កំណត់ត្រាNews ៖ អាថ៌កំបាំងសម្ពាយលុយខ្មែរក្រហម ៧កោដិដុល្លារ ស្ថិតនៅក្នុងទីងងឹត ?
នៅឆ្នាំចុងក្រោយ របបខ្មែរក្រហម (ដែលស្ថិតនៅក្នុងព្រៃចន្លោះឆ្នាំ១៩៧៩-១៩៩៦) ដែលក្រុមនេះមិនត្រឹមតែប្រកាសខ្លួន ថាមិនចូលរដ្ឋាភិបាលចំរុះដូចភាគី២ ទៀតហ្វុន ស៊ិនបិុច និងគណបក្សលោកតាសឺន សាន នោះទេពួកគេធ្លាប់ប្រកាស ថានឹងតស៊ូប្រដាប់អាវុធក្នុងព្រៃទៀតផង ។ គេនៅចាំបានថាកាលណោះ(ដើមសតវត្សទី៩០)ខ្មែរក្រហម ដែលថែមទាំងពង្រឹងកំលាំងទ័ពនិង ហិរិញ្ញវត្ថុតាមរយ:ការកាប់ព្រៃឈើនិងជីកត្បូងលក់ឲ្យពួកឈ្នួញថៃ ដែលធ្វើឲ្យពួកគេធ្វើសង្គ្រាមជាមួយ រដ្ឋាភិបាលរបស់កម្ពុជា ។
យោងតាមកំណត់ត្រាការរាយការណ៏របស់មន្ត្រីយោធាភូមិភាគរដ្ឋាភិបាល តំបន់ដែលធ្លាប់ គ្រប់គ្រងដោយខ្មែរក្រហមគឺពួកគេកាប់ឈើនិង លក់ត្បូងឲ្យឈ្នួញថៃ យ៉ាងហោចណាស់ ៧កោដិដុល្លារ (៧០លានដុល្លារ) ។ របាយការណ៏ក្នុងសារព័ត៌មាននោះក៏បានលើកផងដែរថា ក្នុង១ឆ្នាំខ្មែរក្រហមរកចំណូលបាន១ កោដិដុល្លារ ហើយថែមទាំងមានប្រាក់តំកល់នៅក្រៅប្រទេសចំនួនប្រមាណ៤កោដិដុល្លារផងដែរ ។
ទឹកប្រាក់ដ៏សម្បើមរបស់ខ្មែរក្រហមកាលនោះ ក៏ត្រូវបានកាសែតជប៉ុនមួយឈ្មោះ OSA ក៏បានរាយការណ៏នៅឆ្នាំ១៩៩២ ដូចគ្នានឹងសេចក្តីរាយការណ៏នេះផងដែរ។ ហើយនៅអំឡុងឆ្នាំ១៩៩២ នេះដែរគេចាំបានថាពួកអតីតចារកម្ម យោធារដ្ឋ កម្ពុជាក៏បានធ្វើរបាយការណ៏អំពីចំនួនទឹកប្រាក់របស់ខ្មែរក្រហមដ៏ច្រើនសម្បើមនេះ ដើម្បីធ្វើការប្រជុំផ្សព្វផ្សាយ ដល់ស្ថាប័នសំខាន់មួយចំនួន ដើម្បីរកវិធីទប់ទល់ជាមួយខ្មែរក្រហមនេះ។ ក្រុមនេះ បានធ្វើការវាយតម្លៃថា នៅក្នុង ចំណោមចំណូលទាំងអស់នៃប្រទេសក្នុងតំបន់ គឺមានតែខ្មែរក្រហមទេ ដែលអាចរកចំណូលបានខ្ពស់ជាងគេបំផុត គឺក្នុងមួយឆ្នាំជាងមួយកោដិដុល្លារ។ ពួកគេវាយតម្លៃថា នៅពេលដែលខ្មែរ ក្រហមមិនចូលរួមចរចាសន្តិភាពនៅទីក្រុងប៉ារីសឆ្នាំ១៩៩២ក៏ដោយ ក៏ខ្មែរក្រហមអាចមានលុយនេះបន្តសង្គ្រាមរបស់ ខ្លួនបានរាប់ឆ្នាំបន្តទៀតដែរ។ គេបានពិនិត្យឃើញថា ដោយសារមានបញ្ហានេះ ខ្មែរក្រហមនៅមានគំនិតរឹងត្អឹង ជាទីបំផុត ទាំងការចរចានិងការធ្វើសកម្មភាពយោធា។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងគំរោងយោធាធំៗ ដើម្បីបន្ត សង្គ្រាម ខ្មែរក្រហមមិនមានឃើញទិញអាវុធទំនើបៗបន្ថែមទៀតក្នុងពេលនោះឡើយ។ ការវាយប្រហារក្នុងទ្រង់ទ្រាយធំ គឺមានតិចតួចបំផុតពិសេសគឺនៅអំឡុងឆ្នាំ១៩៩៤ គឺក្នុងពេលដែលតាម៉ុកមេយោធាដ៏រឹងត្អឹងបំផុតរបស់ខ្មែរក្រហម បាន ពិការជើងហើយចាញ់សង្គ្រាមនៅប៉ៃលិនតែម្តងគត់។ ប៉ុន្តែការកាន់កាប់របស់ទាហានរដ្ឋាភិបាលក្រុងភ្នំពេញ កាន់កាប់ បានតែមួយរយ:ខ្លី ប៉ុណ្ណោះដោយសារតែពួកឈ្នះហែកហួរដណ្តើមទ្រព្យសម្បតិ្តនិងការជីកត្បូង និងការទទួលកម្មសិទ្ធិជ័យភណ្ឌមិនស្មើគ្មា។
ប៉ុន្តែក្នុងជួរខ្មែរក្រហម ក្នុងពេលនោះក៏មានអំពើបែកបាក់ផ្ទៃក្នុងដ៏ស្រួចស្រាវខ្លាំងក្លាបំផុតដែរ។ ក្រុមម្ខាងគឺក្រុមរឺងត្អឹង តាម៉ុក ប៉ុល ពត នួន ជា និងម្ខាងទៀតគឺ អៀង សារី ដែលប៉ុនប៉ងក្បត់បក្សខ្មែរក្រហម ហើយមក រស់នៅក្នុងរាជរដ្ឋាភិបាល។ ប៉ុន្តែបញ្ហាដ៏សំខាន់ជាងនេះទៀតនោះ គេមិនអាចបោះបង់ ស.គឹមល្មុត រដ្ឋមន្ត្រីទទួល បន្ទុកផ្គត់ផ្គង់ និងដឹកជញ្ជូនរបស់ខ្មែរក្រហមដែលមានតួនាទីក្នុងការគ្រប់គ្រងលុយនោះ ឲ្យស្ថិតនៅខាងតាម៉ុកបានទេ ។ តាមសេចក្តីរាយការណ៏ខ្លះបានលើកឡើងថា នៅក្នុងចំណោមខ្មែរក្រហមទាំងអស់ មានតែស.គឹមល្មុតទេ បានត្រូវអៀង សារី ដោះខ្លួនឲ្យមកចូលក្នុងទីក្រុងភ្នំពេញជាមួយនឹងរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន មុនគេ គឺមុនការចូលធ្វើសមាហរណកម្មរបស់ក្រុងប៉ៃលិនពីឆ្នាំ ១៩៩៦ទៅទៀត។ ពួកគេចោទប្រកាន់ថា ការធ្វើបែបនេះ មិនមែនចង់ រក្សាអភ័យឯកសិទ្ធិឲ្យ ស.គឹមល្មុតទេ គឺការពិតចង់រំដោះសំពាយលុយចេញពី តាម៉ុក ប៉ុល ពត ព្រោះប្រសិនបើ របបខ្មែរ ក្រហមរលំរលាយទៅមានតែឈ្មោះ ស.គឹមល្មុតទេដែលអាចយកលុយពីធនាគារបាន ។
មន្ត្រីអតីតខ្មែរក្រហមនិយាយថា ពេលនោះវិទ្យុខ្មែរក្រហមបានជេរថ្កោលទោស ស.គឹមល្មុត យ៉ាងខ្លាំង ហើយនិយាយថា ស.គឹមល្មុតនឹងត្រូវបានគេធ្វើឃាត ដោយសារតែគាត់បាត់ខ្លួននៅក្នុងទីក្រុងភ្នំពេញ។
ប៉ុន្តែការពិត លោក ស.គឹមល្មុត នៅមានជីវិតរស់នៅ ហើយលើកព័ត៌មានមិនផ្លូវការឬដោយចចាម អារ៉ាមថា គឺគាត់បានក្លាយជាមហាសេដ្ឋីនៃភាគហ៊ុនធនាគារឈ្មោះដែលសុំមិនបញ្ចេញឈ្មោះ ដែលមានទីតាំង នៅទីក្រុងភ្នំពេញ និងទីក្រុងប៉ៃលិន។ ហើយគាត់បានក្លាយទៅជាមនុស្សស្និទ្ធស្នាលមួយ ជាមួយនឹងគណ:បក្សប្រជាជន ដូចអតីតមេដឹកនាំខ្មែរក្រហមដទៃទៀតដែរ។
