Bautista អ្នកកីឡាកាសដែលប្រិយមិត្តធ្លាប់ស្គាល់មកហើយនោះ បានបោះពាក្យមួយមាត់ទៅដាក់កំពូលអ្នកប្រដាល់ Manny Pacquiao ថាជាមនុស្សល្ងង់បំផុតដែលនិយាយថាមនុស្សស្រលាញ់ភេទដូចគ្នាគឺអន់ជាតិសត្វធាតុទៅទៀតនោះ។
Pacquiao កាលពីប៉ុន្មានថ្ងៃមុននេះ បាននិយាយថារូបគេពិតជាមិនចូលចិត្តមនុស្សប្រុសស្រលាញ់ប្រុស ឬស្រីស្រលាញ់ស្រីនោះទេ ដោយគិតមនុស្សទាំងនេះគឺអន់ជាងសត្វធាតុទៅទៀតដែលមកស្រលាញ់ភេទដូចគ្នាដូច្នេះ។ ឆ្លើយនឹងការនិយាយដូច្នេះមានមតិជាច្រើនបានរិះគន់អ្នកប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះយ៉ាងចាស់ដៃ រហូតដល់ក្រុមហ៊ុន Nike បានបញ្ឈប់កុងត្រាជាមួយរូបគេទៀតផង។
ដូចគ្នានេះដែរ Bautista ដែលជាអ្នកគាំទ្រអ្នកប្រដាល់ខាងលើ ក៏បង្ហាញការមិនពេញចំពោះសម្ដីនេះដែរ ដោយបាននិយាយថា៖ “ម្ដាយរបស់ខ្ញុំក៏ជាមនុស្សស្រីស្រលាញ់ស្រីដូចគ្នាដែរ ប៉ុន្តែមិនដែលមាននរណានិយាយពាក្យអាក្រក់ដាក់នោះទេ។ ហើយប្រសិនបើខ្ញុំឮនរណានិយាយនោះ ខ្ញុំនឹងទៅទាត់គេភ្លាម។ Pacquiao ជាមនុស្សល្ងង់ណាស់ដែលនិយាយពាក្យនេះ”។
ត្បិតតែ Bautista មិនពេញចិត្តចំពោះសម្ដីនេះមែន ប៉ុន្តែរូបគេនៅតែគាំទ្រអ្នកប្រដាល់វ័យ៣៧ឆ្នាំរូបនេះដដែល ក្នុងនាមរូបគេជាអ្នកប្រដាល់កំពូលម្នាក់តំណាងឱ្យប្រទេសហ្វីលីពីន៕
ប្រែសម្រួល៖ ម៉ៅ ណាត
ប្រភព៖rappler
ប្រភព៖rappler