អគារ ២៤០ ទីបំផុតបានបើកហើយ
ល្ងាចនេះយើងនឹងបានឃើញការបើកជាផ្លូវការនៃអគារអាផាតមិននៅភ្នំពេញមួយគឺអាផាតមិន ២៤០ នៅផ្លូវ ២៤០។
ដោយស្ថិតនៅក្រោមការសាងសង់អស់រយៈពេលជិតប្រាំពីរឆ្នាំអគារ ២៤០ ត្រូវបានគេស្គាល់ថា បានជួបប្រទះនឹងបញ្ហាជាច្រើនរួមមានបញ្ហាច្បាប់ និងបញ្ហាការទូត។ ថៅកែក្រុមហ៊ុនដែលជាអ្នកជំនួញស្រ្តីដ៏ខ្លាំងនៅក្នុងស្រុកម្នាក់ Elain Younn បាននិយាយថាបញ្ហាដែលចម្បងជាងគេគឺមកពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឯង។
អ្នកស្រីបានមានប្រសាសន៍ថា៖ «មានគ្រាមួយយើងត្រូវផ្អាកដំណើរការសាងសង់ដោយសារស្ថានទូតអាមេរិកមានបញ្ហាសន្តិសុខខ្លះៗដែលព្រួយបារម្ភដោយសារវាអាចមើលឃើញពីលើផ្ទះរបស់ឯកអគ្គរដ្ឋទូតហើយយើងក៏បានសាកល្បងរិះរកមធ្យោបាយដើម្បីរកដំណោះស្រាយរួមផងដែរ»។
ពេលឧបសគ្គនេះបានលេចឡើងដំបូងហាក់បីដូចជាដើម្បីយកពន្ធប៉ុន្តែចុងក្រោយអ្នកស្រី Younn ថាការបង្អាក់ដោយសារអាមេរិកនេះបានធ្វើឲ្យការសាងសង់កាន់តែមានភាពប្រសើរឡើង។
អ្នកស្រីបានបន្តថា៖ «វាពិតជាមានភាពសមរម្យណាស់នៅចុងបញ្ចប់។ ជាក់ស្តែងយើងពិតជាអាចបង្កឲ្យមានបញ្ហាសន្តិសុខមែនដោយយើងមានទីតាំងជាប់គ្នាដូច្នេះគេបានចេញការណែនាំដែលយើងអាចទទួលស្គាល់បានសម្រាប់ពួកគេ។ ឥឡូវស្ថានទូតកំពុងតែធ្វើការជាមួយពួកយើងហើយមានបុគ្គលិកស្ថានទូតមួយចំនួនកំពុងស្ថិតនៅទីនេះផងដែរ»។
តាមស្តង់ដារបស់ក្រុងភ្នំពេញបច្ចុប្បន្នអគារ ២៤០ មិនមែនជាអគារធំទេដោយវាមានតែប្រាំពីរជាន់ និងអាផាតមិន ៤២ យូនីត។ ប៉ុន្តែក្នុងការធើ្វការជាមួយស្ថានទូតមានន័យថាអ្នកស្រី Younn ត្រូវតែធ្វើតាមការណែនាំរបស់គេដែលរួមមានភាពលម្អិតចាប់ពីការចាក់គ្រឹះជញ្ជាំង និងដំបូលទៅដល់ការរៀបចំផ្ទៃខាងក្នុង និងស្តង់ដារសុវត្ថិភាពនានា។
អ្នកស្រី Younn បានមានប្រសាសន៍ថា៖ «ឥឡូវនេះមានតែយើងទេដែលជាអាផាតមិនដែលសម្របទៅតាមការណែនាំរបស់ស្ថានទូត»។
អ្នកស្រីបានបន្តថា៖ «យើងមានប្រព័ន្ធបាញ់ទឹកគ្រប់គ្រាន់សម្រាប់ពេលមានអគ្គិភ័យ កាមេរ៉ា កណ្តឹងផ្សែង ជណ្តើរអាសន្នកម្ពស់នៃការរៀបជាកាំ និងចំណុចទាំងអស់ដែលនៅលើតារាងមួយវែងដែលអ្នកត្រូវតែសម្របតាមយើងបានអនុវត្តទាំងអស់»។
ដោយមានតម្លៃចាប់ពី ១៨០០ ដុល្លារក្នុងមួយខែសម្រាប់បន្ទប់គ្រែមួយទៅដល់ ៤៥០០ ដុល្លារសម្រាប់បន្ទប់គ្រែបួន។ អាផាតមិននេះមានសេវាផ្សេងៗទៀតដូចជាក្លិបហាត់ប្រាណ អាងហែលទឹក បារ៍ចំនួនពីរ ហាងកាហ្វេ សេវាថែរក្សាផ្ទះ សេវាបោកអ៊ុត និងចំណតក្រោមដីក៏ដូចជាទីធ្លាព្យាបាលដែលមានសេវា យូហ្គា និងការព្យាបាលដោយចានគ្រីស្តាល់ និងការតាំងសមាធិ។
