ប្រសិនបើលោកអ្នកត្រូវបានគេសួរថាអំពីកត្តាចាំបាច់មួយណាដែលសំខាន់ជាងគេក្នុងការរក្សាចំណងអាពាហ៍ពិពាហ៍អោយបានគង់វង្សយូរអង្វែង អ្នកប្រហែលជាឆ្លើយថា “ទំនាក់ទំនង”។
ជាការពិតពុំអាចប្រកែកបាន ការប្រាស្រ័យទាក់ទងគ្នាគឺជាសំខាន់ខ្លាំងណាស់ក្នុងទំនាក់ទំនងស្នេហា ជាពិសេសនោះគឺជីវិតអាពាហ៍ពិពាហ៍តែម្ដង។ ការទាក់ទងគ្នាផ្ដោតសំខាន់ទៅលើ ការស្ដាប់គ្នា ក៏ដូចជាការចែករំលែក និងការបញ្ចេញយោបល់អោយគ្នា។ ការធ្វើបែបនេះគឺជាការរឹតបន្តឹងចំណងស្នេហារបស់អ្នកទាំងពីរអោយកាន់តែរឹងមាំឡើង។
មុនពេលដែលលោកអ្នកឈានជើងចូលក្នុងការបង្កើតគ្រួសារមួយដ៏កក់ក្ដៅ លោកអ្នកគប្បីសួរខ្លួនឯង ក៏ដូចជាដៃគូរបស់លោកអ្នកនូវសំណួរមួយចំនួនជាមុនសិន។ ការធ្វើបែបនេះនឹងជួយអោយលោកអ្នកប៉ាន់ស្មានបាននូវរឿងដែលអាចនឹងកើតឡើងនៅថ្ងៃមុខ ហើយវានឹងជួយអោយលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការចាប់ដៃគ្នាសាងអនាគតគ្រួសារមួយដ៏កក់ក្ដៅប្រកបដោយភាពជោគជ័យ។
ថ្ងៃនេះ Cambomag នឹងផ្ដល់នូវកម្រងសំណួរមួយចំនួនដែលលោកអ្នកគួរតែសួរដៃគូរបស់លោកអ្នក។ ចូរកុំស្ទាក់ស្ទើរក្នុងការសួរអី ព្រោះថាវាអាចនឹងជួយជីវិតស្នេហារបស់លោកអ្នក។
១. តើបងអាចជួយអ្វីអូនបានខ្លះ?

នៅពេលដែលលោកអ្នកបានរៀបការហើយ វាចាំបាច់ណាស់ក្នុងការចែករំលែកកិច្ចការគ្នាធ្វើ។ ការដែលសួរសំណួរមួយនេះទៅកាន់ភរិយារបស់អ្នក វាអាចនឹងជួយអោយនាងគិតថានាងគឺជានារីសំណាងបំផុតក្នុងពិភពលោក។ ចូរសួរសំណួរមួយនេះទៅកាន់នាងអោយបានយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃដើម្បីធ្វើអោយនាងមានអារម្មណ៍ស្រស់ស្រាយព្រោះថាលោកអ្នកយកចិត្តទុកចំពោះទុក្ខធុរៈរបស់នាង។
២. តើធ្វើបែបនេះល្អទេ?

ក្រោយពេលរៀបការ អ្នកទាំងពីរក្លាយទៅជាមនុស្សតែម្នាក់។ ទោះជាយ៉ាងនេះក្ដី វាបង្ហាញពីការគោរពមួយក្នុងការសាកសួរយោបល់ពីដៃគូរបស់លោកអ្នកសិន មុនពេលសម្រេចចិត្តធ្វើអ្វីមួយ។
៣. តើអូនព្រមលើកលែងទោសអោយបងទេ?

