Thu, 22 March 2012
សហរដ្ឋអាមេរិកៈ ទោះបីជាច្បាប់ស្តីពីការគ្រប់គ្រងទឹកអាស៊ីត បានចូលជាធរមានកាលចុងឆ្នាំ២០១១ក្តី ប៉ុន្តែការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែមានកម្រិត។ តាត ម៉ារីណា ជាជនរងគ្រោះម្នាក់ ដែលសព្វថ្ងៃនៅតែប្រើជីវិតក្នុងក្តីភ័យខ្លាចទោះបីស្ថិតលើទឹក ដីអាមេរិកក្តី តែនាងនៅតែស្រែករកយុត្តិធម៌ គ្មានថ្ងៃបានធូរអារម្មណ៍ឡើយ ខណៈដែលជនដៃដល់ទាំងក្រុមនៅតែយកច្បាប់ទ្រាប់គូទអង្គុយ និងរស់នៅក្រៅរង្វង់ច្បាប់យ៉ាងរីករាយនោះ។
ជាង១០ឆ្នាំហើយ ដែលម៉ារីណា បានរងនូវភាពអយុត្តិធម៌ពីការជះទឹកអាស៊ីតយ៉ាងព្រៃផ្សៃពី សំណាក់អ្នកស្រី ឃួន សុផល ប្រពន្ធមន្ត្រីជាន់ខ្ពស់ លោក ស្វាយ ស៊ីថា ដែលពេលនោះមានឋានៈជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ភាពយុត្តិធម៌នៅតែគ្មាន ខណៈជញ្ជីងតុលាការនៅតែលម្អៀងទៅកាន់មន្ត្រីមានអំណាចក្នុងរដ្ឋាភិបាល។
នៅដើមខែកក្កដា ឆ្នាំ២០១១ លោក ជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ បានថ្លែងតាមទូរទស្សន៍អប្សរាថា តុលាការបានកាត់សេចក្ដីសំណុំរឿងនេះរួចហើយ ដោយបានព្យួរទោសជនដៃដល់ ឃួន សុផល រយៈពេលមួយឆ្នាំ និងកំណត់ទោសសាកល្បងចំនួន ៥ឆ្នាំ ហើយថា ដំណើររកយុត្តិធម៌នេះបានបញ្ចប់សព្វគ្រប់រួចទៅហើយ។ មហាជនចោទសួរថា តើយុត្តិធម៌នៅត្រង់ណា បើជនដៃដល់នៅរស់ក្រៅពន្ធនាគារនោះ?
តាត ម៉ារីណា ដែលកំពុងឆ្លុះកញ្ចក់មើលមុខគួរឲ្យខ្លាចរបស់នាង ហើយចាប់ផ្តើមផាត់តុបតែងមុខដើម្បីលាក់បាំងការពិតបានខ្លះនោះ បាននិយាយទាំងអួលដើមកថា៖«ឥឡូវខ្ញុំកំពុងគិតថា តើយុត្តិធម៌នៅឯណា? ខ្ញុំពិតជាខុសពីមុន មិនដូចអ្នកដទៃទេ ជួនកាល មុខខ្ញុំសព្វថ្ងៃធ្វើឲ្យខ្ញុំលែងចង់រស់នៅតទៅទៀត ពីព្រោះមើលឃើញតែសម្បកក្រៅ មើលខាងក្នុងមិនឃើញទេ ជួនកាលខ្ញុំមានចិត្តទន់ខ្សោយណាស់ ខ្ញុំមិនចង់គិតរឿងដែលកន្លងហួសទៅហើយទេ ខ្ញុំមិនចង់គិតពីមនុស្សម្នាក់នោះឡើយ ខ្ញុំមិនចង់និយាយពីមនុស្សនោះទេ ខ្ញុំចង់គិតតែពីជីវិតថ្មីរបស់ខ្ញុំ ចង់ធ្វើឲ្យបានប្រសើរជាងមុន ខ្ញុំបួងសួងសុំឲ្យជីវិតចុងក្រោយរបស់ខ្ញុំនេះ បានរីករាយដូចគេ តែរឿងដែលបានកើតឡើងចំពោះខ្ញុំ មិនអាចផ្លាស់ប្តូរបានទេ តែខ្ញុំត្រូវតស៊ូទៅមុខមិនអាចថយក្រោយទេ»។
