ថ្ងៃ អាទិត្យ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៦ ម៉ោង ១៤:២៣
រាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យ បើតាមការសិក្សាឱ្យដឹងថា បានឈានដល់ចំណុចកំពូលហើយ ។ យោងតាមការព្យាករកំណើនខុនដូបានកើនឡើងខ្លាំង ខណៈកាលពីឆ្នាំ២០១១ មានតែ៥.០០០យូនីត តែមកដល់ឆ្នាំ២០១៥ បានកើនឡើង១៥.០០០យូនីត ហើយនៅឆ្នាំ២០១៨ អាចនឹងកើនឡើងរហូតដល់៤៥.០០០យូនីត ។ កំណើននេះអាចធ្វើឲ្យមានការព្រួយបារម្ភ ប្រសិនបើយើងមិនដោះស្រាយទេនោះ ពេលឈានដល់ដំណាក់កាលទី៤ វានឹងមានវិបត្តិក្នុងវិស័យមួយនេះជាមិនខាន ។ នេះបើយោងតាមប្រសាសន៍របស់លោក ឈាង វណ្ណារិទ្ធ ប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធនៃអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៦ កាលពីថ្ងៃទី១៨ កុម្ភៈ ។
លោកមានប្រសាសន៍បន្តថា ៖ « កាលពីឆ្នាំ២០១៤ វិស័យសំណង់បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រមាណ១,២៣% ហើយនៅឆ្នាំ២០១៥ បានធ្លាក់មកលេខរៀងទី២ និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច១,១៥%បន្ទាប់ពីវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ » ។
នាឱកាសនោះដែរ រដ្ឋមន្ត្រីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ៖ « ការរីកចម្រើននៅក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្នបានឈានដល់ដំណាក់កាលទី៣ហើយ បើដល់ដំណាក់កាលទី៤វានឹងមានវិបត្តិ ប៉ុន្តែយើងអាចទប់ស្កាត់បាន។ ខ្ញុំឃើញធនាគារមួយចំនួនបានចេញវិធានការផ្អាកឲ្យខ្ចីទៅលើវិស័យអចលនទ្រព្យ » ។
ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានមានប្រសាសន៍ឱ្យដឹងថា ៖ « ឥឡូវនេះ មានធនាគារមួយចំនួន គេកាត់បន្ថយការឲ្យខ្ចីឥណទាន ដោយមានលក្ខខណ្ឌតឹងរ៉ឹង និងពិចារណាច្រើនជាងមុន តែការឲ្យខ្ចីឥណទាននៅតែឲ្យអ៊ីចឹង ។ ទាក់ទងនឹងខុនដូនេះ ខ្ញុំសង្កេតឃើញមានការសាងសង់ច្រើនមែន ដូចអ្វីដែលខ្ញុំធ្លាប់និយាយថា បើយើងសង់ខុនដូលក់ឲ្យខ្មែរ គឺវាមានចំនួនច្រើនពេកទៅហើយ តែបើសង់លក់ទៅឲ្យអ្នកនៅខាងក្រៅ វាជារឿងត្រឹមត្រូវ » ។
លោកបន្ថែមថា ៖ « បញ្ហាសព្វថ្ងៃនេះមិនមែនជារបស់អ្នកសាងសង់ខុនដូទេ ហើយក៏មិនមែនភ្នាក់ងារទទួលខុសត្រូវដែរ គឺជាបញ្ហារបស់រាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាលគួរធ្វើយ៉ាងម៉េចដើម្បីឲ្យវិនិយោគិនបរទេសមកស្រុកខ្មែរឱ្យបានកាន់តែច្រើន ហើយធ្វើប្រទេសកម្ពុជាក្លាយជាតំបន់មួយដែលជាទីចាប់អារម្មណ៍ ។ តែប្រសិនបើរាជរដ្ឋាភិបាលអត់មានគោលការណ៍លើកទឹកចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់ទេនោះ វិនិយោគិននឹងអត់ចូលមកកម្ពុជាទេ ជាហេតុធ្វើឱ្យការសាងសង់ខុនដូ និងវិស័យសេដ្ឋកិច្ចកម្ពុជានឹងជាប់គាំង » ។
