ភ្នំពេញ៖ លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៥នេះ លោកមានអាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។ នៅជំនាន់នោះ កម្ពុជាគ្មានស្ថាបត្យករច្រើនទេ ហើយប្រជាជនទូទៅក៏មិនសូវស្គាល់អាជីពនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីជំនាន់នោះ ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍ដែលលោកតា វណ្ណ ម៉ូលីវណ្ណ បានធ្វើឡើងជាមួយវិទ្យាស្ថានសិល្បៈ និងវប្បធម៌រៃយំកាលពីឆ្នាំ២០០១ ។ នៅក្នុងបទសម្ភាន៍នេះ លោកតា វណ្ណ លើកឡើងពីប្រវត្តិនៃការកសាងទីក្រុងភ្នំពេញ និងស្នាដៃរបស់លោកកាលពីជំនាន់មុន៕ (បទសម្ភាសន៍ទាំងស្រុងដកស្រង់ចេញពីវិទ្យាស្ថានសិល្បៈ និងវប្បធម៌ REYUM)
វ.ម៖ សូមអញ្ជើញក្មួយ
រៃយំ៖ លោកតាធ្លាប់បានធ្វើការងារយ៉ាងច្រើន ជារដ្ឋមន្ត្រីផង ជាស្ថាបត្យករផង ជាអ្នករៀបចំក្រុងផង ហើយធ្លាប់ឆ្លងកាត់ច្រើនសម័យម្ល៉ោះហើយយើងមានសំណួរច្រើនចង់សួរលោកតា តែថ្ងៃនេះសូមនិយាយតែអំពីការរៀបចំក្រុង និងស្ថាបត្យកម្មរបស់លោកតាខ្លះៗ។
វ.ម៖ ល្អ! ចង់ដឹងអីខ្លះ ?
រៃយំ៖ ចាប់ផ្តើមនិយាយអំពីរឿងការរៀបចំក្រុង។ ក្នុងទសវត្ស៦០ លោកតាបានរៀបចំ និងសាងសង់តំបន់មួយដែលគេហៅថា «ឆ្នេរទន្លេបាសាក់» ជាភាសាបារាំងគេហៅថា «Le Front du Bassac» លោកតាអាចនិយាយអំពីការងារនេះបានទេ ?
វ.ម៖ ចង់និយាយអំពីការរៀបចំតំបន់បាសាក់ហ្នឹង គឺត្រូវនិយាយអំពីការរៀបចំតំបន់ក្រុង និងការសាងសង់សំណង់ផង។ ត្រូវយល់ថាគម្រោងរៀបចំតំបន់បាសាក់នោះ ជាផ្នែកមួយនៃផែនការរៀបចំក្រុងទាំងមូលដែលយើងបានចាប់ផ្តើមអនុវត្តន៍នៅសម័យទសវត្ស៦០នោះ។ ម្ល៉ោះហើយមុននឹងនិយយាលម្អិតអំពីតំបន់បាសាក់នេះ គឺត្រូវនិយាយអំពីបញ្ហាទូទៅបន្តិចបន្តួចសិន។
ចំណុចទី១ និយាយអំពីភូមិសាស្ត្រ។ ភ្នំពេញស្ថិតនៅកន្លែងទន្លេចតុមុខជាភូមិសាស្ត្រដែលមានលក្ខណៈពិសេស។ ទន្លេមេកុងហូរខ្លាំង ពេលខែវស្សាហូរចូលទៅខាងទន្លេសាប ហើយដល់ខែទឹកស្រកហូរត្រឡប់មកវិញចាក់ទៅសមុទ្រតាមទន្លេបាសាក់ និងទន្លេមេគង្គ គឺថាត្រង់ហ្នឹងមានចលនាទឹកច្រើន ដីល្បាប់ដុះ ជាពិសេសជ្រោយចង្វា គឺដុះទៅខាងត្បូង។ តាមការពិនិត្យ និងស្រាវជ្រាវតំបន់ហ្នឹង ឃើញថាក្នុងរយៈពេល៥០ឆ្នាំកន្លងមក មុខជ្រោយចង្វាបានដុះជាង១០០ម៉ែត្រ ម្តុំហ្នឹងជាចំណុចដែលផ្ទៃដីមានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែដីល្បាប់គឺកន្លែងនេះអាចប្រៀបធៀបជាមួយនឹងវាលភក់នៅច្រកចូលបឹងទន្លេសាប។ ពេលនោះរដ្ឋឧស្សាហ៍បូមដីចេញដើម្បីឲ្យកប៉ាល់ធំអាចចូលទៅដល់កំពង់ផែបាន។ គេបូមយកទៅបំពេញកន្លែងដែលទឹកលិចនោះ និងតាមមាត់ទន្លេបាសាក់ ម្តុំ«ប៊ូលឌិញ» សួនច្បារវិមានឯករាជ្យ និងតំបន់ផ្សារកាប់គោ។ ផ្ទៃដីដែលបានដោយសារបូមដីដាក់នេះ រដ្ឋយកទៅប្រើក្នុងគម្រោងរៀបចំក្រុង។