នាងបានបន្តថា៖«ខ្ញុំមិនចង់ឲ្យគ្រួសារខ្ញុំមានរឿងទៀតទេ ឥឡូវខ្ញុំមិនមានអ្វីត្រូវភ័យខ្លាចទៀតទេ ពីព្រោះគាត់(ស្វាយ ស៊ីថា) បានយកអ្វីៗទាំងអស់ពីជីវិតរបស់ខ្ញុំទៅហើយ គាត់បានបេះយកអ្វីដែលគាត់ចង់បានអស់ហើយ»។
លោក Sequndo បងប្រុសបង្កើតតារាសម្តែងច្រៀង តាត ម៉ារីណា ដែលបានចាកចេញពីប្រទេសកម្ពុជាតាំងពីមុន តាត ម៉ារីណា ចាប់កំណើតបន្តិចនោះ បានលើករូបថតបុរស បានលើករូបថតបុរសម្នាក់ឡើង ហើយបាននិយាយយ៉ាងឈឺចាប់ថា៖«នេះគឺជារូបថត ឃួន វណ្ឌី វាជាជនដៃដល់ម្នាក់ និងជាក្មួយ ឃួន សុផល (ប្រពន្ធស្វាយ ស៊ីថា ) យុវជននេះ មានមុខមាត់ស្អាតបាតណាស់ តែវាជាក្មេងចិត្តខ្មៅសាហាវក្រៃលែង វានេះហើយ និងក្មេង ២-៣ តទៀត ដែលបានវាយប្រហារទៅលើ តាត ម៉ារីណា រហូតដល់នាងសន្លប់ វានេះហើយដែលរត់ទៅយកទឹកអាស៊ីតពីឡានឲ្យមីងវាគឺ ឃួន សុផល។ ពេលនោះ ឃួន សុផល ជះទឹកអាស៊ីតលើម៉ារីណា ពេល ម៉ារីណា ដឹងខ្លួនឡើង ទឹកអាស៊ីតមិនទាន់អស់ទេ ទើប ឃួន វណ្ឌី កញ្ឆក់យកទឹកអាស៊ីតពីមីងវា ហើយដេញតាមជះទឹកអាស៊ីតលើតាត ម៉ារីណា ថែមទៀត។ សំណាងល្អ មានមនុស្សនៅជិតនោះ បានកាន់ដំបងដេញវាចេញ តែអកុសលទឹកអាស៊ីតដែលសល់ខ្លះនោះ បានខ្ទាតទៅលើ ម៉ារីណា ហើយខ្លះទៀតក៏ខ្ទាតត្រូវខោ ឃួន វណ្ឌី ដែរ វាបានស្រាតខោចោលកណ្តាលផ្លូវ ហើយក៏រត់បាត់ទៅ ប្អូនថ្លៃខ្ញុំរើសខោវាដកយកកាបូបពីក្នុងខោឃើញរូបថតរបស់វា នេះ»។
លោកបន្តថា៖«ឥឡូវជាង១០ឆ្នាំហើយ គេរកយុត្តិធម៌មិនឃើញទេ គេអនុញ្ញាតឲ្យឧក្រិដ្ឋជនទាំងនោះនៅមានសេរីភាព១០ឆ្នាំហើយ មនុស្សទាំងអស់គ្នាដឹងថា នរណាជាជនឧក្រិដ្ឋ ជាង១០ឆ្នាំហើយគ្មានជនដៃដល់ណាម្នាក់បានជាប់ទោសទេ គឺគ្មានយុត្តិធម៌ទាល់តែសោះ»។
កាលពីនៅអាយុ១៤ឆ្នាំ តាត ម៉ារីណា បានឈប់រៀនដើម្បីជួយលក់ទឹកផ្លែឈើ។ នាងនិយាយថា៖«នៅពេលនោះ ផលិតករខារ៉ាអូខេ បានសួរខ្ញុំថា តើខ្ញុំចង់ធ្វើជាអ្នកចម្រៀងទេ ខ្ញុំក៏សម្រេចថា ខ្ញុំថតវីដេអូតន្ត្រី»។ ក្រោយពីឆ្លងផុតសម័យសង្គ្រាមប៉ុល ពត ឪពុក ម្តាយ និងគ្រួសារនាងបានរស់រានមានជីវិតទាំងអស់ ហើយបងប្រុសរបស់នាង Sequndo បានចេញទៅប្រទេសអាមេរិកជាមួយមាមីងតាំងពីនាងមិនទាន់កើត ហើយនាងក៏មិនដែលបានស្គាល់បងប្រុសនាងដែរ។
