កញ្ញា ទឹម រដ្ឋា និង ឱក សុគន្ធកញ្ញា ព្រមទាំង កញ្ញាដេននី ក្វាន។
រឿងរ៉ាវតារាល្បីៗប្រចាំឆ្នាំ ២០១៦ ៖ តើនរណាជាកំពូលតារាសិចស៊ី តារាសម្បូររឿង តារាបែកបាក់គូ...?
តារាសិចស៊ីបើកចំហ
បើនិយាយពីខាងសម្ញែងសម្រស់ប្រាណ តារាស្រីមកពីទឹកដីខេត្ត ព្រះវិហារ កញ្ញា ដេននី ក្វាន់ បានគ្រងពានសិចស៊ីឆ្នាំមុនម្ដងហើយ។ តែដោយសារស្រីស្រស់សាច់ខ្ចីល្វក់រូបនេះនៅតែហ៊ានរំលេច រូបថតគ្រងឈុតខោអាវទ្រនាប់កំប៉ិតឡិតក្នុងទំព័រហ្វេសប៊ុក របស់ នាង ដែលមានប្រិយមិត្តតាមដានជិត ៣០ ម៉ឺននាក់ ទាំងក្រសួងធ្លាប់ហៅទៅធ្វើការណែនាំរួចហើយនោះ ទើបនាងនៅតែស័ក្ដិសមនឹងទទួលពានសិចស៊ីឆ្នាំ ២០១៦ ម្ដងទៀត។
កំពូលតារាចម្រៀងមិនច្រៀងបទចម្លងពីបរទេស
«ដាច់ខាតខ្ញុំមិនច្រៀងបទចម្លងវិញទេ ព្រោះសព្វថ្ងៃខ្ញុំមានឈ្មោះថាតារាមិនច្រៀងបទចម្លងហើយ បើខ្ញុំត្រឡប់ទៅច្រៀងវិញ ខ្ញុំមានអារម្មណ៍ថាខ្មាសគេ ក៏ដូចជាខ្មាសខ្លួនឯង ណាមួយខ្ញុំជឿជាក់សមត្ថភាពខ្លួនឯងថា ខ្ញុំអាចធ្វើបាន»។ នេះជាសម្ដីប្ដេជ្ញារបស់ម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» កញ្ញា មាស សុខសោភា ដែលគ្រាន់តែវីដេអូ Teaser របស់បទនេះទទួលបានចំនួនទស្សនាដល់ទៅ ១,៥ លានដង។
តារាបែកបាក់ស្វាមី
ឆ្នាំនេះមានតារាបីគូ ដែលការបែកបាក់របស់ពួកគេធ្វើឲ្យផ្អើលពិភពសិល្បៈ។ នោះគឺតារាចម្រៀងហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបែកពីស្វាមីអាណិកជនអាមេរិកស្ងាត់ៗ និងកំពុងលេចដំណឹងផ្ដើមស្នេហ៍នឹងលោក ឆឹម សក្កដា។ មួយគូទៀតគឺ ប្ដីប្រពន្ធអ្នកនាង សុខ សោម៉ាវត្តី និងកូនប្រុសអតីតស្នងការរាជធានី ភ្នំពេញ រួមទាំងប្ដីប្រពន្ធមានតែ អេតាស៊ីវិលរំលងពិធីប្រពៃណី ប្រឆាំងមេបាលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស។ ពីរគូនេះរងនូវចំហាយព័ត៌មានបែកបាក់ស្វាមីភាយចេញយ៉ាងងំ ទើបសាមីខ្លួនទម្លាយការពិតក្រោយពីការព្យាយាមបិទបាំង នៅតែពុំជិត។ ដោយឡែកមួយគូចុងក្រោយគឺ លោក ប៉ែន ចំរ៉ុង ដែលបានដាក់ពាក្យលែងលះអ្នកនាង ភិន សុដាលីស ទាំងនាងកំពុងពពោះកូនស្រីនោះ ជាការបែកបាក់ពោរពេញដោយព្យុះព័ត៌មានហែកហួរយ៉ាងកក្រើកតែម្ដង៕
តារារងការឈឺចាប់បំផុត
ថ្វីដ្បិតតែ កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញរូបសម្រស់ខ្ចីល្វក់ឡើងវិញជាសះពីរបួសស្នាមត្រូវអតីតសង្សារវាយដំ តែនាងនៅតែទទួលស្គាល់ថា ការឈឺចាប់ និងអារម្មណ៍ភ័យខ្លាចបន្តតាមលងនាងជាប់ជានិច្ច។ រីឯតារាចម្រៀងស្រី សុខ ចិន្តា ហៅ វ៉ាន់ នីឡា នាងក៏អះអាងថា កំពុងរស់នៅក្នុងជីវិតរងការគំរាមផងដែរ។ ករណីប្រើហិង្សាពីសំណាក់ប្អូនថ្លៃឧកញ៉ាដ៏ល្បីត្រូវជាសង្សារមកលើកញ្ញា ពេជ្រ អាវីហ្សា និងការចែកចាយរូបអាក្រាតរបស់កញ្ញា វ៉ាន់ នីឡា ដោយមានអតីតសង្សារជាកូនមន្ត្រីធំជាចុងចោទ មកទល់ពេលនេះនៅពុំទាន់បានឃើញពន្លឺផ្លូវច្បាប់នៅឡើយទេ។
តារាចម្រៀងគ្មានតម្រុយស្នេហា
