ក្រុមម្ចាស់ផ្ទះ Euro 2016 មាន់គកបារាំង នឹងធ្វើដំណើរទៅកីឡដ្ឋាន Amsterdam ArenA របស់ក្លឹប Ajax ដើម្បីប៉ះក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាវេលាម៉ោង០២:៤៥នាទីយប់នេះ។
ហូឡង់ គឺជាក្រុមដែលធ្លាប់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2014 ប៉ុន្តែបែរជាធ្លាក់ត្រឹមវគ្គជម្រុះ Euro 2016 និងមិនបានកៅអី ទៅលេងនៅបារាំងនឹងគេឡើយ។ រីឯបារាំង ជាក្រុមម្ចាស់ផ្ទះ Euro 2016 ដូច្នេះពួកគេ ជាប់ដោយស្វ័យប្រវត្តិ ប៉ុន្តែក៏ត្រូវការប្រកួតមិត្តភាព ទល់នឹងក្រុមខ្លាំងៗ ដើម្បីសមជើងទុកមុន។
អ្វីដែលគួរដឹងមុនប្រកួតយប់នេះ៖
– ហូឡង់ ប៉ះបារាំងយប់នេះ ពេលប្រកួតដល់នាទីទី១៤ នឹងផ្អាក១នាទី ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធវីរបុរសហូឡង់ Johan Cruyff បន្ទាប់ពីវីរបុរសក្លឹប FC Barcelona និង Ajax រូបនេះ ទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ដោយសារជំងឺមហារីក ហើយលោកតែងពាក់លេខ “១៤” ទើបត្រូវផ្អាកនៅនាទីទី១៤។
– មុនការប្រកួតក៏ត្រូវចំណាយពេល១នាទី គោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ៣៤នាក់ ដែលស្លាប់ដោយការបំផ្ទុះគ្រាប់បែកនៅទីក្រុង Brussels ប្រទេសបែលហ្សិក កាលពីថ្ងៃអង្គារផងដែរ។
– ម្ចាស់ផ្ទះហូឡង់ មានកីឡាករល្បីៗដូចជា Daley Blind (Manchester United), Wesley Sneijder (Galatasaray), Klaas-Jan Huntelaar (Schalke), Arjen Robben (Bayern Munich), Memphis Depay (Manchester United)…ប៉ុន្តែ Robin van Persie អតីតតារាឆ្នើមក្រុម Man Utd ពុំបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិទេ។
– ក្រុមភ្ញៀវបារាំង មានកីឡាករល្បីៗ និងកីឡាករកំពុងឡើងជើងដូចជា N’golo Kante (Leicester City), Dimitri Payet (West Ham), Anthony Martial (Manchester United), Mamadou Sakho (Liverpool), Antoine Griezmann (AT Madrid), Hugo Lloris (Spurs), Olivier Giroud (Arsenal), តារាឆ្នើមវ័យក្មេង Paul Pogba របស់ក្លឹប Juventus…៕
តើប្រិយមិត្តគិតថា ក្រុមណានឹងទទួលបានជ័យជម្នះយប់នេះ?
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail
ប្រភព៖ bbc | dailymail