ដោយជក់បារីបង្ហុយផ្សែងយ៉ាងទ្រុបទ្រុល ភ្នែកសម្លឹងទៅតាមមាត់បង្អួចយ៉ាងសោកសៅ Sequndo បាននិយាយថា៖«ខ្ញុំគឺជាកូនប្រុសអ្នកវាលពិឃាត ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ បើខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញ ខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្លាចមានគ្រោះថ្នាក់ច្រើន វាអាចធ្វើឲ្យខ្ញុំមានគ្រោះ-ថ្នាក់ ម៉ារីណា ក៏អាចមានគ្រោះថ្នាក់»។
នារីរងការបំផ្លាញសម្រស់ និងរូបរាងកាយ តាត ម៉ារីណា និយាយថា៖«ពីដំបូងខ្ញុំមិនចេះនិយាយភាសាអង់គ្លេសទេ នៅឆ្នាំទី១ដែលខ្ញុំមកដល់ទីនេះ(អាមេរិក) ពេលខ្លះវាធ្វើឲ្យខ្ញុំអស់សង្ឃឹមលែងចង់រស់ដោយសារតែមុខ មាត់ខ្ញុំសព្វថ្ងៃ ខ្ញុំតែងនិយាយប្រាប់ខ្លួនឯងថា ខ្ញុំជាមនុស្សថ្មីម្នាក់ ខ្ញុំមិនចង់ឲ្យមានរឿងអាក្រក់ដូចមុនទៀតទេ ខ្ញុំមានការខ្មាសអៀន និងភ័យខ្លាច ប្រសិនបើខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ដូច្នេះ នៅពេលមានគេនិយាយមកខ្ញុំថា គ្មានអ្នកណាស៊ីសាច់អ្នកឯងនោះទេ តើអ្នកឯងខ្លាចអី? ខ្ញុំឆ្លើយទៅវិញថា ខ្ញុំមិនដឹងទេ តែខ្ញុំចេះតែខ្លាច»។
ម៉ារីណា បន្តថា៖«នៅពេលខ្ញុំអាយុ១៤ជិត១៥ឆ្នាំ ស្វាយ ស៊ីថា គាត់ស្រឡាញ់ខ្ញុំ គាត់ដើរតាមខ្ញុំគ្រប់ទីកន្លែង គាត់កុហកខ្ញុំថា គាត់គឺជាអ្នកជំនួញនៅសហរដ្ឋអាមេរិក ខ្ញុំជឿ ហើយទុកចិត្តគាត់»។
អ្នកស្រី ស្រីពៅ បងស្រី តាត ម៉ារីណា និយាយថា៖«មិនយូរប៉ុន្មាន ប្រហែលជាកន្លះខែទៅមួយខែបានដឹងរឿងថា គាត់ជាមន្ត្រីជាន់ខ្ពស់ឈ្មោះ ស្វាយ ស៊ីថា។ ពួកខ្ញុំភ័យខ្លាំងណាស់»។
Sequndo និយាយបន្តថា៖«នៅពេលនាងដើរតួជាតារា នាងបានទៅក្លិប គាត់(ស្វាយ ស៊ីថា) បានទៅទាក់ទងនាង លោកអ្នកដឹងហើយនៅប្រទេសខ្មែរភាពក្រខ្សត់បង្ខំមនុស្សឲ្យ ប្រព្រឹត្តអំពើច្រើនយ៉ាងដោយគ្មានភាពអៀនខ្មាសទេ ពេលនោះ ខ្ញុំបានបន្ទោស ម៉ារីណា ខ្លះដែរ ពេលនាងសុខចិត្តទៅជាមួយ ស្វាយ ស៊ីថា តែពេលនោះនាងជាកុមារីក្មេងម្នាក់ មិនដឹងខុសត្រូវទេ នាងមានអាយុ១៥ឆ្នាំនៅពេលនាងជួបគាត់ ឥទ្ធិពលទឹកលុយ និងអ្វីដែលគាត់បានចំណាយលើនាង ដែលជាកុមារីម្នាក់រស់នៅក្នុងប្រទេសក្រីក្រ ដែលមិនអាចរកប្រាក់ចិញ្ចឹមខ្លួនបាន ខ្ញុំគិតថា ខ្លួនខ្ញុំក៏ប្រហែលជាធ្វើដូចនាងដែរ»។