ចំណុចទី២ ភ្នំពេញជាទីក្រុងដែលឋិតនៅលើភូមិសាស្ត្រមាត់ទន្លេ គឺនៅក្បែរមាត់ទន្លេនោះមានដីខ្ពស់ តែផុតពីហ្នឹងទៅគឺសុទ្ធតែបឹង និងស្រែដែលមានទឹកលិចនៅខែវស្សា ម្ល៉ោះហើយការពង្រីកក្រុងរហូតមកដល់សព្វថ្ងៃគឺធ្វើតាមការបូមដីបំពេញបឹង និងការលើកទំនប់ការពារកុំឲ្យលិចទីក្រុង។ ម្ល៉ោះហើយក្រុងភ្នំពេញសាងសង់នៅលើផ្ទៃដីមិនសូវហាប់ល្អ។ លក្ខណៈនេះមិនមែនមានតែក្រុងភ្នំពេញទេ មានក្រុងគេដទៃទៀតដែលសាងសង់លើផ្ទៃដីដែលមិនហាប់ល្អ ដូចទីក្រុង Venice ឬក្រុងបាងកក ដែលរាល់ថ្ងៃស្រុតចុះបន្តិចម្តងៗ។ បើនិយាយអំពីសំណង់នៅក្រុងភ្នំពេញទាំងអស់គឺមានតែស្ពានជ្រោយចង្វា និងស្ពានច្បារអំពៅដែលបានចាក់គ្រឹះលើផ្ទៃដីហាប់មាំ។ ចំពោះស្អានជ្រោយចង្វា គ្រឹះបុករហូតដល់ទៅជម្រៅពី៣០ទៅ៤០ម៉ែត្រ ហើយស្ពានច្បារអំពៅមានគ្រឹះជម្រៅពី១០ទៅ៣០ម៉ែត្រ។ ដល់ជម្រៅហ្នឹងទើបអាចថាជាស្រទាប់ដីរឹងណែនល្អ។ ប៉ុណ្ណឹងផងស្ពានច្បារអំពៅធ្លាប់បាក់ម្តង គឺក្នុងឆ្នាំ១៩៦៤ ដោយសារការចាក់បេតុងទប់មាត់ច្រាំងម្តុំផ្សារច្បារអំពៅធ្វើឲ្យមានការប្រែប្រួលចរន្តទឹក។
ចំណុចទី៣ គឺបញ្ហាទឹកជំនន់។ ភ្នំពេញជាតំបន់មួយទាបកម្រិតទឹកជំនន់ខ្ពស់ជាងគេគឺកម្រិត១២ម៉ែត្រ ទំនប់ការពារទឹកមកពីខាងលិចក្រុងគឺមានទំនប់ទួលគោក ដែលមានកម្ពស់១២ម៉ែត្រ បើសិនជាទឹកជំនន់មិនឡើងហួស១២ម៉ែត្រហ្នឹង មិនអីទេ តែបើសិនជាវាឡើងខ្ពស់ជាងហ្នឹង នោះមានបញ្ហាហើយ។ សព្វថ្ងៃនៅខែមេសាពេលទឹកឡើង មួយភាគបីនៃទីក្រុង
ភ្នំពេញគឺត្រូវលិចទឹកដោយសារតែប្រព័ន្ធបង្ហូរទឹកចេញមិនដំណើរការល្អ។ ពេលនោះខ្ញុំតែងតែអំពាវនាវឲ្យមានការរៀបចំការពារមាត់ច្រាំង ទឹកជំនន់មកពីខាងលិច ពីកំពង់ស្ពឺមកផង និងមកពីខាងកើត គឺមកពីទន្លេផង។ នៅពេលប្រព័ន្ធទឹកជំនន់ពីរនេះជួបគ្នា អាចមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះទីក្រុងភ្នំពេញ ម្ល៉ោះហើយទើបយើងត្រូវតែធ្វើយ៉ាងម៉េចដើម្បីការពារឲ្យបានល្អ។ បញ្ហាទឹកជំនន់ជាបញ្ហាធំតាំងពីដើមមកសព្វថ្ងៃក៏អញ្ចឹង បើសិនជាដោះស្រាយរឿងនេះមិនបានល្អ គឺរាល់ឆ្នាំមានបញ្ហាសុខភាព និងអនាម័យ ដែលបណ្តាលឲ្យមានជំងឺផ្សេងៗ កើតឡើងនៅពេលមានទឹកលិចក្រុងម្តងៗ។
ទាំងនេះជាបញ្ហាទូទៅ បើគ្រាន់តែនិយាយអំពីភូមិសាស្ត្រអត់និយាយពីរឿងដទៃទៀត។ តែចំណុចនេះសំខាន់ត្រូវដឹងមុនរៀបចំក្រុង។ សំណួរក្មួយគឺសំដៅលើការរៀបចំតំបន់បាសាក់ មិនអញ្ចឹង ?
រៃយំ៖ បាទ ហ្នឹងហើយលោកតា
វ.ម៖ នៅក្នុងទសវត្ស៦០ ដែលហៅថាគម្រោងរៀបចំតំបន់បាសាក់នោះ «Le Front du Bassac» គឺជាគំនិតរៀបចំ សាងសង់តំបន់មាត់ទន្លេបាសាក់ ចាប់ពីម្តុំសាលចុមុខទៅដល់គល់ស្ពានច្បារអំពៅ និងសងសង់លំនៅដ្ឋានសម្រាប់ប្រជាជន សំណង់សាធារណៈផ្សេងៗ ដូចជាសាលប្រជុំ រោងល្ខោន សាលតាំងពិព័រណ៍ ផ្សារ។ល។ នេះជាគំនិតទូទៅ តែយើងមិនទាន់មានលទ្ធភាពធ្វើទាល់តែមានឱកាសមួយគឺនៅពេលរៀបចំ ហ្កាណេហ្វូ (ការរៀបចំទទួលហ្កាណេហ្វូ អាស៊ីលើកទី១ ចាប់ផ្តើមថ្ងៃទី២៦ ខែវិច្ឆិកា-៦ខែធ្នូ ឆ្នាំ១៩៦៦) (GANEFO) ។ គឺថាពេលនោះ ព្រះករុណាសីហនុ លោកបានបញ្ជាឲ្យយើងរៀបចំសាងសង់រចនាសម្ព័ន្ធដើម្បីទទួលហ្កាណេហ្វូ។ សម័យនោះគណៈកម្មការរៀបចំកីឡាអូឡាំពិក គេហោថា IOC មិនទទួលស្គាល់ប្រទេសក្រៅពីប្រទេសដែលស្ថិតនៅក្នុងចំណោមប្រទេសសេរី (គេហៅ «free