ឡៅ ចន្រ្ទា អាចត្រូវបានចាត់ទុកថា អ្នកប្រដាល់ដែលទទួលបានជោគជ័យមួយរូប បន្ទាប់ពីរូបគេឈ្នះការប្រកួតជាបន្តបន្ទាប់ក្នុងនោះឈ្នះការប្រកួតលើជើងខ្លាំងរៀមច្បងក្នុងស្រុកជាច្រើន និងបានផ្តួលកីឡាករបរទេសជាច្រើននាក់មកហើយ។
ឡៅ ចន្ទ្រា (ខៀវ) ប្រកួតផ្តាច់ព្រ័ត្រខ្សែក្រវាត់លើកទី១ ឈ្នះ សុខ សុវណ្ណ (ក្រហម)
ក្នុងអាជីពប្រដាល់របស់ ឡៅ ចន្ទ្រា មានចំណុចពិសេសខ្លះៗដែលអ្នកស្នេហាប្រដាល់ក្បាច់គុនបុរាណខ្មែរមួយចំនួនប្រហែលជាមិនបានចាប់អារម្មណ៍។ ប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាតឲ្យដឹងថា រូបគេបានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់២លើកមកហើយគឺឈ្នះខ្សែក្រវាត់ទាំង២លើកតែម្តង។ ទីមួយរូបគេឈ្នះខ្សែក្រវាត់នៅសង្វៀន CTN និងខ្សែក្រវាត់ទី២រូបគេឈ្នះនៅសង្វៀន PNN។
អ្វីដែលពិសេសទៀតនោះ រាល់ការប្រកួតទាំងអស់នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទាំងពីរលើកកន្លងមក ឡៅ ចន្ទ្រាមិនធ្លាប់បរាជ័យម្តងណាឡើយក្នុងនោះការប្រកួតវគ្គសន្សំពិន្ទុ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រគឺឈ្នះទាំងអស់។ នេះហើយជាកំណត់ត្រារបស់គេ។
បច្ចុប្បន្ន ឡៅ ចន្ទ្រា កំពុងចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនបាយ័នដែលនេះជាការប្រកួតលើកទី៣ហើយ។ ២ប្រកួតកន្លងមកក្នុងការប្រកួតខ្សែក្រវាត់នេះ រូបគេបានផ្តួលជើងខ្លាំងរៀមច្បង ផល សោភ័ណ្ឌ និង ផ្តួលកីឡាករមកពីថៃ។ ចាំមើល អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះរក្សាភាពមិនដែលចាញ់ទៀតទេក្នុងការប្រកួតដណ្តើមខ្សែក្រវាត់?
តាមការសាងស្នាដៃ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេស ឡៅ ចន្ទ្រាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអតីតអ្នកប្រដាល់ល្បីៗដូចជា អេ ភូថង, ជ័យ កុសល, ឡុង សុវណ្ណឌឿន, ព្រំ សំណាងជាដើម៕
អត្ថបទ៖ នួន ស៊ីណា