តាត ម៉ារីណា បន្តថា៖«ពេលដែលគាត់មកពីសិង្ហបុរីវិញ ខ្ញុំឃើញលិខិតឆ្លងដែន ឃើញរូបកូនគាត់នៅលើលិខិតឆ្លងដែន បេះដូងខ្ញុំធ្លាក់ដល់ដី ខ្ញុំធ្លាក់ទឹកចិត្តក្ឌុក»។
ស្រីពៅ បងស្រី តាត ម៉ារីណា បាននិយាយថា៖«នៅពេល ម៉ារីណា សុំដាច់(ពីស្វាយ ស៊ីថា) ខ្ញុំក៏នៅទីហ្នឹងដែរ ខ្ញុំចាំបានថា នៅពេលម៉ារីណា សុំដាច់ គាត់មានអារម្មណ៍ខឹងខ្លាំង គាត់ចុះពីឡានម៉ោ គាត់បោកអីវ៉ែអីវ៉ាន់ចោលពេញផ្ទះ ហើយក៏ប្រុងវ៉ៃធ្វើបាប ម៉ារីណា... ខ្ញុំក៏ជួយធ្វើអន្តរាគមន៍ គាត់មិនអាចធ្វើអ្វីបាន ព្រោះខ្ញុំនៅកន្លែងហ្នឹង»។
Sequndo និយាយថា៖«ខ្ញុំដឹងថា ពិតជាមានរឿងហើយ នៅពេលដែលខ្ញុំបានដឹងថា នាងបានទាក់ទងបុរសដែលមានប្រពន្ធហើយ ព្រោះថា ស្រីៗតែងដាក់កំហុសលើប្រពន្ធលួចលាក់ជាមួយប្តីខ្លួន ម៉ារីណា បានទទួលការគំរាមពីប្តីផង ពីប្រពន្ធផង ដូចនេះ នាងបីដូចជាកូនសត្វក្នុងទ្រុងដែលមិនអាចចេញទៅណារួច»។
ម៉ារីណា បាននិយាយបន្តថា៖ «គាត់បាននាំខ្ញុំទៅបាត់ដំបង ចាក់សោខ្ញុំទុកក្នុងបន្ទប់អូតែល១០ថ្ងៃ យកសំពត់ខោអាវខ្ញុំទុកទាំងអស់ ពេលខ្ញុំព្យាយាមរកមធ្យោបាយរត់ គាត់បានគំរាមខ្ញុំ បាញ់ចន្លោះជើងខ្ញុំ គាត់មិនចង់ឮអ្វីក្រៅពីពាក្យថា ខ្ញុំនៅតែស្រឡាញ់គាត់ ហើយចង់នៅជាមួយគាត់ជានិច្ចនោះទេ បើខ្ញុំនិយាយថា ខ្ញុំមិនចង់នៅជាមួយគាត់ទេ គ្រួសារខ្ញុំ និងខ្ញុំប្រាកដជាមានគ្រោះថ្នាក់ ដូច្នេះខ្ញុំត្រូវតែដាច់ចិត្តនិយាយជាមួយគាត់ថា ខ្ញុំចង់នៅជាមួយគាត់ ដើម្បីឲ្យគ្រួសារខ្ញុំបានសុខ។ បន្ទាប់ពីខ្ញុំបានធ្វើដូច្នេះ ២អាទិត្យឬជាងមួយខែក្រោយមក ប្រពន្ធគាត់បានវាយធ្វើបាបខ្ញុំ»។
បងស្រីតារារូបនេះនិយាយថា៖ «ស្រីម្នាក់ហ្នឹងបានដើរចូលផ្ទះម៉ារីណា សួរថា ស្រីអូន នៅផ្ទះទេ? ពេលខ្ញុំចូលដល់ផ្ទះហ្នឹង ខ្ញុំឆ្លើយថា ខ្ញុំហ្នឹងហើយ ម៉ារីណា មានការអី? ហីស្រីម្នាក់ហ្នឹងមានអារម្មណ៍ថា អត់ជឿខ្ញុំទេ ខឹងខ្ញុំហើយក៏ជិះឡានតម្រង់ទៅផ្សារ»។
ដោយមិនអាចទប់កំហឹងបាន ឃុន សុផល ប្រពន្ធ ស្វាយ ស៊ីថា ក៏បានវាយប្រហារដោយទឹកអាស៊ីតទៅលើតារាចម្រៀង តាត ម៉ារីណា នៅផ្សារអូឡាំពិក កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ១៩៩៩។