world») គឺគេមិនព្រមឲ្យប្រទេស ដូចប្រទេសចិន ឬក៏សហភាពសូវៀត រៀបចំកីឡាអូឡាំពិក (Olympic Games) ទេ។ ដល់អញ្ចឹងទៅប្រទេសចិន និងប្រទេសមួយចំនួននៃក្រុមប្រទេសអព្យាក្រិត (Non Aligned Countries) ដែលមានខ្មែរនៅក្នុងនោះ ស្រុះគ្នាបង្កើតហ្កាណេហ្វូ។ ប្រទេសដែលរៀបចំហ្កាណេហ្វូ លើកទី១គឺប្រទេសឥណ្ឌូណេស៊ីនៅទីក្រុងហ្សាកាតា ហើយក្រោយមកក្នុងឆ្នាំ១៩៦៤ ប្រទេសកម្ពុជាជាអ្នករៀបចំហ្កាណេហ្វូនេះ។ ដូច្នេះហើយបានព្រះករុណា លោកបញ្ជាឲ្យធ្វើ គឺថារៀបចំស្តាតអូឡាំពិក (Stade Olympic)។ ពីមុនកន្លែងហ្នឹងជាកន្លែងប្រណាំងសេះ ដែលគេហៅថា hippodrome។ ម្យ៉ាងទៀតគឺត្រូវរៀបចំតំបន់មួយសម្រាប់កីឡាកររាប់ម៉ឺននាក់ដែលត្រូវមកចូលរួមនោះឲ្យគេរស់នៅស្រួលបួល។ ដូច្នោះក៏បានសម្រេចថាយកតំបន់មាត់ទន្លេបាសាក់ហ្នឹងមកធ្វើ។ ត្រូវជ្រាបថាតំបន់ផ្សារកាប់គោហ្នឹង គឺជាតំបន់លិចទឹក ហើយមានព្រែក និងស្ពានដែលគេហៅថាស្ពានកូនកាត់ ម្ល៉ោះហើយដីដែលមានសព្វថ្ងៃនេះគឺគេបូមដាក់បំពេញទេ។
រៃយំ៖ អញ្ចឹងមានន័យថា ហ្កាណេហ្វូ ធ្វើឲ្យមានគម្រោង Le Front du Bassac ហ្នឹងកើតឡើង។
វ.ម៖ និយាយអញ្ចឹងក៏បាន តែយើងមានគំនិតច្បាស់លាស់ហើយមុនហ្នឹង។ ត្រូវជ្រាបថា នៅពេលនោះក្រោមការដឹកនាំរបស់ព្រះករុណាសីហនុ ព្រះប្រមុខរដ្ឋ យើងកំពុងតែកសាងជាតិទាំងមូលលើគ្រប់វិស័យ ម្នាក់ៗមានទឹកចិត្ត មានការរំភើប ខំប្រឹងរកមធ្យោបាយធ្វើការកសាងជាតិដែលទើបតែបានឯករាជ្យ។ ដូចខ្ញុំជាដើម ពេលនោះនៅក្មេងមិនដឹងថាធ្វើកើត មិនកើត តែមានចិត្តខំប្រឹងណាស់យើងទាំងអស់គ្នាគឺអញ្ចឹង។ ការរៀបចំគម្រោងនោះកើតឡើងដោយសារយើងដឹងថាចំនួនប្រជាជននឹងកើនឡើង ហើយក្រុងនឹងត្រូវរីកកើនឡើង ម្ល៉ោះហើយត្រូវដោះស្រាយបញ្ហានេះមុននឹងវាកើតឡើង។ ហ្នឹងហើយគេហៅថារៀបចំក្រុង គឺថាត្រូវគិតវែងឆ្ងាយ។ តែអកុសលមានសង្គ្រាម និងវិបត្តិផ្សេងៗមិនបានធ្វើការងារតាមគំនិតនោះឲ្យបានចប់រួចរាល់។
រៃយំ៖ តើមុនរៀបចំកន្លែងទាំងនេះ មានផ្ទះប្រជាជនដែរឬអត់?
វ.ម៖ មានខ្លះដែរ។
រៃយំ៖ ហើយធ្វើយ៉ាងម៉េចទៅ លោកតា?
វ.ម៖ គេឲ្យទៅនៅម្តុំស្ទឹងមានជ័យ តែរដ្ឋរៀបចំឲ្យស្រួលបួលណាស់ គេបានយកឡានមកដឹងឥវ៉ាន់ឲ្យ គេឲ្យដីឬក៏លក់ឲ្យថោកមែនទែន។ ហើយតំបន់ដែលគេឲ្យទៅនៅនោះ គឺមានប្រព័ន្ធទឹក មានផ្លូវ មានប្រព័ន្ធលូ អត់តែអគ្គិសនីតែប៉ុណ្ណោះ។ គំនិតខ្ញុំពេលនោះ គឺថាធ្វើយ៉ាងម៉េចបង្កើត នឹងសាងសង់ផ្ទះសម្រាប់ឲ្យខ្មែរនៅក្នុងក្រុង ជាពិសេសសម្រាប់អ្នកក្រ ឬអ្នករាជការដូចជាគ្រូជាដើម ដែលមិនសូវមានលុយកាក់ទិញដីឡូត៏ ឬវិឡា។ ធ្វើដូច្នេះដោយសន្សំសំចៃដីធ្លី គឺមានតែសង់ផ្ទះត្រួតលើគ្នាច្រើជាន់ហ្នឹង។ រឿងនេះពិបាក ព្រោះខ្មែរមិនធ្លាប់រស់នៅយ៉ាងហ្នឹងទេ។ ពេលនោះខ្ញុំទើបតែមកពីស្រុកបារាំង ក៏ចង់យកចំណេះដែលបានរៀននៅស្រុកបារាំងនោះមកប្រតិបត្តិមើល តើធ្វើកើត ឬមិនកើត ទុកជាការពិសោធន៍ដំបូងមួយ។ ជំនាន់ខ្ញុំនៅរៀនក្នុងពិភពលោក គឺមានចលនាទ្រឹស្តីស្ថាបត្យកម្មដែលគេនិយមឲ្យបង្កើតក្រុងបែបពាក្យបារាំង La ville radieuse ប្រែមកថា ទីក្រុងស្រស់ស្អាត