ដោយ លោក ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦
រដ្ឋាភិបាលកម្ពុជាបានតម្លើងពន្ធរថយន្តទ្វេរដង និងតម្លៃសេវាកម្មខ្លះទៀតក៏ឡើងជិតពាក់កណ្តាល បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មិនខ្វល់នឹងការគំរាមផ្តាច់ជំនួយពីប្រទេសលោកខាងលិច ដោយសារតែមានលក្ខខណ្ឌសិទ្ធិមនុស្ស។
តម្លៃសំបុត្រចូលទស្សនាអង្គរសម្រាប់ភ្ញៀវបរទេស ត្រូវរដ្ឋាភិបាលប្រកាសថា ចាប់ពីខែកុម្ភៈឆ្នាំ២០១៧ទៅ តម្លៃសំបុត្រដែលធ្លាប់លក់ ២០ដុល្លារ នឹងតម្លើងដល់៣៧ដុល្លារ សម្រាប់ទស្សនាមួយថ្ងៃ។
៤០ដុល្លារ នឹងតម្លើង៦២ដុល្លារ សម្រាប់៣ថ្ងៃ ចំណែករយៈ១សប្តាហ៍វិញនឹង តម្លើងពី៦០ ដុល្លារ ទៅ៧២ដុល្លារ ។
ចំណែកការបង់ពន្ធប្រចាំឆ្នាំ លើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវវិញ នៅឆ្នាំ២០១៦នេះ សម្រាប់រថយន្ត៣តោន ដល់១០តោនត្រូវឡើងពី២៥ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ខណៈរថយន្តលើសពី២០តោន ត្រូវបង់២លានរៀល ដែលឆ្នាំ២០១៥បង់តែ៧៥ម៉ឺនរៀល។
ការប្រកាសតម្លើងពន្ធនេះ គឺស្របពេលដែលសភាអឺរ៉ុបកាលពីខែមិថុនាឆ្នាំ២០១៦ បានអនុម័តលើសេចក្តីសម្រេច ជំរុញឱ្យគណៈកម្មការអឺរ៉ុប បង្កកជំនួយជាទឹកប្រាក់ប្រមាណ៤៦៥លានដុល្លារ ដែលបានសន្យាផ្តល់ដល់កម្ពុជារហូតដល់ឆ្នាំ២០២០ ដោយសហភាពអឺរុបថា បើកម្ពុជាមិនធ្វើឲ្យប្រើឡើងពី ស្ថានភាពសិទ្ធិមនុស្ស។
ក្រោយមកសហរដ្ឋអាមេរិកសហរដ្ឋអាមេរិក ក៏បានស្នើឲ្យព្រឹទ្ធសភា របស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជា ចំនួន៧៧,៨លានដុល្លារ ដោយអាមេរិកថា បើរដ្ឋាបាលខ្មែរនៅតែមិនបញ្ឈប់ប្រើហិង្សាទៅលើអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។
ក្រៅពីប្រតិកម្មថាមិនខ្វល់ពីការគំរាមផ្តាច់ជំនួនពីប្រទេសលោក ខាងលិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតម្លើងប្រាក់ខែដល់មន្ត្រីរាជការឲ្យបាន១លានរៀលនៅឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោត។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថា ការតម្លើងពន្ធនៅពេលនេះលោកថា រដ្ឋាភិបាលចង់តម្លើងប្រាក់ខែមន្ត្រីរាជការឲ្យបាន១លានរៀល សម្រាប់ទាញយកសំឡេងឆ្នោតផង និងអាចត្រៀមទប់ទល់នឹងការផ្តាច់ជំនួយពីបរទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផងដែរ។
លោក មាន នី បន្តថា បើពិនិត្យទៅលើការប្រមូលថវិកាជាតិ រដ្ឋាភិបាលប្រមូលបានតែ៧០ភាគរយទេ នៅ៣០ភាគទៀត រដ្ឋាភិបាលត្រូវខ្ចីឬរកជំនួយពីបរទេសបន្ថែម។ប៉ុន្តែលោកថាការចង់តម្លើងប្រាក់ខែមន្ត្រីរាជការឲ្យបាន១លានរៀល រដ្ឋត្រូវចំណាយជាង៥០០លានដុល្លារបន្ថែមលោកថវិកាជាតិ ជាង៤ពាន់លានដុល្លារ ដែលរដ្ឋាភិបាលគ្រោងចាយឆ្នាំ២០១៦នេះ ។
លោកបណ្ឌិត មាស នី វិភាគថា បើទោះបីពេលនេះមហាអំណាចចិន បានសន្យាជួយ៦០០លានដុល្លារក៏ដោយ តែលោកថា កម្ពុជាមិនអាចខ្វះជំនួយដែលមានលក្ខខណ្ឌសិទ្ធិមនុស្សនេះបានទេ។