ម៉ារីណា បានរៀបរាប់ពីស្ថានភាពថា៖«ខ្ញុំកំពុងបញ្ចុកបបរក្មួយស្រីខ្ញុំ គឺបបរត្រី ខ្ញុំដួសបបរមួយស្លាបព្រា រួចផ្លុំឲ្យត្រជាក់ ខ្ញុំបានឃើញស្រីចាស់ម្នាក់ មកក្របួចសក់ខ្ញុំពីខាងក្រោយ គាត់ជេរខ្ញុំ ខ្ញុំឆ្ងល់ ខ្ញុំស្រឡាំងកាំងថា គាត់នេះជាអ្នកណា? គាត់ស្រែកដាក់ខ្ញុំថា នាងឯងមិនបាច់សួរអញថាជាអ្នកណាទេ។ នាងឯងដឹងថា អញជាអ្នកណាហើយ ខ្ញុំមានការតក់ស្លុត ហើយភ្លាមនោះ ខ្ញុំក៏ដឹងថា គាត់ជាអ្នកណា មានមនុស្ស៥-៦នាក់នៅក្នុងឡានមួយ ហើយមានឡានមួយផ្សេងទៀត ពួកវាមានកាំភ្លើង ខ្ញុំដឹងថា ពិតជាមានរឿងហើយ នៅពេលនោះ ខ្ញុំបានចាប់ស្មាគាត់ដើម្បីទាញសក់ខ្ញុំចេញ ហើយដៃខ្ញុំបានប៉ះទៅលើមុខគាត់ ហើយក្មេងប្រុសម្នាក់បានមើលឃើញថា ខ្ញុំបានវ៉ៃត្រូវដៃរបស់គាត់ វាក៏រត់មកដាល់ខ្ញុំជាច្រើនដៃយ៉ាងធ្ងន់ វាដាល់ត្រូវក្បាលខ្ញុំ និងខ្លួនខ្ញុំទាល់តែខ្ញុំសន្លប់បាត់ស្មារតី»។
បងប្រុសតារារូបនេះបាននិយាយថា៖«ឃុន សុផល បានធាក់ម៉ារីណា នឹងស្បែកជើងកែងចោទ ប្អូនស្រីគាត់ និងក្មួយគាត់ ព្រួតគ្នាវាយទាត់ធាក់។ ឃួន សុផល បានញាក់មុខឲ្យក្មួយគាត់ទៅយកដបទាំងអាស៊ីត គាត់ជះលើ ម៉ារីណា ពីក្បាលដល់ចង្កេះ គឺចាក់ពេញខ្លួន ម៉ារីណា ប្រហែល៤៥ភាគរយ»។
សាក្សីម្នាក់ដែលឃើញហេតុការណ៍ជាអ្នកប្រកបរបររត់ម៉ូតូឌុប បាននិយាយថា៖«ម្នាក់នោះ មួយក្រុមនោះ បានវាយប្រហារដោយការវាយតប់ បោចសក់ ទាត់ក្បាល ហើយចាក់ទឹក ដែលក្រោយមកទើបដឹងថា នោះជាទឹកអាស៊ីត»។
តាត ម៉ារីណា បានរំឭកដល់ពេលនោះថា៖«ខ្ញុំចាប់មានអារម្មណ៍ដូចជាក្តៅលើស្បែក ពីកដល់ចង្កេះ ដល់ខ្ញុំដឹងខ្លួនឡើង ដឹងថា មានទឹកអាស៊ីតនៅពេញខ្លួនខ្ញុំ នៅលើមុខខ្ញុំ ខ្ញុំងាករកមើលអ្នកជះទឹកអាស៊ីត ខ្ញុំក្តៅពាសពេញរាងកាយ ហើយខ្ញុំស្រែកឲ្យគេជួយ ទឹកអាស៊ីតពេញលើខ្លួនខ្ញុំ ធ្វើឲ្យខ្ញុំក្តៅពាសពេញខ្លួន ខ្ញុំមិនអាចបើកភ្នែកបាន ខ្ញុំគិតថា ខ្ញុំប្រាកដជាខ្វាក់ហើយ»។
សាក្សីម្នាក់ជាអ្នករត់ម៉ូតូឌុបនោះ បានបន្តថា៖«ខ្ញុំបានឃើញជនរងគ្រោះមានសភាពទ្រុឌទ្រោម ហើយឡើងពណ៌សពេញខ្លួន»។