មានន័យថាមានសោភ័ណភាព និងបរិយាកាលល្អ ដើម្បីរស់នៅបានស្រួល។ ដូច្នោះហើយបានយកទ្រឹស្តីទាំងអស់នេះមករៀបចំមុនដំបូងបំផុតនៅក្នុងភ្នំពេញយើង។ មានន័យថានៅពេលសង់ផ្ទះ ត្រូវគិត និងរៀបចំយ៉ាងណាឲ្យមានសួនច្បារនៅជុំវិញ។ ខ្មែរធ្លាប់តែនៅជើងជាប់នឹងដី មានសួនច្បារ ផ្ទះក្បឿងគឺខាងក្រោមដាក់របស់អាជីវកម្ម រទេះគោ ជុំវិញសុទ្ធតែមានដាំស្លឹកគ្រៃ ម្ទេស ផ្លែឈើ ចេ ។ល។ នៅតាមដងទន្លេ ដីមានជីជាតិល្អ ធ្វើចម្ការបានផលល្អ ខ្យល់រហើយទឹកក៏ប្រើប្រាស់បាន។ ដូច្នោះហើយមិនសូវចេះនៅក្នុងផ្ទះរបៀបក្រុងទេ។ ពេលសង់ផ្ទះ «ប៊ូលឌិញ» នេះ ជាការសាកល្បងធ្វើផ្ទះឲ្យគាត់នៅក្នុងក្រុងបាន។ ម្ល៉ោះហើយផ្ទះនីមួយៗនៅប៊ូលឌិញនេះ គិតយ៉ាងម៉េចឲ្យមានខ្យល់ចេញចូល រហើយដូចផ្ទះគេនៅតាមទន្លេអញ្ចឹង បានធ្វើបង្អូច និងទ្វារទាំងសង់ខាងផ្ទះ គឺថាមានបង្អូចបែរទៅមុខមាត់ទន្លេផងឲ្យខ្យល់ចូលមកពីខាងកើត និងមានបង្អូចបែរទៅខាងក្រុងដែលឲ្យខ្យល់ចូលពីខាងលិចផង។ ប៉ុន្តែត្រង់នេះសូមបញ្ជាក់ថា ខ្ញុំមិនដែលហ៊ានធ្វើផ្ទះបណ្តោយថ្ងៃ ព្រោះខាងលិចចំថ្ងៃរសៀលក្តៅណាស់។ នេះដោយសារណ្តោយតាមដងទន្លេ បានខ្ញុំធ្វើដូច្នេះ។ ម្យ៉ាងទៀតដើម្បីកុំឲ្យក្តៅពេកនោះ បានខំដាំដើមស្រល់មួយជួរនៅខាងលិចប៊ូលឌិញនោះដើម្បីឲ្យបានម្លប់ខ្លះ។ រួចហើយដើម្បីឲ្យស្រឡះ និងមានទីធ្លាដើរលេងបានជាធ្វើសួនច្បារជុំវិញសំណង់នោះ។ ដូច្នោះពីកន្លែងមួយទៅកន្លែងមួយ មានសួនច្បារមួយ ហើយផ្ទះនេះបែរទៅរកមាត់ទន្លេផង គឺមានខ្យល់ខ្លាំង។ ម្យ៉ាងទៀតបើគិតពីរបៀបរស់នៅរបស់ខ្មែរគឺក្នុងផ្ទះប៊ូលឌិញនេះ យើងបានសង់បង្គន់ និងផ្ទះបាយនៅក្រៅដាច់ពីបន្ទប់ដេកឬទទួលភ្ញៀវ គឺដាក់នៅលើរានហាល ព្រោះពេលធ្វើម្ហូបអាហារ ខ្មែរច្រើនតែឆា ចៀន ដុតអុស ហុយផ្សេង មានក្លិន ម្ល៉ោះហើយត្រូវឲ្យផ្ទះបាយនៅក្រៅ ចំកន្លែងខ្យល់ចេញចូលល្អ៕
លោកតា វណ្ណ មូលីវណ្ណ និយាយរម្លឹកពីការកសាងរាជធានីភ្នំពេញពីអតីតកាល (ភាគទី២)
ភ្នំពេញ៖ លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៥នេះ លោកមានអាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។ នៅជំនាន់នោះ កម្ពុជាគ្មានស្ថាបត្យករច្រើនទេ ហើយប្រជាជនទូទៅក៏មិនសូវស្គាល់អាជីពនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីជំនាន់នោះ ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍ដែលលោកតា វណ្ណ ម៉ូលីវណ្ណ បានធ្វើឡើងជាមួយវិទ្យាស្ថានសិល្បៈ និងវប្បធម៌រៃយំកាលពីឆ្នាំ២០០១ ។ នៅក្នុងបទសម្ភាន៍នេះ លោកតា វណ្ណ លើកឡើងពីប្រវត្តិនៃការកសាងទីក្រុងភ្នំពេញ និងស្នាដៃរបស់លោកកាលពីជំនាន់មុន៕ (បទសម្ភាសន៍ទាំងស្រុងដកស្រង់ចេញពីវិទ្យាស្ថានសិល្បៈ និងវប្បធម៌ REYUM)
រៃយំ៖ លោកតា គំនិតសាងសង់បែបនេះលោកតាបានគិតមុនគេឬ?
វ.ម៖ អត់ទេក្មួយ! ទ្រឹស្តី និងគំនិតប្រើខ្យល់ធម្មជាតិ ពន្លឺអីហ្នឹងជាគំនិត (model) ដែលគេធ្លាប់ប្រើនៅស្រុកគេដទៃទៀតរួចមកហើយ។
រៃយំ៖ កាលហ្នឹង ដើម្បីសាងសង់គម្រោង Le Front du Bassac បានថវិកាមកពីណា?