បុរសខ្លះតែងតែគិតថាអ្វីដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ ហើយស្ត្រីគឺជាអ្នកដែលតែងបង្កើតកំហុស។ អាកប្បកិរិយាបែបនេះ មិនបានធ្វើអោយនរណាម្នាក់សប្បាយចិត្តទេ។ ម៉្លោះហើយនៅពេលដែលលោកអ្នកដឹងខ្លួនថាបានបង្កើតកំហុសណាមួយ ចូរកុំមានការអៀនខ្មាសក្នុងការសុំអភ័យទោសពីនាង។ គ្រាន់តែនិយាយពាក្យថាសុំទោសមួយមាត់វាមិនមែនជារឿងថោកទាបអីនោះទេ តែវាបញ្ជាក់ពីការដឹងខុស និងទំនួលខុសត្រូវ។
៤. អូនអាចជួយពន្យល់បងរឿងខ្លះបានទេ?
នៅពេលដែលលោកអ្នកមិនយល់នៅរឿងណាមួយ ចូរកុំធ្វើជាចេះអី។ វិធីដ៏ល្អបំផុតគឺសាកសួរចំណេះដឹងខ្លះៗពីនាង ព្រោះដើម្បីធ្វើអោយនាងយល់ថាអ្នកក៏ត្រូវការគំនិតរបស់នាង អ្នកអោយតម្លៃនាង អ្នកអើពើយកចិត្តទុកដាក់ចំពោះនាង ដែលជួយអោយនាងមានសេចក្ដីសុខនៅក្នុងគ្រួសារមួយនេះ។ ទោះបីជាពេលខ្លះនាងហាក់ដូចជាពុំដឹងថាគួរផ្ដល់យោបល់អោយអ្នកក៏ដោយ ក៏ការធ្វើបែបនេះផ្ដល់នូវភាពសំខាន់អោយទៅនាងបានដែរ។
៥. ទទួលយកយោបល់របស់បងទេ?

នៅពេលដែលលោកអ្នកកំពុងតែជជែកគ្នាអំពីប្រធានបទណាមួយ ច្បាស់ណាស់នឹងមានការខ្វែងគំនិតគ្នាជាក់ជាមិនខាន។ ម្ល៉ោះហើយវាជាការប្រសើរក្នុងការស្នើសុំអោយនាងទទួលយកការបញ្ចេញមតិរបស់លោកអ្នក។ ការសម្របសម្រួលគ្នាជារឿងចាំបាច់បន្ទាប់ពីការមិនយល់ចិត្តកំឡុងពេលមានជម្លោះពាក្យសម្ដី។ ការស្នើសុំអោយនាងទទួលយកយោបល់ល្អៗរបស់អ្នកដោយការលួងលោម នឹងធ្វើអោយនាងមានចិត្តស្ងប់ដែលអាចអោយនាងមិនមានចិត្តរឹងរួសក្នុងការទទួលយកគំនិតរបស់លោកអ្នក។
៦. តើក្ដីស្រម៉ៃរបស់អូនគឺជាអ្វី?

វាជាការប្រសើរណាស់ក្នុងការសួរសំណួរមួយនេះទៅកាន់នាង។ ការដែលលោកអ្នកចង់ដឹងពីក្ដីប្រាថ្នារបស់នាង មានន័យថាអ្នកក៏ចង់ជួយនាងក្នុងការធ្វើអោយបំណងប្រាថ្នារបស់នាងបានសម្រេចដូចគ្នា។ នាងនឹងយល់ថានាងពិតជាមិនឯកាទេ ព្រោះនាងតែងមានបុរសម្នាក់ដែលនៅក្បែរនាងគ្រប់ពេលវេលា។
៧. តើបងគួរធ្វើយ៉ាងណាទើបធ្វើអោយអូនកាន់តែសប្បាយចិត្ត?

នេះជាសំណួរមួយដ៏សំខាន់បំផុតក្នុងចំណោមសំណួរទាំងប្រាំពីរ។ វាជាសំណួរមួយដែលមានន័យជ្រៅមែនទែន ព្រោះថាអ្នកពិតជាគិតបានវែងឆ្ងាយ អ្នកខ្វាយខ្វល់ពីសុខទុក្ខរបស់នាង អ្នកបារម្ភខ្លាចនាងពិបាកចិត្ត។ ម៉្លោះហើយ អ្នកតែងសួរសំណួរនេះទៅកាន់ដើម្បីធ្វើអោយនាងយល់ថា នាងពិតជានារីម្នាក់ដែលបានធ្វើការសម្រេចបានត្រឹមត្រូវបំផុតដែលបានជ្រើសរើសអ្នកជាដៃគូជីវិត។
ប្រភពៈ boldsky
ដោយៈ Gemini Fleta