តារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez ទ្រាំមិនបាននៅពេលឃើញអតីតមិត្តប្រុសរបស់ខ្លួនមានស្នេហាពិតប្រាកដជាមួយស្រីថ្មី។
រឿងរ៉ាវតារាចម្រៀងសម្បូររឿងអាស្រូវ Justin Bieber មានមិត្តស្រីច្រើនវាបានក្លាយជារឿងធម្មតាទៅហើយ។ យ៉ាងណាក៏ដោយ លើកនេះតារាចម្រៀងកើតឆ្នាំ១៩៩៤ ហាក់មានភាពប្រាកដប្រជានឹងតារាម៉ូដែលជើងថ្មី Sofia Richie ខ្លាំងដោយពួកគេបានស្អិតល្មួតនឹងគ្នារាប់សប្ដាហ៍មកហើយ។ហើយរឿងនេះបានធ្វើ ឲ្យតារាចម្រៀង Selena Gomez រងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។
យោងតាមការរាយការណ៍ថ្មីបំផុតរបស់ទស្សនាវដ្ដី Star Magazine មិត្តភ័ក្ដិមួយរូបរបស់តារាចម្រៀងជួរមុខ Selena Gomez បានឲ្យដឹងថា តារាស្រីរូបនេះបាក់ទឹកចិត្តខ្លាំងនៅពេល Justin Bieber អតីតមិត្តប្រុសរបស់ខ្លួនមានស្នេហាជាមួយស្រីថ្មី។ តាមនោះដែរ ម្ចាស់បទ “Love You Like A Love Song” បានយំឡើងរីងទឹកភ្នែកដោយសាររឿងខាងលើ។
“Justin ចិត្តដាច់ពេក ដែលធ្វើឲ្យ Selena ដឹងថាគេពិតជាដាច់ចិត្តពីនាងមែនទែនហើយ” ប្រភពខាងលើបង្ហើប។ ជាមួយគ្នានេះដែរ តារាវ័យ២៣ឆ្នាំ ក៏ដឹងដែរថា មនោសញ្ចេតនារវាងម្ចាស់បទ “Sorry” និងកូនស្រីរបស់តារាចម្រៀង Lionel Richie គឺចេញមកពីចិត្តពិតមែន។
“Selena ឮថា Sofia គឺជាស្រីទី១ដែល Justin ដាក់ចិត្តដាក់កាយលើក្រោយបែកគ្នានឹងនាង។ នាងបានយំមិនឈប់ឈរ។ តារាវ័យ២៣ឆ្នាំនេះ លែងចង់សម្ដែងហើយថែមមិនចង់ងើបចេញពីគ្រែទៀតផង”។ ជាមួយគ្នានេះដែរ តារាប្រុសវ័យ២២ឆ្នាំ ទើបតែបានត្រលប់ពីប្រទេសអង់គ្លេសវិញដើម្បីអបអរខួបលើកទី១៨របស់មិត្តស្រីថ្មីរបស់ខ្លួន៕
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ibtimes