គេនៅចាំបានថាកាលណោះ លោក អ៊ី ឈាន អភិបាល និង លោក អៀង វុធ អភិបាលរងទីក្រុងប៉ៃលិន បានធ្វើការឆ្លើយតបថា លុយខ្មែរក្រហមឬ លុយអ្វីនៅក្នុងពេលដែលខ្មែរក្រហមនៅក្នុងព្រៃនោះ ខ្ញុំពុំអាចដឹងបានទេ។លោក អ៊ី ឈាន ធ្លាប់ឆ្លើយប្រាប់សារព័ត៌មានក្នុងស្រុក កាលនោះថាខ្ញុំមានឋាន:តូចតាច ខ្ញុំពុំត្រូវបានគេឲ្យដឹងរឿងបែបនេះឡើយ។
លោក ស.គឹមល្មុត ដែលបានទទួលតំណែងជារដ្ឋមន្ត្រីផ្គត់ផ្គង់ដឹកជញ្ជូន ដែលមាន ខៀវ សំផន ជានាយករដ្ឋមន្ត្រី ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧៩ កន្លងមកនោះបានមានប្រសាសន៏ប្រាប់ ដោយធ្វើការបដិសេធជាលើកដំបូងថា រឿងនេះមិនអាចមានលុយច្រើនបែបនេះឡើយ។
ប៉ុន្តែនៅក្នុងការឆ្លើយជាបន្តបន្ទាប់មកទៀត លោកបានធ្វើការបដិសេធទាំងស្រុងថា ខ្ញុំពុំបានដឹងអ្វីទាំងអស់ក្នុងរឿងនេះឡើយ។ខ្ញុំត្រូវបានចាកចេញពីរបបខ្មែរក្រហមនេះមុនគេទាំងអស់ គឺចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ នៅពេលដែលរាជរដ្ឋាភិបាលសម្រេចដាក់ខ្មែរក្រហមឲ្យស្ថិតនៅក្រៅច្បាប់ជាឧទ្ទាម។ ទាក់ទិនទៅដល់ការឆ្លើយនឹងសំណួរថា តើមូលហេតុអ្វីដែលលោកត្រូវចាកចេញ ហើយលោកចាកចេញបែបណាបានពីរបបខ្មែរក្រហមនៅក្នុងព្រៃនោះ ? លោកស.គឹមល្មុតធ្លាប់មានប្រសាសន៏ថា ខ្ញុំព្យាយាមឲ្យមានសិទ្ធិចេញចូលបាននៅតាមព្រំដែនថៃ ហើយពេលនោះមនុស្សរបស់រាជរដ្ឋាភិបាលជាអ្នកទទួលខ្ញុំមកកាន់ទីក្រុងភ្នំពេញផងដែរ។ លោកបានសារភាពថា ក្រោយខ្ញុំចេញពីខ្មែរក្រហម ខ្ញុំពុំបានស្តាប់វិទ្យុខ្មែរក្រហមជេរខ្ញុំទេ តែខ្ញុំឮតែមនុស្សនៅក្រសួងមហាផ្ទៃបានប្រាប់ខ្ញុំ។
លោក ស.គឹមល្មុត បានមានប្រសាសន៏បន្ថែមថា លោកប្រហែលជាបានដឹងច្បាស់ហើយការដាក់តំណែងក្នុងរបបខ្មែរក្រហម គឺមានតែឈ្មោះទេ រឿងលុយកាក់ឬរឿងសម្ងាត់ៗគេមិនឲ្យយើងដឹងឡើយ គឺដឹងតែប៉ុល ពត និងមនុស្ស២-៣នាក់ខាងលើតែប៉ុណ្ណោះ។ចំណែកខ្ញុំពុំមែនជាសមាជិកគណ:កម្មាធិការ មជ្ឈិមឡើយ គឺគ្រាន់តែជាអ្នកបច្ចេកទេស គេប្រើឲ្យធ្វើអ្វីគឺធ្វើហ្នឹងតែប៉ុណ្ណោះ។ លោកមានប្រសាសន៏បន្ថែមថា បើរឿងនេះលោកមិនជឿ គួរតែទៅសួរទៅលោក ខៀវ សំផន និងអៀង សារី ទៅមើលថា តើបញ្ជីស្នាមហិរិញ្ញវត្ថុទាំងនេះស្ថិតនៅក្នុងដៃខ្ញុំឬទេ ? លោក ស.គឹមល្មុតធ្លាប់មានប្រសាសន៏ធ្ងន់ៗថា ទោះ បីលោកយកកាំបិតមកអារបំពង់កខ្ញុំទៅទៀត ក៏ខ្ញុំពុំដឹងឆ្លើយថាយ៉ាងណាដែរ។ រឿងនេះកាលពីខ្ញុំទើបចូលក្នុងរាជរដ្ឋាភិបាលពីដំបូង ក៏មានគេសូរខ្ញុំបែបនេះដែរ។