ស្រីពៅ និយាយថា៖ «ពេលទៅដល់ខ្ញុំស្លុតមែនទែន ខ្ញុំស្លុតខ្លាំងណាស់ នៅពេលឃើញមុខប្អូនខ្ញុំដូចបិសាច»។
Sequndo និយាយថា៖ «នៅពេលនាងត្រូវគេវាយសន្លប់បាត់ស្មារតី ពេលឃួន សុផល ជះទឹកអាស៊ីតលើនាង ការចុកចាប់បានធ្វើឲ្យនាងដឹងខ្លួនឡើងវិញ។ ស្រីចាស់នោះបានរត់ទៅក្នុងឡានទាញយកកាបូប ប្អូនប្រុសខ្ញុំដេញតាមគាត់ ទាញសក់គាត់ ដល់ងាកមកឃើញផ្សែងហុយពេញខ្លួន ម៉ារីណា ប្អូនខ្ញុំលែងសក់គាត់ បែរមកជួយសង្គ្រោះ ម៉ារីណា វិញ គឺពេលនោះហើយ ដែលជនដៃដល់ទាំងនោះ បានរត់គេចខ្លួនបាត់ទៅ»។
ម៉ារីណា នៅតែដក់ជាប់មុខស្ត្រីវ័យចំណាស់ក្នុងចិត្តជានិច្ច នាងនិយាយថា៖«ខ្ញុំនៅចាំមុខស្ត្រីម្នាក់នោះ ខ្ញុំចាំមិនភ្លេចទេ បងស្រីខ្ញុំយកក្រណាត់គ្របខ្ញុំ ឱបខ្ញុំហើយដឹកខ្ញុំយកទៅមន្ទីរពេទ្យ(ពេទ្យកុសមៈ) »។
នាងបន្តថា៖«ខ្ញុំមិនបានដឹងថា ខ្ញុំត្រូវរបួសធ្ងន់ប៉ុនណាទេ តែក្រោយមកខ្ញុំបានទទួលក្រែមសម្រាប់លាបស្បែក វេជ្ជបណ្ឌិតត្រូវកាត់ត្រចៀកខ្ញុំទាំងពីរ ខ្ញុំមិនចង់រស់ទៀតទេ»។
Sequndo បន្តម្តងថា៖«នៅពេលខ្ញុំទៅដល់ស្រុកខ្មែរភ្លាម ខ្ញុំបានទៅមន្ទីរពេទ្យព្រះកុសមៈ នៅពេល ម៉ារីណា ឮសំឡេងខ្ញុំ នាងក៏ស្រែកហៅឈ្មោះខ្ញុំ ខ្ញុំរត់ចូលទៅក្នុងបន្ទប់ អ្វីៗដែលខ្ញុំបានឃើញគឺមនុស្សថ្មីម្នាក់ដែលគ្មានស្បែកមានបង់ រុំពាសពេញ ស្រីស្គមរីងរៃដេកលើគ្រែ... រូបរាងនាងខុសប្លែកស្រឡះពីអ្វីដែលខ្ញុំធ្លាប់ឃើញពីមុន នាងរៀបរាប់ប្រាប់ខ្ញុំពីការវាយប្រហារលើរូបនាង»។
លោកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រឆាំងមានប្រសាសន៍ថា៖«ប្រជា រាស្ត្រស្រែកទាមទារយុត្តិធម៌ឲ្យនាង តាត ម៉ារីណា ក៏ប៉ុន្តែប្រព័ន្ធតុលាការ ការពារអ្នកប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងពេញទំហឹង»។
លោក Jason Barber ប្រធានគម្រោងប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការលីកាដូ មានប្រសាសន៍ថា...។
នេះជាការរៀបរាប់ដំណើររឿងរបស់ តាត ម៉ារីណា និងក្រុមគ្រួសារ នៅដើមរឿង និងមូលហេតុមុននឹងឈានដល់ការជះទឹកអាស៊ីតយ៉ាងសាហាវ។ ចង់ដឹងថា តើជីវិត តាត ម៉ារីណា នឹងទៅជាយ៉ាង សូមរង់ចាំអានបន្តនៅថ្ងៃស្អែក៕
------------------------------
http://www.postkhmer.com/