ផែនការ ក៥ បង្កើតឡើងដើម្បីអ្វីឲ្យពិតប្រាកដ?តើពេលណា ទើបអាថ៌កំបាំងនៅពីក្រោយនៃផែនការនេះ ត្រូវបានបកស្រាយស្របគ្នា ពីអ្នកនយោបាយគ្រប់និន្នាការ? ផែនការ ក៥ បានរលត់ទៅ៣០ឆ្នាំហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ការបកស្រាយពីបញ្ហានេះ របស់អ្នកនយោបាយ នៅតែបញ្ច្រាស់ទិសគ្នា។ ពួកប្រឆាំងថា ផែនការនេះ ជាផែនការរបស់ប្រទេសវៀតណាម ដែលខ្ចីដៃខ្មែរឲ្យសម្លាប់ពលរដ្ឋខ្មែរ។ឯខាងរដ្ឋាភិបាលថា ជារនាំងការពារ ទប់ស្កាត់មិនឲ្យពួកខ្មែរក្រហម ចូលមកកាប់សម្លាប់ពលរដ្ឋខ្មែរជាថ្មី។
អត្ថន័យនៃពាក្យ«ក៥» គឺ កេណ្ឌ កម្លាំង កាប់ព្រៃ ការពារ កម្ពុជា។ពលរដ្ឋកម្ពុជាយ៉ាងហោចណាស់២០ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋប្រមាណមួយលាននាក់ ដែលត្រូវបានគេកេណ្ឌឲ្យបម្រើក្នុងផែនការ«ក៥»នេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់ ជាន់មីន និងអត់អាហារ ឯអ្នកសល់ពីស្លាប់ត្រូវបាក់កម្លាំង និងពិការ។
ម្តងហើយម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នៅប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបន្តវាយប្រហារអតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលនោះ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ពី«ផែនការ ក៥» ថាជាផែនការរបស់ប្រទេសវៀតណាម ដែលខ្ចីដៃខ្មែរឲ្យសម្លាប់ពលរដ្ឋខ្មែរដែលនៅសេសសល់ពីរបបខ្មែរក្រហម បន្ថែមទៀត។
លោកសម រង្ស៊ី បានបង្ហាញឈ្មោះថ្នាក់ដឹកនាំ "សាធារណរដ្ឋ ប្រជាមានិតកម្ពុជា" ៣រូប ដែលលោកថា បន្តុបដោយវៀតណាម និងបានអនុវត្តផែនការ ក៥ នេះ តាមបញ្ជាយួន មេដឹកនាំទាំងនោះ មានជាអាទិ៍ លោកប៊ូ ថង ដែលកាលនោះ ក្នុងឋានៈ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកហ៊ុន សែន ក្នុងឋានៈជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកហេង សំរិន ដែលកាលនោះក្នុងឋានៈ ជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ លោកថាអ្នកទាំង៣ រូបនេះ នឹងត្រូវប្រឈមមុខថ្ងៃណាមួយ ពីការចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយសារតែផែនការ ក៥ នេះ ដែលធ្វើឲ្យពលរដ្ឋខ្មែររាប់សែននាក់ស្លាប់ ដូចកាលពីសម័យ ប៉ុល ពតអ៊ីចឹងដែរ។
