ថ្ងៃណាត់ជួប នឹងមនុស្សខ្លួនស្រលាញ់លើកដំបូង ជាវេលាមួយ ធ្វើឲ្យភ័យផង អរផង សប្បាយចិត្តផង តែក៏ពិបាកចិត្តផង។ ចំពោះអ្វីដែលសំខាន់ គឺគេត្រូវចេះរៀបចំខ្លួនសម្រាប់ ថ្ងៃពិសេសនោះ។ តាមរយៈ ចំណុចមួយចំនួនខាងក្រោម បុរសៗគួរដឹងសម្រាប់ត្រៀមខ្លួនជួបមនុស្សដែលខ្លួនស្រលាញ់ ក្នុងថ្ងៃដំបូង។
១. កុំទៅដោយដៃទទេ
ប្រាកដណាស់ ទៅជួបគេថ្ងៃដំបូង មិនគួរទៅដោយមិនបានទិញអ្វីជាអំណោយជូនគេនោះទេ ទោះអ្នកគិតថាជារឿងមិនចាំបាច់ក៏ដោយ។ នារីៗចូលចិត្តភាពភ្ញាក់ផ្អើល បើអ្នកទៅដោយគ្មានអ្វីសោះនោះ គឺបង្ហាញថាអ្នកមិនខ្វាយខ្វល់យកចិត្តទុកដាក់ពីនាង ធ្វើឲ្យនាងអន់ចិត្តបន្តិចក៏ថាបាន។
២. កុំភ្លេចសរសើរនាង
នរណាមិនចង់បានការសរសើរ ចំពោះអ្វីដែលខ្លួនធ្វើបានល្អ? បើអ្នកពិតជាចាប់អារម្មណ៍លើនាង កុំភ្លេចសរសើរនាង។ សរសើរពីឥរិយាបថល្អរបស់នាង អត្តចរិត សំឡេង ស្នាមញញឹម…អ្វីទាំងអស់ដែលនាងពូកែ ប៉ុន្តែត្រូវចាំថាមិនមែនបញ្ជោរនាងខុសពីការពិតនោះទេ។
៣. ការអួតសម្ញែងទ្រព្យសម្បត្តិ ជាការគិតខុស
មិត្តបុរសៗមួយចំនួនយល់ថា របស់របរទំនើបៗ លុយច្រើន ឋានៈខ្ពស់ ជាការទាក់ទាញនារីៗ ប៉ុន្តែមិនមែនដូច្នោះទាំងអស់ទេ។ នារីមួយចំនួនគឺស្រលាញ់ដៃគូរបស់នាងដោយចិត្តស្មោះ ដូចនេះ អ្នកត្រូវដឹងពីអត្តចរិតខ្លះៗរបស់នាងដែរ បើនាងមិនចូលចិត្តបុរសចាយលុយហ៊ឺហា ដូចនេះកុំព្យាយាមធ្វើផ្ទុយពីចំណូលចិត្តនាងអី។
៤. ឥរិយាបថមិនសមរម្យ
មិនថាទាំងថ្ងៃជួបនាងដំបូង ឬនៅចំពោះមុខអ្នកដទៃផ្សេងទៀត អ្នកមិនគួរបង្ហាញចរិតក្រអឺតក្រទម ឥរិយាបថមិនសមរម្យដាក់នរណាម្នាក់នោះទេ។ ឧទាហរណ៍ថា អ្នកណាត់នាងទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយ…កំពុងតែញ៉ាំអាហារ ស្រាប់តែអ្នកបម្រើធ្វើកំពប់ទឹកលើ នារីដែលអ្នកស្រលាញ់ ទោះអារម្មណ៍អ្នកខឹង តែមិនគួរបញ្ចេញអាការៈក្រេវក្រោធទៅគេនោះទេ នាងអាចគិតមិនល្អលើអ្នក ធ្វើឲ្យទំនាក់ទំនងប្រេះឆា។
៥. អៀនពេក ឬ ហ៊ានពេក