មកទល់ពេលនោះ ជីវិតស្នេហារបស់កំពូលតារាចម្រៀងពីរដួងក្រោមទ្រនំតែមួយគឺកញ្ញា ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា នៅតែជាអាថ៌កំបាំង។ កញ្ញា ឱក សុគន្ធកញ្ញា តែងត្រូវបានគេផ្គូផ្គងជាមួយលោក ឆន សុវណ្ណរាជ ដែលមហាជនសុទ្ធតែដឹងថា ជាទំនាក់ទំនងបានត្រឹមតែរូបថត។ រីឯតារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា ក៏មិនដែលទម្លាយពីរឿងឯកជនរបស់នាងទាល់តែសោះដែរ។
តារាមហាជនចង់ឃើញមុខជាងគេ
រួមរឹតដោយពាក្យចចាមអារ៉ាមធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរព្រោះជំងឺប្រតិកម្មស្បែក កញ្ញា ខេមរៈ ស្រីពៅ គឺជា តារាចម្រៀងដែលអ្នកគាំទ្រអន្ទះសាចង់ឃើញឡើងឆាកជាងគេ។ កញ្ញា ខេមរៈ ស្រីពៅ ក្រៅពីតម្រុយបង្ហោះតែរូបថតចាស់ៗក្នុងហ្វេសប៊ុក ជាមួយពាក្យសន្យាថានឹកអ្នកគាំទ្រ នាងបែរជាធ្វើឲ្យមហាជនខកបំណងឃើញមុខនាងម្ដងហើយម្ដងទៀត។ បងប្រុសរបស់នាងគឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់បានបកស្រាយថា នាងនឹងវិលមកកាន់ពិភពសិល្បៈវិញពេលដែលនាងជាពីជំងឺក្រពះពោះវៀន។
តារាសិចស៊ីលឹបល
ដោយឡែក តារាសម្ដែង និងម៉ូដែល ឆ្វាក់ស្នេហ៍កន្លង់បរទេស កញ្ញា ទឹម រដ្ឋា បានបង្ហោះរូបថតក្នុងឈុតហែលទឹក និងពិសេសឈុតខោអាវក្នុង ថតសែលហ្វីយ៉ាងក្លាហាន មិនចាញ់តារាហូលីវូតឡើយ។ ដូច្នេះហើយស្រីស្រស់ដែលកំពុងបង្កាត់ភ្លើងស្នេហ៍នឹងបុរសអាមេរិករូបនេះ ក៏ត្រូវបានមហាជនក្នុងបណ្ដាញអ៊ីនស្តាក្រាមភ្ញាក់ផ្អើលនឹងរូបភាពសិចស៊ីរបស់នាងជាញឹកញាប់ដែរ តែនេះជាលក្ខណៈមិនសូវបើកចំហជាសាធារណៈ។
តារាចម្រៀងសំណព្វចិត្តយុវវ័យ
ជាមួយការតុបតែងខ្លួនដ៏គួរឲ្យស្រឡាញ់ តារាចម្រៀងសាច់សខ្ចីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ទៅណាមកណាតែងតែមានយុវវ័យ និងក្មេងៗដង្ហែគ្នាតាមថតរូប និងជូនអំណោយអនុស្សាវរីយ៍។ តារាចម្រៀងសំនៀងស្រទន់បែបម្ញែក កញ្ញា សុខ ពិសី ក៏ពេញនិយមត្រូវបានក្មេងៗយកបទនាងទៅច្រៀង និងរៀនធ្វើត្រាប់តាមផងដែរ។
តារាឈឺឆ្អាលរឿងគេ
មិនមានអ្នកណាអាចដណ្ដើមពានខាង «ឈឺឆ្អាល» រឿងអ្នកដទៃដូចតារាសម្ដែងអ្នកមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា អតីតភរិយាលោក យុត្ថារ៉ា ឆានី ឡើយ។ អំឡុងឆ្នាំ ២០១៦ តារាស្រីកំពុងផ្អែមល្ហែមនឹងស្នេហ៍ថ្មីជាមួយអ្នកជំនួញពោះម៉ាយកូនមួយ វ័យស្របាលគ្នារូបនេះ បានលូកដៃក្នុងរឿងអយុត្តិធម៌មកលើមិត្តរួមអាជីព ជួយយកអាសាកីឡាករ និងទុរគតជនក៏ដូចជាបញ្ចេញមតិ និងសកម្មភាពទ្រទ្រង់វិស័យ សិល្បៈផងដែរ។ ជាមួយការបង្កើតសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ជួយសង្គម អ្នកនាងបានលូកដៃក្នុងរឿងអយុត្តិធម៌មកលើតារាៗថែមទៀតផង។
តារាសម្ដែងសំណព្វចិត្តយុវវ័យ
ក្នុងចំណោមតារាសម្ដែងដែលទទួលបានការគាំទ្រពីយុវវ័យមានរាជិនីក្រមា មាន សូនីតា តារាបបូរមាត់សិចស៊ី ម៉ាក់ សែន សូនីតា និងតារារាងតូចច្រឡឹងកញ្ញា ឌុច លីដា។ យ៉ាងណាមិញ ម៉ាក់ សែនសូនីតា ត្រូវបានគេសម្គាល់ថាមួយរយៈចុងក្រោយ ប្រជាប្រិយភាពនាងលេចធ្លោខ្លាំងទាំងការសម្ដែងភាពយន្ត និងថតស្ប៉តពាណិជ្ជកម្ម។ រូបភាពរបស់នាងទាំងក្នុងឈុតសិចស៊ី និងគួរឲ្យស្រឡាញ់បានអន្ទងចិត្តយុវវ័យឲ្យសរសើរនាងយ៉ាងខ្លាំង៕