វ.ម៖ គំនិតរបស់រដ្ឋ គឺថាចង់ឲ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពរស់នៅក្នុងផ្ទះណាមួយដោយខ្លួនឯងជាម្ចាស់ ទោះបីជាអ្នកក្រីក្រក៏ដោយ។ ម្ល៉ោះហើយរដ្ឋមិនចង់សង់ផ្ទះច្រើនដោយខ្លួនឯង ហើយជួលឲ្យគេនៅរហូត។ បើធ្វើដូចអញ្ចឹង រដ្ឋជាម្ចាស់ផ្ទះ អ្នកជួលគេមិនរវល់ គេអត់ថែទាំផ្ទះ វាឆាប់ខូចនិងហិនហោច។ ដូច្នោះពេលនោះរដ្ឋយើងមានគំនិតសាងសង់ផ្ទះមួយចំនួនសម្រាប់អ្នកក្រល្មមៗអាចជួលក្នុងម្លៃថោកល្មម តែនៅពេលគេរស់នៅនិងបង់ថ្លៃផ្ទះនោះយូរៗទៅ ឧទាហរណ៍ ក្នុងរយៈពេលម្ភៃឆ្នាំ ផ្ទះនោះនឹងក្លាយទៅជារបស់អ្នកជួលនោះតែម្តង មានន័យថាគេក្លាយទៅជាម្ចាស់ផ្ទះ។ ដល់អញ្ចឹងគេមានចិត្តចង់ថែទាំ និងកែច្នៃរៀបចំផ្ទះឲ្យបានល្អ។ ម្ល៉ោះហើយ សម័យនោះមានលុយកាក់មួយប្រភេទដែលគេហៅថា caisse de pension de retraite មានន័យថាលុយសន្សំសម្រាប់ពេលរ៉ឺត្រែត (retraite) ។ លុយនេះតម្កល់នៅក្នុងធនាគារជាតិ ហើយមានប្រាក់ការ។ ដូច្នោះរដ្ឋបានខ្ចីប្រាក់ការលុយប៉ង់ស្យុង (pension) នោះមកសាងសង់ ហើយថ្លៃឈ្នូលផ្ទះនោះសងបណ្តើរៗទៅឲ្យគេវិញ។ នៅសម័យនោះមានស្រុកដូចជាសឹង្ហបុរី ដែលគេធ្វើអញ្ចឹងដែរ សព្វថ្ងៃនេះបានជោគជ័យល្អណាស់។
រៃយំ៖ លោកតា! មុនដំបូងផ្ទះនោះអ្នកណាមកនៅ ?
វ.ម៖ មុនដំបូងគឺសង់សម្រាប់កីឡាករដែលមកចូលរួមក្នុងហ្កាណេហ្វូ ហើយក្រោយមកមានគ្រូបង្រៀន និងមន្ត្រីរាជការខ្មែរបានចាប់ផ្តើមទិញផ្ទះនោះជាល្វែង (appartement) មួយៗ ហើយល្វែងដែលនៅសល់គឺរដ្ឋយកមកប្រើ ដើម្បីទទួលអ្នកឯកទេសអន្តរជាតិដែលមកធ្វើការនៅស្រុកខ្មែរ ដូចជាអ្នកស្រីម៉ាឌឺលែន ស៊ីតូ (Maddeleine Giteau) ជាដើម។ និយាយបញ្ជាក់ម្តងទៀតថា គំនិតនេះក្នុងរយៈពេលយូរអង្វែង បន្តិចម្តងៗខ្មែរនឹងកាន់តែមានលទ្ធភាពមកនៅទីនោះបានកាន់តែច្រើនឡើងៗ។
រៃយំ៖ មុនប៊ូលឌិញ នៅស្រុកខ្មែរគ្មានសំណង់ច្រើនជាន់អញ្ចឹងទេ ?
វ.ម៖ ធ្លាប់មានផ្ទះច្រើនជាន់និងជាប់គ្នាហើយ គេហៅ កំប៉ាត់ទីម៉ង់ ស៊ីន័រ (compartiment chinois) គឺសព្វថ្ងៃគេហៅផ្ទះល្វែងរបៀបចិន ទទឹង៤ម៉ែត្រត្រួតៗលើគ្នា ដូចនេះផ្ទះនីមួយៗច្រើនតែមានពីរជាន់ ឬមានឡៅតឿ នៅក្រោមផ្ទះខាងមុខគេលក់ឥវ៉ាន់ ខាងក្រោមមានផ្ទះបាយ មានកន្លែងធ្វើការ បង្កបង្កើនឥវ៉ាន់ដើម្បីលក់ ហើយគេនៅខាងលើ ឬនៅលើឡៅតឿ។ ផ្ទះរបៀបនេះហប់ខ្យល់បន្តិច តែកូនចៅចិនគេធ្លាប់នៅ គេអាចនៅបាន។
រៃយំ៖ លោកតា មកដល់ពេលនេះ បាននិយាយខ្លះៗអំពីការរៀបចំក្រុង ឥឡូវសុំនិយាយអំពីស្នាដៃលោកតាខ្លះៗ។
វ.ម៖ បាទ!
រៃយំ៖ គេច្រើននិយាយថា លោកតាជាស្ថាបត្យករខ្មែរទំនើបមួយដោយសារបានយកលក្ខណៈស្ថាបត្យកម្មខែ្មរបុរាណមកច្នៃប្រឌិតឲ្យក្លាយទៅជាស្ថាបត្យកម្មខ្មែរថ្មី លោកតាពន្យល់បញ្ហាបានទេ ?
