
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន
ស្តាប់សំឡេង៖
សម្តេច ហ៊ុន សែន បានលើកទ្បើងថាអ្នកដែលរកស៊ីធំៗនៃការកាប់បំផ្លាញព្រៃឈើរកមិនឃើញ ប៉ុន្តែរកឃើញអ្នកដែលបានប្រព្រឹត្តិបទល្មើសព្រៃឈើតូចតាចទៅវិញ។ សម្តេច ហ៊ុន សែន ថាត្រូវរៀបចំប្រព័ន្ធជាក់លាក់ ជាពិសេសត្រូវមានការចូលរួមពីប្រជាពលរដ្ឋដើម្បីរាយការណ៍ពីព័ត៌មាននេះ។
សម្តេច ហ៊ុន សែន ថ្លែងបន្តថា ចំពោះអ្នកដែលបានផ្តល់ព័ត៌មានពីបញ្ហានេះវិញ ត្រូវមានការការពារពួកគេផងដែរដើម្បីឱ្យពួកគេអាចចូលរួមការពារព្រៃឈើបាន។
សូមស្តាប់ប្រសាសន៍សម្តេចហ៊ុន សែន៖ «យើងពិនិត្យមើលអញ្ចេះ យើងចាប់បានអ្នករមិះរម៉ក់ ប៉ុន្តែអាអ្នកធំពិតប្រាកដ អាអ្នករកស៊ីពិតប្រាកដ ដែលជាម្ចាស់ ម្ចាស់នៃមធ្យោបាយគឺមិនដែលរកឃើញ រកមិនឃើញតាម៉ង តើវានៅណាអញ្ចឹងខ្ញុំគិតថារឿងនេះត្រូវរៀបចំនូវប្រព័ន្ធព័ត៌មានជាក់លាក់នៃការស្រាវជ្រាវជាពិសេស ការចូលរួមរបស់ប្រជាពលរដ្ឋ ហើយដែលក្នុងនោះយើងក៏ត្រូវមានវិធីដើម្បី ការពារនូវអ្នកដែលផ្តល់ព័ត៌មានឱ្យយើងផងដែរតួនាទីនេះឯកឧត្តម សៅ សុខា ត្រូវបន្តទៅទៀតយុទ្ធនាការនេះមិនអាចកាត់បន្ថយទេ ចៅស្រីបានលើកទ្បើងអំពីការរឹតបន្តឹងយន្តការថ្ងៃនេះ ជាយន្តការរឹតបន្តឹង នឹងដោះស្រាយបញ្ហា»។
ទាក់ទងនឹងបញ្ហានេះដែរ បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលបាននិមន្តចូលរួមពិធីដែរ មានសង្ឃដីការជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ព្រះតេជគុណសាទរទៅនឹងប្រសាសន៍សម្តេច ហ៊ុន សែន ដែលប្តេជ្ញាបន្តការពារព្រៃឈើ ប៉ុន្តែព្រះតេជគុណ មិនទាន់មានជំនឿចិត្ត ១០០ភាគរយ ថាប្រសាសន៍របស់សម្តេច ហ៊ុន សែន មានប្រសិទ្ធភាពនៅទ្បើយនោះទេ។
ព្រះអង្គមិនទាន់មានជំនឿចិត្តគឺដោយសារការសន្យារបស់នាយករដ្ឋមន្ត្រីមិនមែនជាលើកទី០១នោះទេ គឺមានច្រើនលើកមកហើយ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ៖ «កាលដែលប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីថ្ងៃនេះគឺខុសពីថ្ងៃមុនៗ ខុសពីសពដងរឿងសន្យា រឿងការពារព្រៃអីហ្នឹងគាត់ធ្វើការសន្យាហ្នឹងវាច្រើនដងហើយក៏ប៉ុន្តែថ្ងៃនេះវាខុសប្លែកត្រង់ថា គាត់ហ៊ានទទួលគាត់ថាជានាយករដ្ឋមន្ត្រីល្ងង់ ដែលគាត់ហ៊ានទទួលខ្លួនគាត់ថាជាអ្នកសម្រេចចិត្តខុស ហើយគាត់មានវិប្បដិសារីការធ្វើដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន កែទម្រង់ដីធ្លីយឺតយ៉ាវ នឹងជាវិប្បដិសារីរបស់គាត់ ការដឹកនាំប្រទេសវិញបើកាលណាដឹងខ្លួនខុសហើយ ងាកមកធ្វើការត្រឹមត្រូវសហការស្រលាញ់ប្រជាពលរដ្ឋ ត្រូវហើយការដឹកនាំមានប្រយោជន៍ ប៉ុន្តែអាត្មានៅមិនទាន់មានសុទិដ្ឋិនិយម ១០០ ភាគរយថាការប្តេជ្ញាចិត្តនេះទៅជាលទ្ធផលយ៉ាងណានោះទេ »។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាបន្ថែមទៀតដើម្បីឱ្យការប្តេជ្ញាចិត្តនេះមានប្រសិទ្ធភាពនោះលុះត្រាតែរើសមនុស្សដែលមានឆន្ទៈស្រលាញ់ព្រៃឈើពិតប្រាកដ និងត្រូវមានការចូលរួមពីអង្គការសង្គស៊ីវិល។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ៖ «មានប្រសិទ្ធភាពរើសមនុស្សដែលស្រាលាញ់ មានឆន្ទះពិតប្រាកដ អាត្មាគិតថាឃើញនាយករដ្ឋមន្ត្រីប្តេជ្ញាចិត្តថ្ងៃនេះ មួយ គឺថាផ្តល់សិទ្ធិមួយផ្នែក គឺសិទ្ធិការចូលរួមឱ្យប្រជាពលរដ្ឋសហគមន៍ សង្គមស៊ីវិល ចូលរួមបានពេញលេញលើកផែនការរៀងរាល់៣ខែក្រសួងសាមី មាន៦ក្រសួង ក្រសួងរ៉ែថាមពល ក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្មអីហ្នឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីជជែកដូច្នេះកាលណាយើងជួបគ្នាញ៉យៗ វាហ្នឹងអាចធ្វើការថ្លឹងថ្លែងពីការងារដែលយើងកំពង់ធ្វើ »។
នេះជាលើកដំបូងក្នុងរយៈពេល ជាច្រើនទសវត្សដែល ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានបើកឱ្យមានវេទិកា ជាមួយ សកម្មជនព្រៃឈើ នៅកម្ពុជា ដើម្បីលើកឡើងពីទុក្ខកង្វល់ ពីការបាត់បង់ព្រៃ និងជំរុញឱ្យមានការរក្សាការពារព្រៃ បន្តទៀត ។
ការបើកវេទិកានេះ ក៏កើតឡើងជួនពេល មានការព្រួយបារម្ភថា ព្រៃឈើនៅកម្ពុជា នៅសល់ ជិត៣០ភាគរយប៉ុណ្ណោះ។ តែក្នុងវេទិកានេះ សម្ដេច នាយករដ្ឋមន្ត្រីសង្ឃឺមថា រយៈ១០ឆ្នាំទៀត ព្រៃឈើនៅកម្ពុជា នឹងសំបូរឡើងវិញ៕
ប្រភព.http://wmc.org.kh/archives/24763