សិស្សានុសិស្សបឋមសិក្សាទឹកយង់ លើកដៃសំពះសុំអគារសាលារៀនថ្មីមកជំនួសអគារចាស់ទ្រុឌទ្រោម។ រូប សហការី
អគារបឋមសិក្សាទឹកយង់ដ៏ទ្រុឌទ្រោម ដង្ហោយរកជំនួយមកទល់ទ្រ
ត្បូងឃ្មុំ: ភ្ជាប់នូវប្រយោគដ៏មានន័យ «ស័ង្កសីមួយសន្លឹក ដែកគោលមួយដើមរបស់បងប្អូនអាចជួយកុមារក្រីក្រជាង ២០០ នាក់ឲ្យមានចំណេះដឹង មានអនាគតល្អ និងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃខាងមុខ» បន្ថែមរូបភាពអគារសាលាដ៏ទ្រុឌទ្រោម ជញ្ជាំងធ្លុះធ្លាយ កុមារាកុមារី ក្នុងឯកសណ្ឋានខោសំពត់ខ្មៅអាវស លើដៃសំពះ សូមក្តីសន្ដោសនូវទឹកចិត្តមនុស្សធម៌មកប្រែវាសនាពួកគេឆ្ពោះទៅរកអនាគត។
នៅក្នុងបណ្តាញសង្គមរបស់ម្ចាស់គណនីយហ្វេសប៊ុក ដែលធ្វើការផ្សព្វផ្សាយរកជំនួយ ជានារីវ័យក្មេង ឈ្មោះ វ៉ន វ៉ាន់ឌី បានបរិយាយថា៖ «កូនសិស្សជាច្រើននាក់នាំគ្នាឈរលើកដៃសំពះ ទាំងទឹកភ្នែករលីងរលោង ពីព្រោះខ្លាចបាត់បង់ការសិក្សា ដោយសារតែសាលារៀនរបស់ខ្លួន មិនអាចអង្គុយរៀនបន្តទៀតបាន។
សាលារៀននេះមានឈ្មោះថា សាលាបឋមសិក្សាទឹកយង់ គឺឋិតនៅក្នុងភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ»។
យុវតីខ្មែរ គំនិតផុសនឹងការងារមនុស្សធម៌ ដែលឆ្លៀតពេលទំនេរពីការងារចិញ្ចឹមជីវិត ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មិនដែលគិតថាទីឆ្ងាយជិត ចូលព្រៃលេចវាលឡើងភ្នំ កញ្ញា វ៉ន វ៉ាន់ឌី បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា៖ «សាលារៀននេះ គឺមានកូនសិស្សជាង ៥០០ នាក់ដែលកំពុងសិក្សារៀនសូត្រ ដោយមានសាលាចំនួន ៣ អគារ។ ក្នុងនោះគឺមានអគារមួយសង់ពីឈើ ដែលមានសភាពចាស់ទ្រុឌទ្រោមមិនអាចឲ្យកូនសិស្សជាង ២០០ នាក់បន្តអង្គុយរៀនទៀត»។
ដោយពោលថា ព្រោះតែវាអាចប្រឈមមុខនឹងការបាក់សង្កត់ កញ្ញា វ៉ន វ៉ាន់ឌី សារភាពថា រូបភាពសាលានេះ គឺនាងទទួលបានផ្ទាល់ពីលោកគ្រូអ្នកគ្រូបង្រៀន ដែលបានពឹងឲ្យជួយផ្សព្វផ្សាយរកជំនួយមកជួសជុល ដើម្បីសុវត្ថិភាពក្មេង។
ស្ថានភាពសិក្សាក្នុងអគារសាលាដែលត្រូវបានប្រដូចនឹងរោងគោ។ រូប សហការី
នាងបញ្ជាក់ថា៖ «រូបនោះបង្ហាញឲ្យឃើញនូវក្មេងៗជាច្រើននាំគ្នាឈរលើកដៃសំពះព្រោងព្រាត ព្រោះតែចង់បានសាលាដើម្បីរៀនសូត្របន្ត និងចង់ចៀសឲ្យផុតពីភាពអវិជ្ជា»។
ព្រមជាមួយការផ្សព្វផ្សាយល្បីពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីរូបភាពសាលាមួយអគារនៃសាលាបឋមសិក្សាទឹកយង់ គឺឋិតនៅក្នុងភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមើលទៅធ្លុះធ្លាយ ប្រៀបមិនស្មើនឹងរោងការនោះ ក៏មានប្រភពពីប្រជាពលរដ្ឋនៅជិតទីតាំងសាលានោះ បង្ហើបថា៖ «ពិតណាស់ អគារមួយនេះ វាទ្រុឌទ្រោម គួរឲ្យបារម្ភចំពោះសុវត្ថិភាពក្មេងៗអង្គុយសិក្សា។ ប៉ុន្តែមិនមែនមានតែអគារមួយហ្នឹងទេ ក៏មានពីរអគារទៀត ដែលមានសភាពល្អដែរ»។
ប្រភពនោះក៏បង្ហើបទាំងហួសចិត្តថា៖ «អគារទ្រុឌទ្រោមទាំងមានក្មេងៗអង្គុយរៀនរហង់រាល់ថ្ងៃ តែបែរជាមានឮព័ត៌មានថា ថ្នាក់គ្រប់គ្រងសាលានោះ តែងប្រាប់ព័ត៌មានថា នោះវាមិនមែនជាសាលារៀនទេ វាជាកន្លែងរោងបាយ និងរោងគោទេ»។
យ៉ាងណា កញ្ញា វ៉ន វ៉ាន់ឌី ដែលធ្វើការផ្សព្វផ្សាយរកជំនួយជួសជុលអគារដ៏ទ្រុឌទ្រោមនោះ ក៏ប្រាប់ដែរថា៖ «សាលានោះមានបីអគារ ដែលពីរអគារល្អៗទេ។ ប៉ុន្តែដោយសាលានោះ មានសិស្សរៀនច្រើន ពីរអគារនោះរៀនមិនគ្រប់ ឃើញមានក្មេងអង្គុយរៀនក្រោមសាលាទ្រុឌទ្រោមនោះខ្ញុំក៏ប្រកូកប្រកាសរកជំនួយទៅជួសជុលទៅ»។
យុវតីចិត្តធម៌ម្នាក់នោះ បញ្ជាក់ថា៖ «ពេលនេះ ក៏មានជំនួយខ្លះហើយ ហើយនៅតែថ្ងៃចុះទៅធ្វើវាទេ។ តែមិនទាន់កំណត់ថ្ងៃ។ សង្ឃឹមក្មេងនៅទីនោះនឹងបានសាលាល្អមួយទៀតដើម្បីសុវត្ថិភាពអង្គុយរៀន»៕