភា តំណាងរាស្ត្រនោះនឹងឈ្នះហើយ ព្រោះបក្ស La République En Marche មានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ សកម្មជនបក្សលោកម៉ាក្រុងជាច្រើនមាននយោបាយគោរពនិន្នាការសមភាពនារី សង្ឃឹមថានឹងផ្តល់ឱកាសដល់ស្ត្រី ដើម្បីបំបែកទម្លាប់។ អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានប្រកាសជំរុញឱ្យលើកតម្កើងស្ត្រីមកធ្វើជាអ្នកដឹកនាំសភាដែរ។ បារាំងទំនងជានឹងអាចមានស្ត្រីជាប្រធានសភាហើយនៅលើកនេះ។
លោក បួន តាន តំណាងរាស្ត្របារាំងដើមកំណើតខ្មែរRFI
តំណាងរាស្ត្រដើមកំណើតខ្មែរ ក្នុងរដ្ឋសភាបារាំង
ថ្ងៃនេះក៏ជាលើកដំបូងដែរ ដែលរដ្ឋសភាបារាំងទទួលតំណាងរាស្ត្រម្នាក់ជាដើមកំណើតខ្មែរ។ លោកមានឈ្មោះថា ហួង បួន តាន Buon Huong Tan ឬ ហៅខ្លីថា បួន តាន ជាប្រធានក្រុមហ៊ុនលក់តែ តាំងពីបួនជំនាន់មកហើយ។
ថ្វីបើថ្ងៃនេះ ជាលើកទីមួយ ដែលលោកបានចូលកាន់អាសនៈនៅរដ្ឋសភា ក្នុងនាមជាតំណាងរាស្ត្រមែន តែលោកមិនមែនអត់បទពិសោធន៍ផ្នែកនយោបាយឡើយ ព្រោះលោកជាមេឃុំរង នៅសាលាសង្កាត់ទី១៣ ក្រុងប៉ារីស តាំងពីឆ្នាំ២០០៨មក ក្នុងនាមជាតំណាងសង្គមស៊ីវិល តែស្និទ្ធិនិងគាំទ្របក្សសង្គមនិយម (បក្សកាន់អំណាចកាលពីអាណត្តិមុន)។ លោកមានបន្ទុកគ្រប់គ្រងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទេសចរណ៍។ ចាប់ពីឆ្នាំ២០១៤មក លោកបានក្លាយជាទីប្រឹក្សារបស់ក្រុងប៉ារីស ក្រោមផ្អាកនយោបាយជាអ្នកឯករាជ្យ មុននឹងភ្ជាប់ខ្លួនចូលជាសកម្មជនបក្សដំណើរសាធារណរដ្ឋ La République En Marche នាសម័យបោះឆ្នោតសភាឆ្នាំ២០១៧នេះ។
កើតនៅភ្នំពេញ ក្នុងគ្រួសារកូនចៅចិន លោក Buon Huong Tan បានចាកចេញពីភ្នំពេញ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូល ដូចបណ្តាជនខ្មែរទូទៅដែរ ដែលកាលណោះលោកមានអាយុទើបតែ៨ឆ្នាំ។ លោកនិងក្រុមគ្រួសារបានរត់ភៀសខ្លួនតាមទន្លេមេគង្គ សង្គ្រោះដោយគ្រួសារវៀតណាម ទម្រាំបានមកដល់ប្រទេសបារាំង។ លោកបានរស់នៅធំធាត់ក្នុងសង្កាត់ទី ១៣ ក្រុងប៉ារីស ជាកូនចៅចិន និយាយភាសា ចិននៅផ្ទះ និងបារាំងនៅសាលា។ លោកមានសញ្ញាប័ត្រផ្នែកពាណិជ្ជកម្មនិងគ្រង់គ្រងក្រុមហ៊ុន ដែលស៊ីចង្វាក់ល្អនឹងជំនួញរបស់គ្រួសារ។ ក្នុងពេលលោកកំពុងនៅសិក្សានៅឡើយ ឪពុកលោកបានបើកភោជនីដ្ឋានអាស៊ីដំបូងគេមួយក្នុងសង្កាត់ មុននឹងត្រលប់មកបើកហាងលក់តែ របរប្រចាំត្រកូលវិញ នៅឆ្នាំ២០០១។ លោក និងឪពុកបានចូលរួមចំណែកអភិវឌ្ឍន៍សង្កាត់អាស៊ី ChinaTown និងសមាគមពលរដ្ឋអាស៊ី ក្នុងសង្កាត់ទី១៣នៃក្រុងប៉ារីស។
ប៉ុន្តែទន្ទឹមនឹងប្រវត្តិដ៏ល្អថ្កុំថ្កើនរហូតបានក្លាយជាតំណាងរាស្ត្រនេះ លោក Buon Tan ក៏មានជាប់រឿងអាស្រូវខ្លះ នៅតុលាការដែរ។ កាលពីដើមខែមិថុនានេះតែម្តង លោកត្រូវជាប់អង្កេតបឋម ពីបទកេងលុយសមាគម៕