លោកសម រង្ស៊ី បញ្ជាក់ថា ផែនការ ក៥ ធ្វើឡើងក្រោមលេសការពារប្រទេសកម្ពុជា គឺវៀតណាមបានបញ្ជាឲ្យរដ្ឋអំណាច ដែលវៀតណាមបានបន្តុប គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ឲ្យកេណ្ឌប្រជាពលរដ្ឋដោយបង្ខំ យកទៅឆ្ការព្រៃ នៅតាមព្រំប្រទល់ដែន កម្ពុជា-ថៃ ដើម្បីសាងសង់កំផែងទប់ទល់កម្លាំងស្នេហាជាតិ ដែលប្រឆាំងយួនឈ្លានពាន នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃនៅសម័យនោះ។ លោកសម រង្ស៊ី បញ្ជាក់ថា អ្នកដែលប្រឆាំងផែនការនេះ គឺត្រូវវៀតណាមសម្លាប់ និងចាប់ដាក់គុកដូចជា លោកប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រីមុនគេបង្អស់ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្តុបដោយវៀតណាម ត្រូវបានគេចាប់ដាក់គុក នៅចុងឆ្នាំ ១៩៨១ និងលោកលោកចាន់ ស៊ី ត្រូវវៀតណាមលួចសម្លាប់នៅចុងឆ្នាំ ១៩៨៤ ។ ចំណែកលោក ហ៊ុន សែន ដែលបានកាន់អំណាចរហូតដល់សព្វថ្ងៃ ដោយសារតែយល់ព្រមសហការជាមួយវៀតណាម ក្នុងការអនុវត្តផែនការ ក៥ នេះ រហូតដល់ទីបញ្ចប់។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសាន បានឆ្លើយតមតាមរយៈបណ្តាញសង្គមFacebook ដែលត្រូវចែកចាយបន្តនៅលើបណ្តាញសង្គមFacebookរបស់លោកផៃ ស៊ីផាន បានចាត់ទុក អ្នកប្រឆាំងផែនការ«ក៥» ថាជាជនអគតិដែលកំពុងយកផែនការក៥ មកនិយាយខុសពីការពិត វាយប្រហារលើគណបក្សប្រជាជនកម្ពុជា។ លោកថា ទោះបី ត្រូវបានផ្តួលរំលំ ក្រោមកម្លាំងមហាសាមគ្គីប្រជាជនកម្ពុជា ដឹកនាំដោយអ្នកស្នេហាជាតិ នៃគណបក្សប្រជាជនកម្ពុជា និងមានការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម នាថ្ងៃ ៧ មករា ១៩៧៩ ដោយរំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីគ្រោះមរណៈនៃរបបប្រល័យពូជសាសន៏ យ៉ាងណាក្តី ក៏ពួកប៉ុលពត នៅតែចិញ្ចឹមចិត្ត ប៉ុនប៉ង និង រិះរកគ្រប់មធ្យោបាយ ដើម្បីវិលត្រទ្បប់មកកាប់សម្លាប់អាយុជីវិត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជន ជាថ្មីទៀត ។
លោកសុខ ឥសានចំអកថា ការប្រឆាំងផែនការ "ក៥" របស់មេដឹកនាំគណបក្សសង្គ្រោះជាតិនេះ មានន័យ មិនខុសពីចង់ឲ្យរបបខ្មែរក្រហមវិលត្រឡប់មកកាប់សម្លាប់ខ្មែរជា ថ្មីទៀតនោះទេ។លោកបញ្ជាក់ថា ការដាក់ចេញ នូវ ផែនការ ក ៥ នេះទ្បើង ក្នុងស្មារតីជាម្ចាស់វាសនារបស់ប្រទេសជាតិ និងការពារអាយុជីវិតប្រជាជន ដែលទើបបានរស់់ទ្បើងវិញថ្មីៗ ឲ្យរួចផុតពីមហិច្ឆតារបស់ពួក ប៉ុល ពត ។ប្រជាជនកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តផែនការនេះ ទទួលបានជោគជ័យ ទប់ស្កាត់បានការវិលត្រទ្បប់មកវិញ នៃរបបប្រល័យពូជសាសន៏ ការពារបានអាយុជីវិតប្រជាជន និង សមទ្ធិផលសង្គមជាតិ ធ្វើឲ្យជាតិបន្តរស់ទាំងត្រដាបត្រដួស រឹងមាំជាបណ្តើរៗ រហូតមានការអភិវឌ្ឈន៏រីកចំរើនលើគ្រប់វិស័យដូចបច្ចុប្បន្ន ហួសពីការស្មាន ។
