លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកហើយ។ (រូបថតឯកសារ)
«សាលារៀន និងពហុកីឡាដ្ឋានទាំងអស់ ដែលយកលុយរដ្ឋសាងសង់ គឺជារបស់រដ្ឋ មិនមែនរបស់ឯកជន ឬរបស់គណបក្សណាមួយនោះទេ សូមប្ដូរឈ្មោះជាបន្ទាន់» នេះ ជាការលើកឡើង របស់ប្រិយមិត្តមួយរូប ពីក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម រាប់សិបនាក់ ដោយយកទំរង់តាម ឃ្លាដ៏ល្បីល្បាញ នៃ«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មិនមែនជារបស់រដ្ឋ» ដើម្បីប្រតិកម្ម ទៅនឹងប្រកាសរបស់លោក ហ៊ុន សែន ដែលទើបនឹងអះអាង កាលពីព្រឹកថ្ងៃទី៤ ខែមេសានេះ ថាលោកយកលុយជំនួយ រាប់សិបលានដុល្លារ យកមកសាងសង់ពហុកីឡាដ្ឋានមួយ ដាក់ឈ្មោះ «មរតកតេជោ»។
ថ្លែងនៅក្នុង ពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ ក្នុងសង្វាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ហ៊ុន សែន បាននិយាយថា កាលពីពេលកន្លងមក លោកនិងរដ្ឋាភិបាលរបស់លោក មិនហ៊ានស្នើសុំ «មហាមិត្តចិន» នូវប្រាក់ជំនួយដើម្បីយកមកសង់ពហុកីឡាដ្ឋានមួយនេះទេ តែបានសុំ«មិត្តចិន» ឲ្យកសាងស្ពាន កសាងផ្លូវទៅវិញ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «អញ្ចឹងទេ បានជាតម្រូវការ នៅពេលនោះ (ពេលរៀបចំទទួលប្រកួតកីឡាអាស៊ាន កាលពីពេលកន្លងមក) មិនទាន់ហ៊ានសុំមិត្តចិន ដើម្បីកសាងពហុកីឡាដ្ឋាននេះទេ។ ប៉ុន្តែសុំមិត្តចិន ឲ្យជួយកសាងស្ពាន កសាងផ្លូវឯណោះទៅវិញ។»។
យ៉ាងណា ការស្នើសុំជំនួយ មកសាងសង់ហេដ្ឋរចនាសម្ព័ន្ធ របស់ប្រទេស ទោះជាស្ពាន ផ្លូវ សាលារៀន ឬជាពហុកីឡាដ្ឋានក្ដី វានៅតែជាផ្នែកមួយ នៃការកសាងជាតិទាំងអស់។ តែបញ្ហានៅត្រង់ថា ឈ្មោះ «មរតតេជោ» របស់ពហុកីឡាដ្ឋានថ្មីថ្មោងមួយនេះ ត្រូវបានគេជឿថា ជាផ្នែកមួយ នៃគោរមងាររបស់លោក ហ៊ុន សែន ហៅ «សម្ដេចអគ្គមហាសេនាធិបតី តេជោ» ដែលមកដល់ថ្ងៃនេះ ជាគោរមងារតែមួយគត់ ព្រះរាជទានដោយព្រះមហាក្សត្រកម្ពុជា ហើយក្រុមអ្នករិះគន់ បានលើកឡើងថា លោក ហ៊ុន សែន បានស្នើសុំជំនួយពីបរទេស មកកសាងសង់គ្រឹះស្ថានមួយនេះ ដើម្បីដាក់ឈ្មោះខ្លួនឯង។
ប្រិយមិត្តម្នាក់ ដាក់ឈ្មោះ «Jiacheng Chen» បានសរសេរឡើងថា៖ «មិនរិះគន់ទេ ដែលយកលុយជំនួយ ទៅធ្វើពហុកីឡាដ្ឋាន។ សុំតែកុំយកលុយជំនួយ ទៅធ្វើពហុកីឡាដ្ឋាន ហើយដាក់ឈ្មោះខ្លួនឯង។ នោះទើបជារឿង គួរឲ្យស្អប់ខ្ពើមបំផុត។»។
រីឯកញ្ញា «Kong Kimhiek» បានសរសរសួរឡើងថា៖ «បើជាលុយជំនួយ ហេតុអ្វីត្រូវដាក់ឈ្មោះឯកជន?» កញ្ញា «Kong Kimhiek» បានសរសេរពន្យល់ថា គេគួរយកឈ្មោះ បុព្វបុរស ឬអ្នកមានស្នាដៃច្រើននាក់ នៅក្នុងប្រវត្តិសាស្ត្រ មកដាក់ឈ្មោះ ឲ្យពហុកីឡាដ្ឋានមួយនេះ ខណៈលោក ហ៊ុន សែន ដូចជាមានឈ្មោះខ្លួនលោក នៅច្រើនកន្លែងពេកហើយ។
