Tue, 2 August 2016
ស៊ូ វុទ្ធី
ភ្នំពេញ: ល្បីឈ្មោះជាតារាសម្តែង និងម៉ូដែល និងទើបក្តាប់ឱកាសធ្វើជាពិធីការិនីទូរទស្សន៍ ប៉ុស្តិ៍ CTV 8 HD ទាំងមិនសូវមានស្នាដៃសិល្បៈចំណីភ្នែកមហាជន ទាក់ទាញការគាំទ្រ កញ្ញា សូរ អេណា ក៏ផ្ទុះអាស្រូវកេរ្តិ៍ស្រ្តីកក្រើកពិភពសិល្បៈ ឥតបណ្តាក់មាត់ ជុំវិញរឿងរ៉ាវ ដែលថា នាងដណ្តឹមប្តីគេ ហើយថែមទាំងមានការជេរបញ្ចោរយ៉ាងចាស់ដៃថា នាងជាស្រីសំផឹងដ៏ក្លាហានទៀតផង។
ទម្លាយពីគណនីហ្វេសប៊ុកឈ្មោះ Marie Young បានសរសេរបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គម ក៏ទទូចជួយចែករំលែក និងបន្តដោយពាក្យអាសុរោះ ដែលភ្នំពេញ ប៉ុស្ដិ៍ សុំធ្វើការសង្ខេបសម្រួលពាក្យពេចន៍ដោយដកចេញនូវភាសាជេរបញ្ចោរអសីលធម៌ដូចតទៅ៖ «ឲ្យនាង សូរ អេណា បានមើលផង គ្មានម៉ែឪឯណាប្រដៅកូនឲ្យយកប្ដីគេ ដូចឪពុកនាងទេ ឲ្យតែប្ដីរបស់គេ ដឹងតែឆ្ងាញ់ណាស់នាង។ ហ៊ានផ្ញើសារឆ្លើយឆ្លងជាមួយប្រពន្ធគេសុទ្ធតែ បើខ្លាំងឲ្យប្រពន្ធដើមចេញមុខមកជួបនាងឯង»។
អ្នកប្រើប្រាស់ហ្វេសប៊ុកដែលសារភាពថាឈ្មោះ Marie Young ជាគណនីក្លែងក្លាយដែលគេបង្កើតឡើងទុកជេរនាង សូរ អេណា នោះ ក៏បានបរិយាយទៀតថា៖ «ប្រពន្ធដើមគេមិនខ្លាំងដូចនាងឯងអ៊ីចឹងទេ។ សំណាងណាស់ប៉ះប្រពន្ធគេស្លូត បើប៉ះប្រពន្ធគេកាចវិញ ច្រាសទឹកអាស៊ីតហើយមីសំផឹង។ ដូរឡានថ្មី ទិញផ្ទះថ្មី ដើរលេងហ៊ឺហាណាស់។ ជាចុងក្រោយនេះជូនពរឲ្យនាងឯងងាប់ ធ្វើជាតារាដើម្បីតែទាក់យកប្តីគេ ស្រេកឃ្លានប្តីគេ។វាមិនខ្មាសគេទេ ដែលវាធ្វើអ៊ីចឹង ដោយមានឪវាជាអ្នកជំរុញឲ្យកូនស្រីយកប្តីគេទាំងដឹងថា គេមានប្រពន្ធកូនហើយ»។
ម្ចាស់គណនីហ្វេសប៊ុកដែលអះអាងខ្លួនថាជាប្រពន្ធដើមនោះក៏ពោលឡើងតាមបែបធម៌ព្រះថា៖ «កម្មពៀរវាមានពិត មិនចាំជាតិក្រោយទេ នាងកុំស្រេកឃ្លានប្តីគេ ប្រយ័ត្នស៊ីគ្រាប់ងាប់ដូចខ្មោចឆ្កែនរកនឹងស៊ីក្បាលនាងឯងនោះ។ ដោយសារនាងឯងធ្វើឲ្យប្តីប្រពន្ធគេ បែកបាក់គ្រួសារ កូនព្រាត់ឪពុក ដោយសារមីថ្លើមខ្មៅ មីគ្មានខួរក្បាលគិតអាណិតអាសូរ គិតបានត្រឹមតែយកប្តីគេ នាងឯងនិងឪនាងឯងគង់មានថ្ងៃរន្ទះបាញ់ចំកណ្តាលក្បាលពីរនាក់ឪកូននាងឯងហ្នឹងទេ»។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នោះក៏បានបង្ហោះរូបសារឆ្លើយឆ្លង រួចបញ្ជាក់ផងថា៖ «ជួយមើលមីសំផឹង គ្រប់ជាតិហ្នឹងវាផ្ញើសារមកជេរប្រពន្ធដើមគេចុះលោកអើយ លោកអត់ដែលឃើញទេ ពិតជាធ្វើស្រីសំផឹងដ៏ក្លាហានមែន អ៊ីចឹងតើបានជាចេះតែមានគេជះទឹកអាស៊ីត។ អូ មួយវិញទៀតកុំឲ្យថា អញមិនបានប្រាប់ ឧស្សាហ៍ទៅពិនិត្យឈាមផងណា»។
បើទោះជាត្រូវទទួលរងនូវការជេរប្រមាថដោយពាក្យ ពេចន៍ខ្លាំងៗ ដ៏គួរឲ្យអាម៉ាស់យ៉ាងនោះក្តី ក៏គេមិនឃើញនាង សូរ អេណា ចេញមកធ្វើការប្រតិកម្មនោះទេ។ ដូចគ្នានោះ ភ្នំពេញប៉ុស្តិ៍ ក៏មិនអាចសុំការបកស្រាយបាននោះដែរ ខណៈហ្វេសប៊ុកនាងក៏បិទដែរ ក្រោយផ្ទុះរឿងអាម៉ាស់នេះ។
បន្ថែមលើកពាក្យពេចន៍ហែកកេរ្តិ៍ នាង សូរ អេណា នោះ ហ្វេសប៊ុក Marie Young ក៏ទាញអង្គហេតុ ដែលបង្ហាញពីរូបថត អ្នកស្រីសម្ផស្ស ជាម្តាយ អ្នកនាង សារ៉ាយ សក្ខណា ថៅកែហាងស៊ុបជាអ្នកដឹកញីបន្សុីឈ្មោល ឲ្យនាង សូរ អេណា និងបុរសជាប្តីគេនោះ ដោយលើកឡើងថា៖ «ចាស់ស្កូវឯងប្រយ័ត្នកម្មពៀរវាធ្លាក់លើកូននិងចៅឯងដែលជាស្រីដូចគ្នា ពូកែណាស់អាខាងទាក់ទងឲ្យប្រុស ម៉ែយ៉ែមលាក់មុខ។ទាក់ទងពីដំបូងក៏ចេញពីកន្លែងស៊ីស៊ុបគាត់ហ្នឹងដែរ»។
ប៉ុន្តែជុំវិញការចោទថា ម៉ែយ៉ែម និងមានទាំងរូបថតបង្ហោះនោះ ម្តាយអ្នកនាង សារ៉ាយ សក្ខណា រសៀលម្សិលមិញមិនអាចទំនាក់ទំនងសូមការបកស្រាយបាននោះទេ ខណៈទូរស័ព្ទចូលមិនមានអ្នកទទួល៕
----------------
http://www.postkhmer.com/