ចំពោះការសាងសង់ខុនដូលក់នៅពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ បើតាមលោក គីម ហ៊ាង បានលើកជាអនុសាសន៍ថា ៖ « ប្រសិនជាអាច ការងារនេះខាងរាជការគួរធ្វើដូចជា ៖ ១-អ្នកសាងសង់ខុនដូ ចំពោះលុយទិញដី កុំឲ្យយកប្លង់ទៅដាក់បញ្ចាំនៅធនាគារ ទាល់តែមានលុយគ្រប់ ចាំឲ្យសាងសង់ ។ ២-សាងសង់ខុនដូបានពី២០% ដល់៣០%ហើយចាំឲ្យលក់ ទោះបីជាគាត់លក់ដាច់ ឬមិនដាច់ ក៏អត់មានបញ្ហាដែរ។ បញ្ហានៅត្រង់ថា ប្រជាជន (អ្នកវិនិយោគ) មួយចំនួនមានលុយតិចតួច ដែលខ្ចីលុយពីធនាគារទិញដី ហើយនៅពេលសាងសង់ គាត់ប្រកាសលក់ដើម្បីយកលុយនោះមកសាងសង់ ពីព្រោះការលក់ដូរមានការប្រកួតប្រជែង ដែលអាចធ្វើឲ្យគម្រោងរបស់គាត់បរាជ័យ » ។
លោកបន្តទៀតថា ៖ « ដើម្បីទប់ស្កាត់នូវបញ្ហាអវិជ្ជមានក្នុងវិស័យខុនដូនេះ បើតាមយោបល់របស់អ្នកជំនាញ គឺអាចសាងសង់បន្តបាន ប៉ុន្តែជាទូទៅ ប្លង់អាចមានការផ្លាស់ប្តូរ មិនគួរដាក់បញ្ចាំនៅធនាគារទេ ហើយបើខុនដូសង់បានតិចជាង២០% គឺមិនគួរអនុញ្ញាតឲ្យលក់ទេ ។ ខ្ញុំសង្កេតឃើញកង្វះខាតដើមទុនរបស់វិនិយោគិន ជាហេតុធ្វើឲ្យមានវិបត្តិ ប៉ុន្តែបើមានច្បាប់រឹតបន្ដឹងទៅលើអ្នកអភិវឌ្ឍ មានន័យថា អ្នកឯងចង់សាងសង់ ទិញដីឲ្យហើយទៅ ចាំគេយក ចាំលក់ ហើយបើធ្វើដូចខ្ញុំរៀបចំ វាពិបាកមែន តែសម្រាប់អ្នកសាងសង់ គឺជាអ្នកដែលមានលុយគ្រប់គ្រាន់ ពេលនោះវិបត្តិប្រាកដជាគ្មាន » ។
ពាក់ព័ន្ធនឹងវិស័យខុនដូនេះដែរ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong ក៏ធ្លាប់បានប្រាប់កោះសន្ដិភាពថា៖ « វិស័យខុនដូនេះ គឺមានការផ្គត់ផ្គង់ច្រើន ។ សម្រាប់អ្នកទិញ គឺងាយស្រួលបន្តិច តែបើទិញហើយចង់លក់បន្ត ដំណាក់កាលនេះពិបាកបន្តិច និងត្រូវការចំណាយពេលយូរ » ។
លោកបញ្ជាក់ថា ៖ « នៅចុងឆ្នាំ២០១៥កន្លងមក ការទិញលក់ខុនដូ ហាក់ដូចជាមិនខ្លាំងដូចកាលពីដើមឆ្នាំ២០១៥ទេ តែតម្លៃមិនបានធ្លាក់ចុះនោះទេ ហើយនៅឆ្នាំខាងមុខទៀត ក៏នៅមិនទាន់ដឹងថា វិស័យមួយនេះនឹងកើនឡើងកម្រិតណាដែរ ដោយសារតែតម្រូវការខុនដូ ឬអាផាត់មែន ទើបតែមានច្រើនក្នុងរយៈពេលខ្លីកន្លងមកនេះប៉ុណ្ណោះ » ។
ដោយឡែក អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យស៊ីភីអិល លោក ចេង ខេង កន្លងមកធ្លាប់មានប្រសាសន៍ដែរថា ៖ « ការព្រួយបារម្ភរបស់សេដ្ឋវិទូ និងអ្នកវិភាគមួយចំនួនអំពីការរីកចម្រើននៃអគារនៅកម្ពុជា វាហាក់ដូចជាមិនទាន់ត្រូវព្រួយបារម្ភនោះទេ ។ បើតាមការមើលឃើញរបស់ខ្ញុំ អគារនៅកម្ពុជាយើងមិនទាន់ស្មើនឹង១០% នៅបណ្ដាប្រទេសជិតខាងយើងទេ ។ ដូចនេះ វាមិនទាន់ដល់កម្រិតដែលត្រូវព្រួយបារម្ភឡើយ ។ មួយវិញទៀត នៅពេលនេះ ជាពេលវេលាចាប់ផ្ដើមដំណើរការសេដ្ឋកិច្ច អាស៊ានហើយដែរ ដូចនេះ ប្រជាជននៅតាមបណ្ដាប្រទេសអាស៊ាននឹងត្រូវចេញចូលទៅវិញទៅមក » ។
លោកបញ្ជាក់ថា ៖ « ចំពោះការវិនិយោគទៅលើអគារខុនដូ និងគម្រោងផ្សេងៗទៀតនៅកម្ពុជា បើគម្រោងនោះជាគម្រោងពិតប្រាកដ អ្នកវិនិយោគមានកេរ្តិ៍ឈ្មោះ និងប្រវត្តិល្អនោះ ការវិនិយោគនឹងទទួលបានជោគជ័យ ។ ជាក់ស្ដែង គម្រោងខុនដូថ្មីមួយបានប្រកាសលក់នៅកម្ពុជាតែ៣សប្ដាហ៍ តែលក់បានរហូតដល់៧០% ឯណោះ » ៕
-----------------------
http://www.everyday.com.kh/article/49609.html
