គ្រោះថ្នាក់នីមួយៗគ្មាននរណាម្នាក់អាចមើលឃើញឡើយ ប៉ុន្តែប្រសិនបើមានការប្រុងប្រៀបទុកជាមុន រួមទាំងការយល់ដឹងខ្លះៗពីការគេចចេញពីគ្រោះថ្នាក់ណាមួយ នោះជាការប្រសើរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនអ្នកគួរយល់ដឹងសម្រាប់ឧបទ្ទវហេតុធ្លាក់យន្តហោះ ដោយការយល់ដឹងទាំងនេះអាចឲ្យមានឱកាសរស់ខ្ពស់ពេលជួបហេតុការណ៍។
១. ពេលទិញសំបុត្រយន្តហោះត្រូវជ្រើសរើសកន្លែងអង្គុយដែលស្ថិតនៅជួរច្រកចេញ ឬស្ថិតនៅបរិវេណជួរទាំងប្រាំក្បែរច្រកចេញ ព្រោះទីតាំងនេះអាចមានឱកាសគេចផុតពីគ្រោះថ្នាក់ខ្ពស់។ ប្រសិនបើមិនអាចកក់កៅអីក្បែរច្រកចេញបានទេ គួររើសកៅអីនៅជាប់ផ្លូវដើរព្រោះវាមានសុវត្ថិភាពជាងកៅអីជាប់បង្អួច។
២. ស្លៀកខោ ឬ ពាក់អាវដៃវែងដែលមិនមានជាសារធាតុងាយឆេះ ដូចជាសំលៀកបំពាក់សាច់ខោវប៊យ និង កប្បាសជាដើម។ សម្រាប់ស្បែកជើងគួររើសស្បែកជើងរាប មិនមានកែងខ្ពស់ពេក និង ជាស្បែកជើងដែលគ្របចុងជើងជិត។
៣. យកមួកការពារផ្សែងទៅតាមខ្លួន ឬ អាចយកត្រឹមក្រណាត់សើមច្រកក្នុងស្បោងប្លាស្ទិកក៏បាន ព្រោះថាជនរងគ្រោះភាគច្រើនអាចទ្រាំទ្រនឹងការធ្លាក់ប៉ះទង្គិចបានប៉ុន្តែបាត់បង់ជីវិតដោយសារស្រូបផ្សែងចូលច្រើនពេក។ ប្រសិនបើមិនមានមួកការពារផ្សែង ឬ ក្រណាត់សើមអាចដកដង្ហើមតាមខោអាវជំនួសបាន។
៤. ត្រូវចំណាំកន្លែងដែលអ្នកបម្រើការលើយន្តហោះអង្គុយ ដើម្បីងាយស្រួលសួរពីការដំណោះស្រាយពេលជួបឧបទ្ទវហេតុ។
៥. នៅពេលដែលយន្តហោះចាប់ផ្ដើមធ្លាក់អ្នកបម្រើការនឹងណែនាំឲ្យអ្នកដំណើររៀបចំខ្លួនសម្រាប់ការប៉ះទង្គិច ដោយដាក់ជើងលើដី ដៃទាំងគូខ្វែងគ្នារួចយកដាក់លើកៅអីអង្គុយខាងមុខ បន្ទាប់មកបន្ទាបក្បាលពីលើដៃ ប្រសិនបើគ្មានកៅអីពីមុខទេត្រូវអោបជង្គង់ជំនួស។ រក្សាសភាពអ្នកឲ្យនៅស្ងៀមទ្រឹងរហូតដល់យន្តហោះដល់កន្លែងឈប់ (ធ្លាក់នៅគោលដៅណាមួយ)។ ចំណាំ ៖ មិនត្រូវទុករបស់ស្រួចៗនៅក្នុងហោប៉ៅដូចជា ប៊ិច ឬ កូនសោ បើមានពាក់វ៉ែនតាគួរដោះចេញ។
៦. ត្រូវចាំថាខ្សែក្រវាត់យន្តហោះដោះបានដោយការទាញបើកគន្លឹះ មិនមែនចុចគន្លឹះឡើយ។ ការស្រាវជ្រាវបង្ហាញថាអ្នកដំណើរជាច្រើនភ្លេចគិតពីចំណុចនេះពេលដែលពួកគេស្លន់ស្លោ ធ្វើឲ្យយឺតពេលដល់ការចេញពីយន្តហោះ។
៧. ប្រសិនបើឃ្លុបយន្តហោះមានពោរពេញដោយផ្សែងត្រូវដើរដោយបន្ទាបខ្លួន មិនត្រូវវារឡើយ ដើម្បីជៀសវាងពីការស្រូបផ្សែងចូលទៅក្នុងខ្លួន។ ចំណាំ ៖ ចាកចេញពីយន្តហោះភ្លាមៗរួចសឹមស្វែងរកសមាជិកគ្រួសារអ្នកនៅខាងក្រៅ ព្រោះបើនៅស្វែងរកពាក្យគេនៅខាងក្នុងយន្តហោះនឹងយឺតយ៉ាវដល់អ្នកដទៃ រួមទាំងអ្នកដែលចង់ស្វែងរកថែមទៀតផង។
៨. ពេលចេញផុតពីយន្តហោះ ត្រូវរត់ឲ្យឆ្ងាយពីយន្តហោះដើម្បីរស់ ព្រោះយន្តហោះនឹងផ្ទុះបាន។
បញ្ជាក់ ៖ ការស្រាវជ្រាវបង្ហាញថាអ្នកអង្គុយនៅក្បែរកន្ទុយយន្តហោះ មានឱកាសរស់ច្រើនជាងអ្នកអង្គុយជួរមុខនៃយន្តហោះប្រមាណ ៤០%៕
ទស្សនាវីដេអូដើម្បីកាន់តែលម្អិត៖