លោកស.គឹមល្មុត បានធ្វើការបដិសេធថាឥឡូវនេះគ្មានភាគហ៊ុនណាមួយដូចដែលគេសង្ស័យថា មាននៅក្នុងធនាគារមួយឡើយ។ ខ្ញុំគ្រាន់តែជាបុគ្គលិក (ខ្លះរាយការណ៏ថាជាទីប្រឹក្សា) ស៊ីប្រាក់បៀវត្សរ៏របស់ធនាគារមួយនេះតែប៉ុណ្ណោះ។ សូមលោកកុំរំលឹករឿងចាស់ ខ្ញុំបានដកខ្លួនពីការងារនយោបាយ និងពីរាជការទាំងស្រុងហើយ ខ្ញុំចង់រស់នៅស្ងៀមស្ងាត់។
លោក ស.គឹមល្មុតមានប្រសាសន៏បន្ថែមថាបញ្ហាដែលខ្ញុំចូលធ្វើការនៅទីនេះបាន ដោយសារតែលោកនាយក បានស្គាល់ខ្ញុំធ្លាប់ធ្វើកិច្ចការធនាគារពីមុន (មុនឆ្នាំ ១៩៧៥ ស.គឹម ល្មុតជាអតីតមន្ត្រីធនាគារឥណទានជាតិ) ។
បន្ទាប់ពីអង្គការនយោបាយនិងកម្លាំងប្រដាប់អាវុធខ្មែរក្រហមបានដួលរំលំផុតទៅ និងការចូលរួមក្នុងសមាហរណកម្មគេមិនដឹងថាហិរិញ្ញវត្ថុ ដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្មែរក្រហមរកបាន ពីការបំផ្លិចបំផ្លាញលក់សម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណាទេ ?
ចំណែកឯតាម៉ុកកាលដែលពុំទាន់ស្លាប់ហើយនៅរស់នៅក្នុងមន្ទីរឃុំឃាំងបាននិយាយប្រាប់គេថា ខ្ញុំពុំមានប្រាក់អ្វីណាបន្តិចសោះ ឡើយ។ ប្រការដែលគួរឲ្យឆ្ងល់ថែមទៀតគឺសូម្បីប្រពន្ធខ្មោចប៉ុលពត ក៏ឆ្លើយបដិសេធ ទាំងអស់ ។អ្នកស្រី ខៀវ ប៉ុណ្ណារី និងសាច់ញាតិបង្កើតប៉ុល ពត មានប្រសាសន៏ប្រាប់អ្នកព័ត៌មានទស្សនាវដ្តីក្នុងស្រុកពីមុនថា គ្រប់គ្នាថាប៉ុល ពត មានលុយច្រើនសម្បើមណាស់ ។ ប៉ុន្តែការពិតគាត់គ្មានបន្សល់កេរមរតកអ្វីបន្តិចសោះឡើយសូម្បីតែសំរាប់ក្រុមគ្រួសារក៏ទទេដែរ ដូច្នេះ រឿងហិរញ្ញវត្ថុ ឬ សម្ពាយលុយនៃរបបខ្មែរក្រហមដែលធ្លាប់ទទួលជំនួយពីបរទេស ពិសេសពីចិន និង របាយការណ៏ពីអតីតកងទ័ពរដ្ឋកម្ពុជាដែលលើកថា ខ្មែរក្រហមមានប្រាក់ច្រើនសម្បើមពីការកាប់ឈើនិងលក់ត្បូងឲ្យថៃ ដើម្បីព្យាយាមធ្វើសង្គ្រាមយូរអង្វែងនោះ ពេលរបបនេះត្រូវបានបញ្ចប់គឺពុំមានរបាយការណ៏ណាថា ប្រាក់ទាំងនេះ នៅទីណា គឺស្ថិតនៅជាអាថ៌កំបាំងរហូតមកដល់ពេលនេះ។
ឬក៏របាយការណ៏ទាំងនេះ គ្រាន់តែជាការបំប៉ោងឡើងដោយពួកខ្មែរក្រហម ដើម្បីឃោសនាចិត្តសាស្ត្រលើកទឹកចិត្តកងទ័ព និងសំឡុតដល់ដៃគូសង្គ្រាមឬយ៉ាងណា ឬក៏ជាការពិតស្ថិតនៅក្នុងកណ្តាប់ដៃយ៉ាងសម្ងាត់របស់ក្រុមណាក៏គ្មានអ្នកណាដឹងដែរ ?
ដោយ៖ ណូរ៉ា