ក្រុមហ៊ុនទូរស័ព្ទចល័តធំៗពីរ ចាប់ផ្តើមវាយលុកទីផ្សារ 4G LTE
ខណៈពេលដែលចំនួនអ្នកប្រើប្រាស់ទិន្នន័យទូរស័ព្ទចល័តកាន់តែច្រើន ហើយចំនួនទូរស័ព្ទនៅតំបន់ជនបទកាន់តែកើនឡើង ក្រុមហ៊ុនប្រព័ន្ធទូរគមនាគមន៍យក្សនៅប្រទេសកម្ពុជាកំពុងតែវិនិយោគយ៉ាងខ្លាំងទៅលើការបង្កើនគុណភាពនៃសេវាកម្មនៅក្នុងប្រទេសនេះ ដើម្បីទទួលបានបច្ចេកវិទ្យាចុងក្រោយបង្អស់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទិន្នន័យ បើទោះជាអាចនឹងមានការចំណាយដើមទុនខ្ពស់ក៏ដោយ។
បើទោះជាទីតាំងប្រមូលផ្តុំជំនួញ និងពាណិជ្ជកម្ម ដូចជាទីក្រុងភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង បានទទួលការគ្របដណ្តប់ 4G LTE ដែលអាចទុកចិត្តបានយូរណាស់ក៏ដោយ តំបន់ដាច់ស្រយាលជាច្រើននៅតែខ្វះខាតសេវាកម្មដែលមានគុណភាព និងមានការគ្របដណ្តប់ដែលមិនច្បាស់លាស់។
ក្រុមហ៊ុន Cellcard របស់ Royal Group បានប្រកាសកាលពីដើមខែនេះថា ក្រុមហ៊ុននឹងពង្រីកសេវាកម្ម 4G LTE ពេញផ្ទៃប្រទេសនៅឆ្នាំក្រោយជាមួយនឹងទុនវិនិយោគចំនួន២០០លានដុល្លារ។
លោក Ian Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard បានបញ្ជាក់ថា បើទោះជាក្រុមហ៊ុនបានចំណាយរយៈពេលយូរក្នុងការដំឡើងប្រព័ន្ធ 4G LTE ពេញផ្ទៃប្រទេសក៏ដោយ ប៉ុន្តែនេះគឺជាជម្រើសចេតនា ហើយក្រុមហ៊ុនសម្រេចចិត្តរង់ចាំតែហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានរៀបចំរួចរាល់ហើយ ទើបបង្កើនសមត្ថភាពរបស់បណ្តាញ។
«យើងមានចេតនាក្នុងការពន្យារ ពេលបញ្ចេញនូវប្រព័ន្ធ 4G LTE ព្រោះយើងចង់ឲ្យមានការពង្រីកនៃបណ្តាញទិន្នន័យដែលច្បាស់លាស់»។ នេះបើតាមប្រសាសន៍របស់លោក Watson។ ហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានជួយដោយក្រុមហ៊ុនរងរបស់ Cellcard គឺក្រុមហ៊ុន Ezecom ដែលនឹងបើកសម្ពោធខ្សែកាបនាវាមុជទឹកដំបូងគេនៅត្រីមាសទី១ នៃឆ្នាំក្រោយនេះ។
លោកបានឲ្យដឹងថា ៖ «ហេតុនេះហើយនៅរយៈពេល៦ខែដំបូងនៃឆ្នាំក្រោយ យើងនឹងបញ្ចេញបណ្តាញទិន្នន័យដែលធំជាងគេនៅប្រទេសកម្ពុជា។ វានឹងក្លាយទៅជាប្រព័ន្ធដែលគ្របដណ្តប់បានច្រើនជាងគេ ក្នុងល្បឿនលឿនជាងគេ»។
ការពង្រីកនេះនឹងបន្ថែមគេហទំព័រទិន្នន័យចំនួន១២០បន្ថែមទៅលើគេហទំព័រទិន្នន័យ២៥០០ ដែលមានស្រាប់ និងអភិវឌ្ឍបណ្តាញ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានតម្លៃខ្ពស់។
លោកបានឲ្យដឹងថា ៖ «ឧបករណ៍សម្រាប់គេហទំព័របណ្តាញមួយមានតម្លៃពី៥ម៉ឺនទៅ៨ម៉ឺនដុល្លារ។ ប៉ុន្តែជាសំណាងល្អ ដោយយើងមានបណ្តាញស្រាប់ យើងគ្រាន់តែធ្វើទំនើបកម្មឲ្យវាដល់កម្រិតតែប៉ុណ្ណោះ»។
បើទោះជាលោក Watson មិនមានមន្ទិលថា វានឹងឈានមុខគេក្នុងផ្នែកគុណភាពនៃប្រព័ន្ធគ្របដណ្តប់ 4G LTE ពេញផ្ទៃប្រទេសក៏ដោយ លោកក៏បានច្រានចោលពីកង្វល់នៃរយៈពេលដែលនឹងទទួលបានផលចំណេញពីការវិនិយោគនេះ។