វ.ម៖ តាមពិតទៅពិបាកឆ្លើយណាស់ក្មួយ បញ្ហាស្ថាបត្យកម្មមានបែបបទច្រើន មានបញ្ហារូបរាង (forme) មានបញ្ហាសោភ័ណភាព (esthétique) មានបញ្ហាហ្វុងសូណាស់លីតេ (fonctionnalité) ។ល។ មានកត្តាច្រើនណាស់ ត្រូវការពេលវេលាច្រើនដើម្បីវែកញែកឲ្យច្បាស់។ តែបើនិយាយសរុបឲ្យខ្លី ពិតមែន ក្នុងការសាងសង់នីមួយៗរបស់ខ្ញុំ គឺខ្ញុំតែងតែដកស្រង់គំនិតពីស្ថាបត្យកម្មខ្មែរប្រពៃណី។ ឧទាហរណ៍ក្នុងសំណង់១០០ខ្នង ខ្ញុំដកស្រង់គំនិតពីផ្ទះខ្មែរ តែខ្ញុំយកមកធ្វើដោយមានការពិចារណា កែច្នៃចំណុចខ្លះឲ្យវាប្រសើរឡើង ដូចជាបង្អួចផ្ទះខ្មែរមានរាងតូចបន្តិច ដូច្នេះពេលខ្ញុំធ្វើបង្អួចផ្ទះ១០០ខ្នង ខ្ញុំបានពង្រឹកឲ្យវែង ដើម្បីខ្យល់ចេញចូលកាន់តែល្អឡើង ម្យ៉ាងទៀតសសរផ្ទះខ្មែរច្រើនតែធ្វើអំពីឈើ វាឆាប់ពុក ម្ល៉ោះហើយខ្ញុំបានយកស៊ីម៉ង់ត៍មកប្រើ ដើម្បីឲ្យមាំបានយូរ ដូច្នេះមិនមែនចម្លងទាំងស្រុងទេ គឺដកស្រង់គំនិតល្អៗយកមកប្រើ។ ម្យ៉ាងទៀតតួនាទីនៃសំណង់ដែលយើងសាងសង់ត្រូវមានឲ្យច្បាស់លាស់ គឺឲ្យវាដំណើរការស្រួលទៅតាមបែបបទទំនៀមទម្លាប់វប្បធម៌។ បើសង់សម្រាប់ខ្មែរ យើងត្រូវយល់ថា ខ្មែរគេរស់នៅយ៉ាងម៉េច ភូមិសាស្ត្រមានពន្លឺ មានខ្យល់ឬអត់។ ស្ថាបត្យករត្រូវយល់ច្បាស់អំពីភារកិច្ចរបស់ខ្លួន គឺមិនមែនសង់សម្រាប់ខ្លួនឯងទេ គឺធ្វើសម្រាប់អ្នកដទៃដែលគេរស់នៅ។ ម្ល៉ោះហើយត្រូវយល់ឲ្យច្បាស់ ស្តាប់គេ មើលគេមុននឹងសង់។ និយាយឲ្យខ្លីទៅ គឺគិតឲ្យច្បាស់លាស់ទើបសង់។
រៃយំ៖ ពេលលោកតារៀននៅស្រុកបារាំង លោកតាបានឃើញសំណង់ស្ថាបត្យកម្មរបស់បារាំង តើគំនិតសំខាន់ៗមួយណាដែលលោកតាយកមកប្រើក្នុងស្រុកខ្មែរ។
វ.ម៖ អ្នកដែលជំនាញធំជាងគេបង្អស់ដែលបង្រៀនខ្ញុំគឺលោក Le Corbusier ដែលខ្ញុំទទួលរហូតមកដល់ឥឡូវ គឺខ្ញុំធ្វើតាមការបង្រៀនរបស់គាត់។ កូនសិស្សរបស់គាត់ គេមើលទៅដឹងភ្លាម មិនថាជប៉ុន បារាំង អាមេរិកកាំង ខ្មែរដូចខ្ញុំ។ គាត់សង់ផ្ទះសម្បែងដូចធ្វើចម្លាក់ គឺមានជម្រៅ មានកន្លែងពន្លឺ មានកន្លែងស្រមោល ផ្ទះនីមួយៗឲ្យដូចជារូបចម្លាក់មួយ។
រៃយំ៖ និយាយពីស្ទីល គេថាស្ទីលសំណង់លោកតាគឺមានលក្ខណៈខ្មែរ ទោះបីវាជាសំណង់ទំនើបក៏ដោយ ?
វ.ម៖ បើនិយាយពីសោភ័ណភាពហ្នឹង គឺថាមិនមែនគ្រាន់តែយកក្បាច់ខ្មែរមកបំពាក់ពេញលើសំណាង់នោះ ហើយហៅថាខ្មែរទេ។ សព្វថ្ងៃគេធ្វើអញ្ចឹងខ្ញុំមិនយល់សោះ គឺយើងត្រូវគិតន័យទូលំទូលាយជាងហ្នឹង។ ឧបមាថាសំណង់ម្តុំតំបន់បាសាក់ យើងត្រូវគិតពីបរិយាកាសជុំវិញ គឺថាឲ្យវាមានរូបរាងស្អាតផ្ទាល់ខ្លួនវាផង និងឲ្យវាស៊ីគ្នាជាមួយទេសភាពទូទៅផង។ ដូចសាលចតុមុខ បើក្មួយឯងមើលឲ្យច្បាស់ គឺថាបែរមុខទៅទន្លេផង និងបែរមុខមកខាងក្រុងផង គឺមានមុខទាំងសងខាងគ្មានមុខគ្មានក្រោយទេ។ ធ្វើដូច្នេះវាសមភ្នែក មើលពីខាងទន្លេទៅក៏បាន មើលពីខាងក្រុងទៅក៏បាន។ បើនិយាយពីប៊ូលឌិញវិញ បើមើលឲ្យច្បាស់គឺដូចម្រាមដៃអញ្ចឹង វាមានខ្ពស់មានទាប មិនមែនដូចប្រអប់ទ្រវែងដូចគេយកមកកែសព្វថ្ងៃនេះទេ។ ខ្ញុំមិនពេញចិត្តសោះដែលគេយកប៊ូលឌិញហ្នឹងមកកែអញ្ចឹង។ កាលខ្ញុំគិតសាងសង់គឺដូចនៅក្រុងញូយ៉ក គេធ្វើមានខ្ពស់ មានទាបអញ្ចឹង។
រៃយ៖ លោកតា! ពេលរៀនស្ថាបត្យកម្មនោះបានគំនិតមកពីណា ?