ទាញភ្ជាប់នឹងការអះអាងបែបនេះ លោកសុខ ឥសានថា ដោយសារជោគជ័យនៃផែនការ ក ៥ នេះហើយ ទើបមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ដែលជនជាតិ ខ្មែរនៅបរទេសអាចមានលទ្ធភាពចូលមកក្នុងប្រទេស មកធ្វើនយោបាយរហូតដល់សព្វថ្ងៃ ។ លោកថ្លែងបែបចំអកទៀតថា«ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ កន្លងហួសរាប់សិបឆ្នាំទៅហើយ នៅតែមានអ្នកនយោបាយអគតិមួយចំនួនតូច នៅតែឆ្លៀតយក ផែនការ ក៥ នេះមករំលឹក ហើយនិយាយខុសពីការពិត វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតុកម្ពុជា មួលបង្កាច់សច្ចធម៌ប្រត្តិសាស្ត្រ បំភ័ន្តមតិសាធារណៈ ដើម្បីកេងចំណេញនយោបាយទៅវិញ»។លោកបានដាក់ទំនាយថា ពួកអ្នក បំភ្លេចគុណសម្បត្តិនៃពលីកម្ម របស់ប្រជាពលករកម្ពុជា ក្នុង ផែនការ ក៥ នេះ នឹងទទួលរងនូវបាបកម្មធ្ងន់ធ្ងរ និងត្រូវទេពតា បរាមុខជាមិនខាន ។
ស្រដៀគ្នានេះដែរ លោកផៃ ស៊ីផាន ជាមន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានចោទលោកសម រង្ស៊ីវិញថា គឺជាសម្ព័ន្ធមិត្តខ្មែរក្រហម និងចង់ឲ្យខ្មែរក្រហមបន្តកាប់សម្លាប់ខ្មែរទៀតតែប៉ុណ្ណោះ ទើបបានជាចេញមុខប្រឆាំងនឹងផែនការ«ក៥»យ៉ាងដូច្នេះ។
ទាក់ទងនឹងផែនការ«ក៥»នេះដែរ មិនមែនតែលោកសម រង្ស៊ីទេដែលប្រឆាំង សូម្បីតែលោក ប្រ៊ែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ចក៏ធ្លាប់ចោទថា ផែនការក៥ ដែលផ្តួចផ្តើមឡើងដោយមេបញ្ជាការកងទ័ពវៀតណាម ឈ្មោះ ឡេ ដឹកថូ (Le Duc Tho) ទទួលបន្ទុកនៅកម្ពុជា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទីពីរ បន្ទាប់ពីរបបខ្មែរក្រហម ហើយតម្រូវឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ជីវិតនៃ ជនស្លូតត្រង់ទាំងនោះ។ តាមរបាយការណ៍កាលពីឆ្នាំ២០១៥ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សរាប់ម៉ឺននាក់ក្នុងចំណោមមនុស្សជិត ១លាននាក់ ត្រូវបានគេបង្ខំឲ្យបម្រើផែនការ ក៥នេះ បានស្លាប់បាត់បង់ជីវិតពីការជាន់មីន ជំងឺគ្រុនចាញ់ និងការអត់អាហារ ហើយអ្នកដែលស្លាប់បាត់បង់ជីវិតទាំងនោះ ភាគច្រើនជាសិស្ស និស្សិត គ្រូបង្រៀន យុវជន និងពលរដ្ឋសាមញ្ញ។ផែនការនេះ បានអនុវត្ត ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៨៤ ហើយបានបញ្ចប់ទៅវិញនៅឆ្នាំ១៩៨៨។
តើផែនការ«ក៥» ក្នុងរបបអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បង្កើតឡើងដើម្បីអ្វីឲ្យពិតប្រាកដ?តើពេលណា ទើបអាថ៌កំបាំងនៅពីក្រោយនៃផែនការនេះ ត្រូវបានបកស្រាយស្របគ្នា ពីអ្នកនយោបាយគ្រប់និន្នាការ?
ដោយ៖ខាត់ សុធី