ទៅជួបគេថ្ងៃដំបូង អ្នកត្រូវប្រាកដថា មិនមែនជាមនុស្សប្រុសអៀននឹងមនុស្សស្រីនោះទេ។ ឬកពារម៉ឺងម៉ាត់ កុំមានអារម្មណ៍ភ័យពេលនាងអង្គុយក្បែរ តែក៏មិនត្រូវហ៊ានពេកដែរ ពេលខ្លះអ្នកហ៊ានសួរសំណួរច្រើនពេកទៅនាង ធ្វើឲ្យបរិយាកាសមិនល្អកើតឡើង។
៦. សំលៀកបំពាក់មិនស្អាតបាត
ទោះនាងស្រលាញ់បុរសដោយចិត្តស្មោះមែន តែអ្នកក៏ត្រូវគិតថា កុំធ្វើឲ្យនាងខ្មាសគេដែរ។ សំលៀកបំពាក់ស្អាតបាត សមរម្យ ស្របតាមទីកន្លែងណាត់ជួប ជាការប្រសើរ ចៀសវាងសំលៀកបំពាក់មិនសមរម្យ( ខោមិនខោ អាវមិនអាវ)។
៧. កុំទៅយឺត
បើថាណាត់នាងជួបម៉ោង ៥:៣០នាទី ល្ងាច គឺមិនត្រូវទៅយឺតជាងនោះទេ។ ការគោរពពេលវេលាគឺបង្ហាញថា អ្នកយកចិត្តទុកដាក់នឹងនាង បើទៅយឺតក៏ត្រូវប្រាប់ហេតុផលសមរម្យដែរ កុំឲ្យគេក្លាយជាកប៉ាល់ភ្លើង។
៨. កុំរវល់នឹងទូរសព្ទពេក
ជាថ្ងៃពិសេសមួយ ចំពោះទូរសព្ទ អ្នកត្រូវប្រុងប្រយ័ត្នផង ដែលអាចរោទ៍រំខានបរិយាកាសអ្នកនិងនាងក៏ថាបាន ហើយបើមិនចាំបាច់ មិនត្រូវយកមកចុចនេះចុចនោះ ហើយទុកនាងចោលនោះទេ។ ដាក់ Silent សំឡេងញ័រ បើខានមិនបាន អ្នកអាចសុំនាង ២ទៅ៣នាទី ឆ្លើយតបទូរសព្ទ។
៩. កុំព្យាយាមលូកលាន់រាងកាយរបស់នាង
ឥរិយាបថសមរម្យថ្លៃថ្នូរ គោរពនាងជានារី នឹងធ្វើឲ្យនាងគោរពស្រលាញ់ និងឲ្យតម្លៃលើអ្នកវិញដែរ។ ព្យាយាមស្វែងយល់ពីនាងសិន ចៀសវាងការធ្វើអ្វីមួយដែលនាំឲ្យនាងយល់ថាអ្នកមិនឲ្យតម្លៃលើរូបនាង។
១០. កុំសួរនាងពីសង្សារចាស់
ប្រសិនបើនាងមិនរំឭក អ្នកមិនចាំបាច់សួរនាំជីកឫសគល់ពីរឿងនេះ ឡើយព្រោះវាអាចឲ្យនាងមានអារម្មណ៍មិនល្អពេលនឹកឃើញរឿងចាស់ៗ ដែលធ្វើឲ្យបរិយាកាសក្នុងថ្ងៃពិសេសរបស់អ្នកក្លាយជាអាប់អួរ ៕
ប្រសិនបើនាងមិនរំឭក អ្នកមិនចាំបាច់សួរនាំជីកឫសគល់ពីរឿងនេះ ឡើយព្រោះវាអាចឲ្យនាងមានអារម្មណ៍មិនល្អពេលនឹកឃើញរឿងចាស់ៗ ដែលធ្វើឲ្យបរិយាកាសក្នុងថ្ងៃពិសេសរបស់អ្នកក្លាយជាអាប់អួរ ៕
ចុះមិត្តបុរសៗ ធ្លាប់មានបទពិសោធន៍ មានវិធីសាស្ត្រអ្វីផ្សេងទៀត ក្នុងថ្ងៃណាត់ជួបដំបូង? ចែករំលែកប្រាប់ Sabay ផងណា !