វ.ម៖ ពិបាកឆ្លើយ ព្រោះអីនៅស្រុកខ្មែរជំនាន់នោះគ្មានអ្នកណាដឹងថា «អាស៊ីតិច» (ស្ថាបត្យករ) ហ្នឹងស្អីទេ គេមិនស្គាល់ទេ គេហៅពួកអាស៊ីតិចថាជាជាងគំនូរ។
រៃយ៖ ដោយសារគេយល់ថាជាអ្នកគូរប្លង់តែប៉ុណ្ណោះ មែនទេ ?
វ.ម៖ ហ្នឹងហើយ! ខ្ញុំមកមុនដំបូងគ្មានអ្នកណាស្គាល់ទេ។ ជាប់ឌីប្លូមពីស្រុកបារាំងគ្មានអ្នកណាហៅធ្វើអីទេ គេមិនដឹងថាអាស៊ីតិចហ្នឹងស្អី។ គេស្រឡាញ់ គេនិយម គេគោរពតែជាងសំណង់ គឺថាអាំងស៊ីញ័រ (ingénieur) ។ ពេលរកប្រពន្ធ អាស៊ីតិចត្រូវរកប្រពន្ធខ្លួនឯង ព្រោះគេមិនឲ្យកូនគេទេ គេឲ្យទៅពួកអាំងស៊ីញ័រ (ingénieur) ។
រៃយំ៖ មុនលោកតាទៅរៀននៅបារាំង មានអាស៊ីតិចនៅស្រុកខ្មែរ ?
វ.ម៖ នៅស្រុកខ្មែរមិនស្គាល់ទេ អញ្ចឹងបានខ្ញុំចង់បង្ហាញគេឲ្យឃើញថាមិនត្រឹមតែចេះគូរទេ គឺចេះសង់ដែរ។
រៃយំ៖ និយាយពីវិមានឯករាជ្យ ជាសំណង់ដែលលោកតាសង់មុនប៊ូលឌិញ និងសាលចតុមុខមែនទេ ?
វ.ម៖ ហ្នឹងហើយ ប្រហែលជាបានចាប់ផ្តើមសាងសង់ប្រហែលឆ្នាំ១៩៥៧។ នេះជាគំនិតរបស់ព្រះករុណា លោកចង់ឲ្យមានវិមានមួយសម្រាប់ធ្វើពិធីបុណ្យឯករាជ្យ ហើយវិមានហ្នឹងលោកចង់ឲ្យធ្វើយ៉ាងម៉េចមានលក្ខណៈដូចបន្ទាយស្រី។ ទើបបានខ្ញុំនាំគ្នាទៅមើលអង្គរ ហើយបានគូរក្បាច់ក្បូរដើម្បីយកមកសាងសង់។ នៅពេលសាងសង់យើងបានដេញថ្លៃរកជាងមកធ្វើ។ ដល់អញ្ចឹងបានមានសហគ្រាសខ្មែរមួយមកជីកដីខាងក្រោមកន្លែងនោះ ដើម្បីរៀបចំសាងសង់ ជីកទៅក៏ឃើញមានស្ពានមួយ ខ្មែរហៅស្ពានកូនកាត់។ ដូច្នោះត្រូវវាយស្ពាននោះចោល។
រៃយ៖ នៅក្រោមវិមានឯករាជ្យមានស្ពានមួយ ?
វ.ម៖ ត្រូវហើយ នៅខាងក្រោមវិមានឯករាជ្យមានស្ពានមួយ។ លុះវាយស្ពាននោះមិនកើត គេចាក់គ្រឹះក្រោមស្ពាននោះ ប៉ុន្តែធ្វើអញ្ចឹងវាប្រហោងទទេ មិនមាំ។ ដូច្នេះសហគ្រាសទី១គាត់ធ្វើមិនកើត ខ្ញុំក៏ដេញចោលទៅ។ ខ្ញុំបានដេញថ្លៃម្តងទៀត រៀបចំធ្វើសាថ្មី។ ដីខាងក្រោមនោះ គឺវាមិនអាចមានកម្លាំងទ្រទម្ងន់ធ្ងន់បាន។ ដូច្នោះបានចាប់ផ្តើមវាយគ្រឹះខ្លីៗ គ្រឹះហ្នឹងរាក់ៗទេ ប្រហែល៨ម៉ែត្រប៉ុណ្ណឹង។
រៃយំ៖ ធ្វើពីស៊ីម៉ង់ត៍ឬ ?
វ.ម៖ ធ្វើពីស៊ីម៉ង់ត៍ វាយគ្រឹះខាងក្រោមនឹងឲ្យមាំទៅ ហើយបានរៀបចំផ្លាតូ (plateau) គឺខឿន រួចបានឡើងលើផ្លាតូនេះ ចាប់សង់វិមានឯករាជ្យតែម្តង។
រៃយំ៖ ទីតាំងសង់វិមានហ្នឹង គឺគំនិតអ្នកណា ?
វ.ម៖ គេប្រាប់ឲ្យដាក់ត្រង់នេះចំវត្តភ្នំម្តង ដូច្នេះម្តុំហ្នឹងពេលនោះមានតែវិមានហ្នឹងទេខ្ពស់ជាងគេបង្អស់។ មកពីវត្តភ្នំមក គឺមានផ្លូវនរោត្តមហ្នឹង ហើយគេហែក្បួនតាមផ្លូវហ្នឹង។
រៃយំ៖ មានសួនច្បារហើយ ឬនៅ ?
វ.ម៖ ឥឡូវនេះឃើញដីគោកពេញ កាលពីមុនសុទ្ទតែបឹងនិងព្រែក។
រៃយំ៖ នៅពេលគេធ្វើក្បាច់ គេប្រើពុម្ពឬ ?
វ.ម៖ សុទ្ធតែពុម្ព ។
រៃយំ៖ តើលោកតាជាអ្នកសម្រេចដាក់ក្បាច់នេះ ដាក់ក្បាចនោះ ដោយខ្លួនឯងមែនទេ ?
