ជើងខ្លាំងជំនាញទាត់របស់កម្ពុជា មឿន សុខហុច បានរងរបួសនៅលើផ្ទៃមុខ ដែលដេរមុខរបួសចំនួន ១០ថ្នេរត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីឈ្នះខ្សែក្រវាត់ប្រាក់ពី Max Muay Thai ប៉ុន្តែបើគិតមកដល់ពេលនេះទើបតែទទួលបានជំនួយទឹកប្រាក់ចំនួន ៥០០ដុល្លារប៉ុណ្ណោះ ខណៈប្រាក់រង្វាន់ចំនួន២០ម៉ឺនបាននៅសល់ប្រហែលជា១២ម៉ឺនបាត បន្ទាប់ពីចំណាយផ្សេងៗ។
សិស្សគុនខ្មែររបស់ក្លឹបពុធសេរីវង្សព្រែកតាទែនរូបនេះបានឲ្យដឹងថា ជំនួយដែលឧកញ៉ា ស្រី ចាន់ថន ថាផ្ដល់ឲ្យ១ពាន់ដុល្លារអាមេរិកនោះ មិនទាន់បាននៅឡើយ ហើយពេលនេះរូបគេទទួលជំនួយពីប្រជាពលរដ្ឋ និងក្រុមហ៊ុនមួយចំនួន ព្រមទាំងសហព័ន្ធកីឡាប្រដាល់ ដែលមានទឹកប្រាក់សរុបចំនួន៥០០ដុល្លារអាមេរិក។ ជ័យជម្នះនាប្រកួតផ្ដាច់ព្រ័ត្រជាមួយកីឡាស៊ុយអែត រូបគេមានរបួសនៅលើមុខដែលដេរអស់ ១០ថ្នេរ ប៉ុន្តែមិនមានបញ្ហាអ្វីជាដុំកំភួនទេ។
ម្ចាស់ខ្សែក្រវាត់ប្រាក់ Max Muay Thai ប្រភេទទម្ងន់ ៦៥គីឡូក្រាម រូបនេះបន្តថា ចំណែកប្រាក់រង្វាន់ ២០ម៉ឺនបាត ដែលរូបគេប្រកួតបានពីកម្មវិធីត្រូវបានកាត់ភាគរយ និងចំណាយផ្សេងៗអស់ប្រមាណ៨ម៉ឺនបាតដែលមានន័យថា សល់ប្រាក់រង្វាន់តែ១២ម៉ឺនបាតប៉ុណ្ណោះ។ រូបគេ នឹងត្រូវទៅប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទមាស នាខែធ្នូឆ្នាំ២០១៦ ខាងមុខនេះ។
មឿន សុខហ៊ុច មិនធ្លាប់ចេញទៅប្រកួតកម្មវិធី Max Muay Thai នេះទេពីមុនមក ហើយនេះជាលើកទី១ផងដែរ ដែលកីឡាប្រដាល់កម្ពុជាចេញទៅប្រកួតនៅលើទឹកដីថៃ ហើយអាចដណ្ដើមបានខ្សែក្រវាត់ត្រឡប់មកស្រុកកំណើតវិញ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
រូបថត៖ Max Muay Thai&sabaynews
រូបថត៖ Max Muay Thai&sabaynews