Lionel Messi តារាឆ្នើមក្រុម FC Barcelona បានលើកឡើងថា ខ្លួនមិនចាប់អារម្មណ៍ ហើយក៏មិនដែលគិតចង់ប្រៀបធៀបជាមួយ Cristiano Ronaldo របស់ក្រុម Real Madrid អ្វីឡើយ ដោយគ្រាន់តែផ្ដោតអារម្មណ៍ចង់ជួយតែក្រុម Barca ប៉ុណ្ណោះ។

Messi បានប្រាប់ដល់ MBC ម្សិលមិញថា៖ “សារព័ត៌មាន តែងតែធ្វើការប្រៀបធៀបគ្រប់បែបយ៉ាងទាំងអស់។ ប៉ុន្តែរឿងតែម្យ៉ាងដែលខ្ញុំចង់បានគឺ គ្រាន់តែចង់ជួយក្រុមរបស់ខ្ញុំ ឲ្យកាន់តែខ្លាំងឡើងជាងឆ្នាំមុនៗ។ ខ្ញុំមិនបានប្រៀបធៀបខ្លួនរបស់ខ្ញុំ ទៅនឹង Cristiano ឬក៏នរណាម្នាក់ឡើយ។ ខ្ញុំគ្រាន់តែគិតពីខ្លួនខ្ញុំ មិត្តរួមក្រុមខ្ញុំ និងចង់ឈ្នះការប្រកួតតែប៉ុណ្ណោះ”។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Messi និង CR7 តែងតែត្រូវបានគេប្រៀបធៀបគ្នា និងមានមតិខ្វែងគ្នា ថានរណាជាកំពូលកីឡាករលើលោក។ យ៉ាងណា តារាឆ្នើមទាំង២រូបនេះ នឹងត្រូវប៉ះគ្នាជាថ្មីម្ដងទៀត នាថ្ងៃទី០២ ខែមេសាខាងមុខនេះ ក្នុងជំនួប El Clasico៕