អ្នកស្រី Younn បានចូលរួមក្នុងការងាររកស៊ីជាច្រើននៅកម្ពុជារួមមាន Living IChing Decor សាលាអន្តរជាតិអង់គ្លេស ICAN ស្ប៉ា Bliss និងហាង Luna និង Mama Wong's ក៏ដូចជាមានឈ្មោះនៅពីក្រោយជំនួយសប្បុរសធម៌មួយចំនួន។ ប៉ុន្តែអ្នកស្រីថាការអភិវឌ្ឍអចលនវត្ថុនឹងមិនបន្តជាជំនួញចម្បងរបស់អ្នកស្រីនៅថ្ងៃអនាគតឡើយ។
«ខ្ញុំមិនគិតថាវាជាពេលល្អសម្រាប់ធ្វើអាជីវកម្មអចលនទ្រព្យឡើយនៅពេលនេះដោយសារថាខុនដូជាច្រើនកំពុងតែត្រូវបានសាងសង់ឡើង។ ខ្ញុំគិតថាវាមានការប្រៀបធៀបច្រើនពេកចំពោះកម្រិតតម្រូវការ»។
អ្នកស្រីបានបន្ថែមថាអ្នកស្រីបានចូលប្រឡូកក្នុងការអភិវឌ្ឍអចលនទ្រព្យដោយសារតែការស្រឡាញ់របស់អ្នកស្រីចំពោះផ្លូវ ២៤០ ។ «គម្រោងនេះបានកើតឡើងដោយចៃដន្យខ្ញុំមិនបានគិតទុកជាមុនចំពោះការអភិវឌ្ឍអចលនទ្រព្យនេះនោះទេ។ ខ្ញុំចូលចិត្តផ្លូវនេះហើយពេលខ្ញុំឃើញគម្រោងរៀបចំរបស់ម្ចាស់ដើមខ្ញុំគិតថាវាមិនមានភាពល្អប្រសើរសម្រាប់ផ្លូវនេះឡើយហើយវាបានបង្ខំឲ្យខ្ញុំសាងសង់អ្វីមួយដែលអាចលើកស្ទួយតំបន់នេះបាន»។
អ្នកស្រីបានបន្តថាអ្នកស្រីមិនយល់ថាជាការពិបាកទេក្នុងនាមជាស្ត្រីធ្វើការនៅក្នុងការងារបុរសនៅក្នុងការអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងភ្នំពេញ។ «ខ្ញុំគិតថាស្ត្រីពិតជាមានការគាំទ្រខ្លាំងណាស់នៅកម្ពុជាវាគឺជាសង្គមមាតាធិបតេយ្យស្ត្រីគឺជាអ្នកដឹកនាំ»។
«ប៉ុន្តែម្យ៉ាងវិញទៀតយើងឃើញមានបុរសជាច្រើនដែលមានអំណាចដែលអ្នកត្រូវធ្វើការជាមួយហើយវាអាចជាការពិបាកមួយដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអាចសម្របទៅតាមវាបាន»។ នេះបើតាមសម្តីរបស់អ្នកស្រី Younn។
អ្នកស្រីបានបញ្ជាក់ថាការជប់លៀងយប់នេះគឺជាការជប់លៀងដើម្បីបង្ហាញពីមោទនភាពរបស់អ្នកស្រីក្នុងការសាងសង់អគារនេះ និងដើម្បីអបអរសាទរភាពជោគជ័យរបស់អ្នកស្រីផងដែរ។
នៅក្នុងឱកាសជប់លៀងនេះគឺមានន័យសម្រាប់ទទួលស្គាល់ និងសរសើរចំពោះឧបសគ្គដែលអគារនេះបានជម្នះវាក៏មានបំណងចង់បើកទំព័រក្នុងការអភិវឌ្ឍដែលបានប៉ះពាល់ដល់ការបារម្ភសន្តិសុខអាមេរិកដោយមិនដឹងខ្លួនផងដែរ។
«វាបង្ហាញអំពីអ្វីដែលយើងបានធ្វើ និងអ្វីដែលយើងបានឆ្លងកាត់ហើយខ្ញុំក៏គិតថាយើងគួរតែមានទំនាក់ទំនងជាមួយសាធារណជនផងដែរដោយសារអ្នកណាៗក៏ដឹងអំពីអគារមួយខ្នងនេះដែរ»។
នៅពេលដែលអ្នកស្រីកំពុងតែថ្លែងអំណរគុណចំពោះអ្នកដែលបានចូលរួមគាំទ្រកន្លងមកអ្នកស្រីបានបន្ថែមថា៖ «យើងពិតជាបានឆ្លងកាត់ជាមួយគ្នាច្រើនមែនក្នុងរង្វង់សាធារណជន។ ឥឡូវយើងពិតជាបានសម្រេចបញ្ចប់ហើយ»៕
Alasdair Richard