លោកបាននិយាយថា ៖ «យើងមិនវាស់វែងក្រុមហ៊ុនតាមផលចំណេញត្រឡប់ពីការវិនិយោគនោះទេ ព្រោះការពង្រីក គឺជាការចាំបាច់ក្នុងការប្រជែងនៅក្នុងទីផ្សារទូរគមនាគមន៍ដែលមានភាគប្រកួតប្រជែងនេះ»។
លោក Thomas Hundt នាយកប្រតិបត្តិ Smart Axiata ជាក្រុមហ៊ុនដែលមានចំនួនអតិថិជនច្រើនជាង Cellcard ដល់ទៅ ៣ដង បើយោងទៅតាមរបាយការណ៍របស់រដ្ឋាភិបាល។ លោកបានថ្លែងថា ផ្នែកខាងបច្ចេកវិទ្យានៃការបញ្ចេញបណ្តាញ 4G LTE ពេញផ្ទៃប្រទេសមានលក្ខណៈសាំញ៉ាំ ហើយគួរតែត្រូវបានគ្រប់គ្រងឲ្យបានម៉ត់ចត់។
លោកបន្តថា៖ «បើនិយាយខាងបច្ចេកវិទ្យាការដំឡើងបណ្តាញ 4G LTE នឹងផ្លាស់ប្តូរប្រព័ន្ធបណ្តាញ»។ វាគ្រាន់តែដំឡើងគេហទំព័រទិន្នន័យបន្ថែមមិនមែនត្រឹមតែជាផលលំបាកតែមួយនោះទេ។
លោកបាននិយាយថា ៖ «បញ្ហាធំដែលធ្វើឲ្យការគ្របដណ្តប់មានកម្រិតនោះ គឺកង្វះវិសាលគមដែលត្រឹមត្រូវ ជាពិសេសវិសាលគម៧០០MHz ដែលនៅតែត្រូវបានគេរៀបចំឲ្យអ្នកផ្សព្ធផ្សាយទូរទស្សន៍»។
លោកបានបន្តថា ៖ «រដ្ឋាភិបាល ក៏ដូចជាកូនហ៊ុនទាំងអស់ ដូចជាប៉ុស្តិ៍ទូរទស្សន៍ ត្រូវរៀបជាគម្រោងផ្លាស់ប្តូរទីតាំង យ៉ាងហោចណាស់យ៉ាងឆាប់ គឺត្រូវបានគេរំពឹងទុកនៅឆ្នាំ២០១៨ ឬអាចយូរជាងនេះ»។
ទោះជាយ៉ាងណាក៏ដោយលោកនៅមានមន្ទិលនឹងអំណះអំណាងរបស់ Cellcard ដែលជឿជាក់ថា ខ្លួននឹងយកឈ្នះទីផ្សារក្នុងផ្នែកគុណភាព។
«Smart នឹងមិនបញ្ចប់បញ្ចេញបណ្តាញ 4G LTE នោះទេ។ យើងនឹងបន្តបន្ថែមវា។ ជាង៥៥ភាគរយនៃស្ថានីយរបស់ Smart គឺមានបំពាក់ 4G LTE»។ លោកបានបន្តថា បណ្តាញគ្របដណ្តប់របស់ក្រុមហ៊ុន គឺធំជាងដៃគូប្រកួត «ជាច្រើនដង»។
នៅពេលបច្ចុប្បន្ននេះ Smart មានអង់តែនចំនួន២១០០ ដែលមួយចំនួនប្រើប្រាស់បច្ចេកវិទ្យាដែលបូករួមបញ្ចូល spectrum band ហើយអាចផ្តល់ល្បឿនដល់ទៅ ២០០megabytes ក្នុងមួយវិនាទី។
«យើងមិនខ្លាចការប្រកួតប្រជែងទេ»។ នេះបើតាមការអះអាងរបស់លោក Hundt។ «ការប្រកួតប្រជែងជារឿងល្អហើយវាល្អសម្រាប់អតិថិជនដែលយើងខិតខំធ្វើការបម្រើ ប៉ុន្តែវាក៏ល្អសម្រាប់យើងដែលជាក្រុមហ៊ុនដែរ ព្រោះការប្រកួតប្រជែងគឺជាកត្តាជំរុញសំខាន់មួយដែលធ្វើឲ្យយើងអភិវឌ្ឍកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ»។
លោកបានបន្ថែមទៀតថា បើទោះជាក្រុមហ៊ុនមិនមានគម្រោងប្រកាសពីចំនួនវិនិយោគធំដែលអាច ឬមិនអាចទៅរួច «ដូចគូប្រកួតនៅក្នុងទីផ្សារមួយចំនួន» ក៏ដោយ ក្រុមហ៊ុននឹងបន្តគម្រោងវិនិយោគដែលមានស្ថិរភាពមួយ។
«ឆ្នាំនេះ យើងបានវិនិយោគចំនួន៧៥លានដុល្លារ ហើយឆ្នាំមុន គឺច្រើនជាង ៧០លានដុល្លារ ឯឆ្នាំក្រោយនឹងវិនិយោគជិត៨០លានដុល្លារ»។ នេះបើ តាមការបញ្ជាក់របស់លោក Hundt។ «យើងនឹងបន្តបង្កើតសេវាកម្មថ្មីៗ សម្រាប់អតិថិជនរបស់យើងបន្ថែមទៀត»៕