តូច រំលឹក
ការអានសៀវភៅ ជាការបង្កើនចំណេះដឹង និងជាការស្វែងយល់នូវអ្វីថ្មីៗបន្ថែមទៀត ប៉ុន្តែ បើអ្នកជួបបញ្ហាក្នុងការអានសៀវភៅ ដូចជាអានហើយមិនចាំ គួរពិនិត្យនូវចំណុចសំខាន់ៗ ដូចខាងក្រោម ៖
ទីកន្លែង ៖ គួរជ្រើសបន្ទប់ដែលមានខ្យល់ចេញចូល ស្រឡះល្អ មានពន្លឺគ្រប់គ្រាន់ និងមិនមែនជាផ្លូវចេញចូលឆ្លងកាត់របស់មនុស្សម្នាច្រើននាក់ពេក ជាបន្ទប់មានភាព ស្ងប់ស្ងាត់ល្អ គ្មានអ្វីរំខាន រួមទាំងតុ និងកៅអី ក៏ត្រូវបង្កលក្ខណៈងាយស្រួល ក្នុងការក្រោកឈរ ឬអង្គុយ នឹងជួយឱ្យមិនសូវតានតឹង និងមានសមាធិក្នុងការអានច្រើនជាងមុន។ ពេលវេលា ៖ មុនចូលគេង ក្នុងអំឡុងពេលពីម៉ោង ៨-១០យប់ ឬពេលព្រឹកព្រលឹម ពីម៉ោង ៥:៣០-៧:០០ព្រឹក ជាពេលវេលាដែលរាងកាយបានសម្រាកពេញលេញ ហើយរាងកាយមិនសូវអស់កម្លាំង អារម្មណ៍មិនសូវរវើរវាយ សមស្រប ចំពោះការអានសៀវភៅ នឹងធ្វើឱ្យងាយចងចាំ ខ្លឹមសារបានល្អ។ សម្រាក ខ្សែភ្នែកជារយៈៗ ៖ ជារៀងរាល់ ៣០-៥០នាទី គួរសម្រាកខ្សែភ្នែក ដោយការ សម្លឹងទៅឆ្ងាយ ឬសម្លឹងស្លឹកឈើពណ៌បៃតង ប្រមាណ៣-៥នាទី ឬប្រើក្រណាត់ជ្រលក់ទឹកសើមតិចៗ ស្អំភ្នែក ប្រមាណ២-៣នាទី នឹងជួយសម្រួលសាច់ដុំភ្នែក និងធ្វើឱ្យចរន្តឈាម មកចិញ្ចឹមកែវភ្នែកបានល្អ ជួយបន្ថយភាពងងុយ និង បន្ថយការរួយភ្នែក។ ទីតាំង សៀវភៅគួរស្ថិតនៅរយៈចម្ងាយ ៣០សង់ទីម៉ែត្រ ៖ ធ្វើឱ្យងាយស្រួលអាន និងជួយសម្រួលដល់សាច់ដុំភ្នែក។ ម្យ៉ាងទៀត មិនគួរគេង អានសៀវភៅ ព្រោះធ្វើឱ្យងាយទន់ភ្នែក និងអាចធ្វើឱ្យ ងាយលង់លក់ដោយមិនដឹងខ្លួន។ នៅពេលរាងកាយ និងចិត្ត ត្រៀមលក្ខណៈ បានល្អ បរិយាកាសក៏បង្កលក្ខណៈងាយស្រួល ធ្វើឱ្យការអានសៀវភៅ ទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនោះ ត្រូវព្យាយាម និងមានវិន័យក្នុងការ អានសៀវភៅ រំឭកមេរៀន ឬស្វែងយល់អ្វីផ្សេងៗ ដើម្បីសន្សំចំណេះដឹងទុក
តូច រំលឹក
តូច រំលឹក