កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានឈ្នះខ្សែក្រវាត់ពីស្ថាប័នកីឡាបាល់ពិភពលោក (WBO) ជាលើកទី៣ ក្រោយពីបានយកឈ្នះលើកីឡាករអាមេរិក Jesse Vargas ដោយពិន្ទុជាឯកច្ឆន្ទ ក្នុងការវិលត្រឡប់ទៅប្រកួតវិញរបស់គេកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅកម្ពុជា)។
Pacquiao វ័យ ៣៧ ឆ្នាំ ដែលបានចូលនិវត្តន៍កាលពីរយៈពេល ៧ ខែមុននោះ បានវាយឲ្យ Vargas វ័យ ២៧ ឆ្នាំ ដួលនៅក្នុងទឹកទី ២ ក្នុងដំណើរឆ្ពោះទៅកាន់ការឈ្នះខ្សែក្រវាត់នៅលើសង្វៀន Thomas & Mack Center ក្នុងទីក្រុង Las Vegas។
ចៅក្រមទាំង ៣ បានផ្តល់ពិន្ទុឈ្នះជាឯកច្ឆន្ទទៅឲ្យ Pacquiao ដោយចៅក្រមពីរនាក់បានផ្តល់ពិន្ទុ ១១៨-១០៩ ដូចគ្នា ហើយចៅក្រមទី៣បានផ្តល់ពិន្ទុឈ្នះ ១១៤-១១៣ ដល់តារាប្រដាល់ហ្វីលីពីនរូបនេះ។
Pacquiao បានឈ្នះខ្សែក្រវាត់ WBO ជាលើកទី ១ កាលពីឆ្នាំ ២០១០ នៅពេលនោះរូបគេបានផ្តួលកីឡាករ Miguel Cotto។ រូបគេបានបាត់បង់ក្រវាត់នេះរយៈពេល ២ ឆ្នាំក្រោយមក ក្រោមស្នាដៃកីឡាករ Timothy Bradley បន្ទាប់មក ដណ្តើមបានត្រឡប់មកវិញក្នុងការប្រកួតសងសឹកជាមួយ Bradley កាលពីឆ្នាំ ២០១៤។
Pacquiao បានបាត់បង់ខ្សែក្រវាត់នេះម្តងទៀត ដោយសារតែចាញ់កីឡាករ Floyd Mayweather កាលពីឆ្នាំមុន៕ AFP/IS