កាលពីខែសីហា ឆ្នាំកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ប្រទេសកម្ពុជា បានជំពាក់បំណុលបរទេស គិតត្រឹមដំណាច់ឆ្នាំ២០១៥ ប្រមាណជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រាប់ទាំងបំណុល ក្នុងពេលមុនៗផង ប្រទេសកម្ពុជា ដ៏ក្រីក្រមួយនេះ បានជំពាក់បំណុលបរទេសជិត ១០ពាន់លានដុល្លារ ដោយមិនរាប់ពីជំនួយមានចំណង ពីសំណាក់រដ្ឋាភិបាលបរទេស មួយចំនួននោះទេ។
ចំពោះលោក «Vephea Mot» វិញ បានហៅការដាក់ឈ្មោះខ្លួនឯងនេះ ជាការធ្វើប្រជាភិថុត។ លោកបានសរសេរថា៖ «រឿងការកសាងប្រទេសជាតិ ជាទូទៅពលរដ្ឋ រួមរូបខ្ញុំតែងគាំទ្រជានិច្ច តែអ្វីដែលពលរដ្ឋមិនគាំទ្រ និងតែងតែរិះគន់នោះ គឺការអភិវឌ្ឍន៍ មិនប្រកបដោយតម្លាភាព គណនេយ្យភាព ហើយមិនចំវិស័យអាទិភាពប៉ុណ្ណោះ ជាពិសេសការដាក់ឈ្មោះបុគ្គលនេះតែម្តង ដែលជាប្រការខុសឆ្គង ហើយក៏អាចហៅបានម្យ៉ាងទៀតថា ធ្វើប្រជាភិថុតិ តាមរយៈឈ្មោះបុគ្គលនេះឯង។»។
ពលរដ្ឋមួយចំនួនទៀត បានសំដែងក្ដីសង្ឃឹមថា លោក ហ៊ុន សែន គួរសំដែងភាពស្មោះត្រង់ និងមិនត្រូវ«ហុតទឹក រួចសម្លឹងកាក»ដូច្នេះទេ។ ប្រិយមិត្ត «Pol Cheng» បានសរសេរថា៖ «សម្តេចយកលុយជំនួយពីបរទេស ទៅកសាង ហើយដាក់ឈ្មោះសម្តេច (...) តើនរណា ដែលគេចេះជាងសម្តេចនោះ?» ខណៈលោក «Ream Rattanak» បានសរសរថា៖ «ចំណែកខ្ញុំជាប្រជាពលរដ្ឋ ក៏សង្ឃឹមយ៉ាងមុតមាំដូចគ្នា ថាលោកនាយករដ្ឋមន្ត្រី នឹងឈប់ប្រើឈ្មោះខ្លួនឯង ដាក់លើសម្បត្តិរដ្ឋ តទៅទៀត»។
សម្រាប់ពលរដ្ឋខ្លះទៀត យល់ឃើញថា ការដាក់ឈ្មោះលោក ហ៊ុន សែន គឺជាភាពត្រឹមត្រូវមួយ ដោយសារប្រាក់ជំនួយទាំងនោះ ជាការខិតខំប្រឹងប្រែងរបស់លោក និងរដ្ឋាភិបាលរបស់លោក។ កញ្ញា «Roth Roth» បានសរសេរថា៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការរំពឹងរបស់សម្ដេច ការដាក់ឈ្មោះសម្តេច ហ៊ុន សែន ទៅលើសមទ្ធិផល ដែលកើតចេញ ពីការខិតខំទាំងលំបាក រហូតមានអ្វីៗគ្រប់បែបយ៉ាង ដល់សព្វថៃ្ងនេះ គឺកើតចេញពីដៃទទេសុទ្ធសាធ»។
ប៉ុន្តែ ការលើកឡើងរបស់កញ្ញា «Roth Roth» ត្រូវបានប្រិយមិត្ត អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត សួរតបទៅវិញថា តើកាតព្វកិច្ច និងភារកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសរបស់លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស មានអ្វីខ្លះ? ជាសំនួរ ដែលរកមិនឃើញ ពីចម្លើយពិតប្រាកដ៕