វ.ម៖ អត់ទេ នាំជាងគំនូរទៅដល់កន្លែងប្រាសាទបន្ទាយស្រីឲ្យមើលក្បាច់សិន ឲ្យឃើញថានេះយកក្បាច់ចាន់ ក្បាច់អង្គរ ។ល។ រួចហើយបានដេញថ្លៃ និងកំណត់កន្លែងនេះត្រូវដាក់ក្បាច់ផ្កាចាន់ កន្លែងនោះត្រូវដាក់ស្អីតាមរបស់យើង។ ដូច្នោះឲ្យក្រុមចម្លាក់នីមួយៗធ្វើទៅតាមកន្លែងរបស់ខ្លួន។ អ្នកឆ្លាក់ប្រហែលជា២០នាក់ អ្នកលេខ១ពូកែជាងគេបំផុត ឲ្យគាត់ធ្វើក្បាលនាគ អ្នកដែលមិនសូវពួកែ ឲ្យគេធ្វើកន្លែងផ្សេងៗ។ កាលនោះសប្បាយចិត្ត ជំនាន់សង្គមគេយល់គ្នាណាស់។
រៃយំ៖ អញ្ចឹងរឿងតុបតែងក្បាច់ គឺលោកតាអ្នកសម្រេចតាមគំនូរប្លង់ ហើយទើបឲ្យគេឆ្លាក់ មិនមែនប្រគល់ឲ្យអ្នកធ្លាប់ធ្វើស្រេចចិត្តទេ ?
វ.ម៖ អត់ទេ ធ្វើអញ្ចឹងមិនបានទេ យើងត្រូវមានផែនការច្បាស់លាស់ទើបអ្នកឆ្លាក់ហ្នឹងគេចេះធ្វើ នៅពេលខ្ញុំសាងសង់ចេតិយព្រះបាទសុរាម្រឹតក៏អញ្ចឹងដែរ។
រៃយំ៖ គេចាក់ពុម្ពដែរឬ ?
វ.ម៖ ចាក់ពុម្ពដែរ តែជួនកាលត្រូវឆ្កឹះបន្ថែមឲ្យក្បាច់នោះជ្រោះ ហើយលេចចេញ។
រៃយំ៖ ត្រង់ហ្នឹងដែលខ្ញុំសំណាង ខ្ញុំបានទៅរៀននៅសាលាស្រុកបារាំង។ នៅសាលានោះមានពីរពាន់នាក់ អ្នកដែលខិលខូចជាងគេបង្អស់ គឺពួកអាស៊ីតិចហ្នឹង។ តែនៅសាលានោះគឺសិស្សគំនូរ សិស្សអាស៊ីតិចអីៗរស់នៅជាមួយគ្នា ដើរលេងជាមួយគ្នា ម្ល៉ោះហើយពួកម៉ាកខ្ញុំទាំងអស់ស្រឡាញ់វប្បធម៌ ហើយនិយាយជជែកគ្នាពីរឿងសិល្បៈទៅមើលពិព័រណ៍អីអញ្ចឹង ដល់អញ្ចឹងទៅគឺថាម្នាក់ៗស្គាល់សិល្បៈណាស់ទោះបីមិនរៀនក៏ដោយ។ ដល់ពេលខ្ញុំបង្កើតសាកលវិទ្យាល័យ ខ្ញុំមិនចង់ឲ្យសាលារចនាហ្នឹងបែកបាក់គ្នាទេ គឺថាទុកផ្នែកទាំងអស់ឲ្យនៅជាមួយគ្នា ដើម្បីឲ្យគេចេះស្រឡាញ់គ្នា សហការគ្នា តែសព្វថ្ងៃនេះមិនដឹងយ៉ាងម៉េចទេ។
រៃយំ៖ លោកតា! ទៅពេលគូរប្លង់ហើយ ទៅជួបព្រះករុណា លោកដែលឲ្យយោបល់ ឬផ្លាស់ប្តូរប្លង់ដែរទេ ?
វ.ម៖ មិនដែលទេ លោកមិនមែនអញ្ចឹងនោះទេ។ លោកជាមួយនឹងខ្ញុំគឺថាធ្វើម៉េចធ្វើទៅ។ ពេលលោកហៅខ្ញុំធ្វើស្អីមួយ គឺថាកាន់ក្រដាសមួយសន្លឹកមកគូរបង្ហាញថា៖ សហជីវិន! ទីនេះដាក់សាឡុង (salon) ត្រង់នេះដាក់ផ្ទះបាយ នៅទីនេះដាក់កន្លែងទទួលភ្ញៀវ គឺស្រណុកណាស់ជាមួយលោក គ្មានចាំបាច់ធ្វើប្លង់ présenter អីទេ។
រៃយំ៖ លើកទី១ដែលលោកតាបានជួបព្រះករុណាគឺពេលណា ?
វ.ម៖ ខ្ញុំចាំច្បាស់ណាស់ កាលនោះគឺពេលសង់វិមានឯករាជ្យហ្នឹង គឺថាពេលត្រូវរកថ្មកែវមកក្រាល ដែលបានទិញមកពីស្រុកចិន។ ខ្ញុំក៏យកថ្មចូលទៅក្នុងវាំងដើម្បីថ្វាយលោកទត ហើយនឹងរើសពណ៌ ទៅចាំក្រោមដើមពោធិនៅក្នុងវាំង។ ចាំមួយស្របក់ទៅឃើញសម្តេចប៉ែន នុត មកហើយសម្តេចក៏យាងមកដែរ។ សម្តេចប៉ែន នុត ណែនាំខ្ញុំឲ្យស្គាល់ព្រះករុណា។ ខ្ញុំភ័យផង អរផងចេះតែធ្វើតាមគាត់ទៅ សម្តេចប៉ែន នុត និយាយថាលោកសព្វព្រះរាជហប្ញទ័យ ពណ៌នេះៗអីទៅ ខ្ញុំអត់ហ៊ាននិយាយអីសោះ រួចហើយព្រះករុណាលោកបំពាក់មេដាយឲ្យខ្ញុំក្រោមដើមពោធិហ្នឹងទៅ៕
-----------------------------
https://www.thmeythmey.com/?page=detail&ctype=article&id=34065&lg=kh