លោកវិភាគទៀតថា បើរដ្ឋាភិបាលគិតតែតម្លើងពន្ធ ហើយភ្លេចគិតទប់ស្កាត់អំពើពុករលួយនោះ លោកថា រដ្ឋាភិបាលរិតតែប្រឈមជាមួយពលរដ្ឋជាងពេលមុនៗ។
លោកថា៖«បើកាលណាយើងតម្លើងប្រាក់សម្រាប់ទេសចរណ៍ហ្នឹងខ្ពស់ ប៉ុន្តែប្រទេសយើងល្បីខាងពុករលួយ អញ្ជាងពួកទេសចរណ៍ខ្លះវាជាសវាងដែរ វាថាបើវាចង់មក១ខែ វាមកតែពីរបីថ្ងៃ វាគ្រាន់តែមកឃើញកំពូល ឃើញអង្គរអីហ្នឹង វាទៅវិញហើយ វាអត់ចង់យកលុយមកបោះចោលនៅក្នុងសង្គមមួយ ដែលពោពេញដោយអំពើពុករលួយទេ»។
លោក មាស នី ឲ្យដឹងដែរថា កន្លងទៅកម្ពុជាមិនអាចប្រកួតប្រជែងក្នុងការនាំអង្ករទៅលក់នៅក្រៅប្រទេសបាន ដោយសាតែការដឹកជញ្ជូនក្នុងស្រុកមានតម្លៃថ្លៃជាងប្រទេសជិតខាង។
អ្នកស្រាវជ្រាវរូបនោះ វិភាគទៀតថា ការតម្លើងថ្លៃពន្ធមួយទ្វេជាពីរនេះ នឹងជំរុញឲ្យម្ចាស់រថយន្ត បន្តតម្លើងថ្លៃដឹកជញ្ជូន លោកថាផលប៉ះពាល់គឺពលរដ្ឋក្រីក្រដែលប្រើសេវាបន្ត។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មុនគេបាញ់សម្លាប់ បានប្រាប់VOD កាលពីថ្ងៃទី៤ខែកក្កដាថា រដ្ឋាភិបាលអាចនឹងទៅអោបជើងចិន ងាកចេញពីប្រជាធិបតេយ្យ ព្រោះតែជំនួយដែលមានលក្ខខណ្ឌសិទ្ធិមនុស្ស ពីអាមេរិក និងសហភាពអឺរុប ដោយលោកថា រដ្ឋាភិបាលរត់លែងរួចពីយន្តការណ៍ប្រជាធិបតេយ្យ។
លោកថា៖«ហើយអ្នកដែលនៅក្រោមចិននឹង មិនដែលល្អទេ ពីស្ថានភាពពលរដ្ឋ ស្ថានភាពសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្សអីធ្ងន់ធ្ង ។អញ្ចឹងកាលណាមានការផ្តាច់ជំនួយអីផ្សេងៗ ការទូតបីសាចនឹងចូលមកហើយ ចូលមកជំនួស ធ្វើឲ្យពង្រឹកអាអំណាចប្រមូលផ្តុំហើយ ប៉ុន្តែជនរងគ្រោះហ្នឹងវានៅ »។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើទោះបីរដ្ឋាភិបាលបានតម្លើងពន្ធនៅពេលនេះក៏ដោយ លោកវិភាគថា រដ្ឋាភិបាលមិនអាចទៅអោបជើងមហាអំណាចចិន ហើយដកខ្លួនលែងទទួលជំនួយពីប្រទេសលោកខាងលិចដែលភ្ជាប់នឹងលក្ខខណ្ឌសិទ្ធិមនុស្សបានទេ ដោយលោកវិភាគថា ជំនួយរបស់សហភាពអឺរុប និងសហរដ្ឋអាមេរិកបានពង្រឹកទៅលើអភិបាលកិច្ច សុខភាព និងអប់រំ ដែលលោកថា រដ្ឋាភិបាលខ្លួនឯងមិនទាន់ធ្វើបាន។
លោកថា៖«អ្វីដែលខ្ញុំចង់ឃើញកម្ពុជានឹង គឺយើងត្រូវមានយន្តការនៃការប្រមូលពន្ធ យន្តការនៃការកាត់បន្ថយ ឬប្រឆាំងអំពើពុករលួយ ឲ្យបានពិតប្រាកដ ហើយយើងក៏ត្រូវទទួលជំនួយពីបរទេសផងដែរ ដើម្បីយកមកបង្ក្រប់ ហើយធ្វើយ៉ាងណាឲ្យចរន្តសេដ្ឋកិច្ចរបស់កម្ពុជាហ្នឹងមានតំណើការជានិរន្តនោះបាទ»។
អ្នកវិភាគ អះអាងប្រហាក់ប្រហែលគ្នាថា បើរដ្ឋាភិបាល បោះបង់ប្រទេសលោកខាងលិច ហើយរត់ទៅអោបជើងមហាអំណាចចិននោះ ពួកគេថា កម្ពុជាអាចនឹងវិលទៅរករបបផ្តាច់ការ ដូចរបបខ្មែរក្រហម ដែលកាប់សម្លាប់ខ្មែរគ្នាឯងអស់ជាង២លាននាក់។
-------------
ប្រភព.http://vodhotnews.com/2016/08/18/govnt-increase-the-tax-local-it-can-be-the-new-strategy/
-------------
ប្រភព.http://vodhotnews.com/2016/08/18/govnt-increase-the-tax-local-it-can-be-the-new-strategy/