តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ស្ថិតក្នុងការរងចាំការសាកសួរ នៅឯក្រសួងមហាផ្ទៃ។ (រូបថតហ្វេសប៊ុក)
- ដោយ: ដារា រិទ្ធ
- April 13, 2016
ទិដ្ឋភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា បានត្រឡប់វិលវល់ ទៅជាន់ដានចាស់ដដែលៗ ហាក់ដូចជាចង្វាក់រាំ«សារ៉ាវ៉ាន់» ដែលគេត្រូវរាំ «បីទៅមុខ រួចបីទៅក្រោយ» និងកាលបើរាំយូរៗទៅ មិនឃើញចេញទៅណា ឃើញតែខ្ទេច ឬខូងដី ដែលអ្នករាំជាន់ពីលើប៉ុណ្ណោះ។ ជាពិសេស នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនេះ ការចាប់ចងឃុំខ្លួន ទៅលើក្រុមអ្នកប្រឆាំង រួមទាំងអ្នកតំណាងរាស្ត្រផង បានកើតឡើងយ៉ាងសម្បើមដៃ ពីសំណាក់អាជ្ញាធរ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយ៉ាងចាស់វស្សា តាំងពីជាង៣០ឆ្នាំមកហើយ។
សំនួរចោទឡើងថា ហេតុអ្វីក៏គណបក្សមួយនេះ អនុវត្តនយោបាយចាប់ចង ជៀសជាងការជជែកតតាំង តាមផ្លូវគំនិត ឬតាមរយៈគោលនយោបាយ? អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានឆ្លើយឡើងថា មូលហេតុបណ្ដាល មកពីគណបក្សប្រជាជនកម្ពុជា «ខ្លាចចាញ់» ក្នុងការបោះឆ្នោត នាពេលខាងមុខ។
ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ លោក កែម ឡី បានលើកឡើងថា នៅក្នុងឆាកនយោបាយ របស់គណបក្សកាន់អំណាច ដែលបានឈ្នះក្នុងពេលកន្លងមក មិនមែនបានឈ្នះ ដោយសារការប្រកួតប្រជែងគំនិត ឬការប្រកួតប្រជែង គោលនយោបាយនោះទេ។ តែគណបក្សប្រជាជនកម្ពុជា បានឈ្នះ និងបានកាន់អំណាចរហូត មកដល់សព្វថ្ងៃ ដោយសារការ«វាយកម្ទេច»គូប្រកួតរបស់ខ្លួន។
លោក កែម ឡី បានលើកយកករណីចាញ់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ១៩៩៣ មកធ្វើជាឧទាហរណ៍ថា ប្រសិនជាទុកឲ្យគណបក្សហ្វុនស៊ីនប៉ិច ឲ្យបោះឆ្នោតតាមសម្រួល នៅឆ្នាំ១៩៩៨បានទៀត នោះគឺគណបក្ស ដែលមានរូបសញ្ញា ទេវតាបាចផ្កាមួយនេះ នឹងមិនអាចយកជ័យជំនះពីលើ បានឡើយ។ លោកថ្លែងឡើងថា៖ «អញ្ចឹង គាត់ត្រូវតែកម្ទេច (គណបក្សហ្វុនស៊ីនប៉ិច) ចោល។ ដូចគ្នាណ្នឹងដែរ ក្នុងឆ្នាំ២០១៣នេះ បើសិនជាទុក (គណបក្ស) សង្គ្រោះជាតិ មានការបោះឆ្នោត រហូតដល់ឆ្នាំ២០១៧-២០១៨ គឺគណបក្សប្រជាជន មិនអាចឈ្នះបានទេ។ អញ្ចឹង គាត់រកវិធីសាស្ត្រកម្ទេច គណបក្សសង្គ្រោះជាតិទៅវិញ។»៕
--------------------------------http://monoroom.info/news/post/7015#qoiGso7ZbydSvc25.99