ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”
កំពុងកាន់ចង្កូតរថយន្តទំនើបម៉ាក Mercedes បណ្តើរ ដៃរបស់បុរសឈ្មោះ ហ៊ុន បញ្ញាបុត្រ ត្រូវជាចៅបង្កើតរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សប្រជាជនកម្ពុជា ជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា "ត្រូវជាចៅជីដូនមួយរបស់បុរសខ្លាំង" បានកាន់ក្រដាសប្រាក់ដុល្លារអាមេរិកជាច្រើនសន្លឹក លាតត្រដាងឲ្យប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook បានឃើញបណ្តើរ ដោយទំនងជាចង់បង្ហាញ ឬសម្ញែងអំពីភាពហ៊ឺហារបស់ខ្លួន "ទាំងឡាន ទាំងលុយ" តែម្តង ។

ក្រៅពីបង្ហាញ ឬសម្ញែងនូវភាពហ៊ឺហាខាងសម្ភារៈ និងទ្រព្យសម្បត្តិលុយកាក់នោះ បុរសឈ្មោះ ហ៊ុន បញ្ញាបុត្រ ហៅពេជ្រ បាន Post ឲ្យដឹងនូវក្របខ័ណ្ឌការងាររបស់ខ្លួនក្នុងកងយោធពលខេមរភូមិន្ទ ដោយពាក់ស័ក្តិ២ទាំងវ័យក្មេងល្ហក់ទៀតផង ។


បុរសឈ្មោះ ហ៊ុន បញ្ញាបុត្រ (Hun Panhaboth) ដែលមានភ័ព្វសំណាងទទួលបានការសិក្សារៀនសូត្រនៅឯបរទេសនោះ គឺជាកូនប្រុសរបស់លោកស្រី ហ៊ុន ចាន់ធូ ត្រូវជាកូនស្រីបង្កើតរបស់ឯកឧត្តម ហ៊ុន ណេង ។ លោកស្រី ហ៊ុន ចាន់ធូ ត្រូវបានគេស្គាល់ថា ជាពាណិជ្ជករកាន់កាប់ក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុន China (Cambodia) Joint Investment Consulting Limited. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០១០ ចំនួន៨.០០០លានរៀល(ប្រមាណជិត២លានដុល្លារអាមេរិក) ដោយកាន់តំណែងជាអភិបាលក្រុមហ៊ុន ៕


