
យ៉ែម សំអូន និងទឹម រដ្ឋា។ អ៊ីនស្ដាក្រាម វុទ្ធី
ទឹម រដ្ឋា ស្និទ្ធនឹងពោះម៉ាយប្រពន្ធរត់ចោល យ៉ែម សំអូន
ភ្នំពេញ: បន្ថែមពីរូបថតច្បាស់ក្រឡែត នាង ទឹម រដ្ឋា ស្លៀកប៊ីគីនីពណ៌ឥន្ទធនូបិទបាំងតែកន្លែងកេរ្តិ៍ស្រ្តីតូចកំប៉ិតឡិត បញ្ចេញសាច់សខ្ចីចាំងឆ្លុះទឹកថ្លាពីចុងជើងដល់ចុងសក់ អង្គុយច្រត់ដៃម្ខាងផ្អៀងខ្លួនមាត់អាងទឹក ភ្នែកសម្លឹង លោក យ៉ែម សំអូន ទាំងលោក យ៉ែម សំអូន ឈរក្នុងទឹកក៏សម្លឹងតបមិនដាក់ភ្នែកនោះ មហាជនបានកត់សម្គាល់ចំពោះសំណេរផុសខាងលើថា «ថ្ងៃថ្មី ស្នាមញញើមថ្មី»។
ទន្ទឹមនឹងការកត់សម្គាល់ដ៏ភ្ញាក់ផ្អើលបណ្តាញសង្គមពីសំណាក់មហាជន លើភាពស្និទ្ធស្នាល ហាក់លើសពីមិត្តភក្ដិធម្មតានោះ ពួកគេបានសរសេរថា៖ «ម្នាក់ជាបុរសពោះម៉ាយ ហើយម្នាក់ទៀតជាតារាខកចិត្តស្នេហ៍នឹងបុរសសាសន៍បរទេស។ ថាមិនត្រូវ ក៏ប្តូរឥរិយាបថ បន្ទន់ម្នាក់បន្តិចក៏អាចកើតជាចំណងស្នេហ៍បានដែរ»។
ប៉ុន្តែពួកគេក៏បានលើកឡើងថា៖ «បើរូបនេះ មិនមែនជាការសម្តែងទេ តាមតែអក្សរផុសខាងលើ ដែលសរសេរថា ថ្ងៃថ្មី ស្នាមញញើមថ្មី ប្រាកដណាស់ តារាប្រុសស្រីមួយគូនេះកំពុងបង្កើតអ្វីដែលថ្មី ស្រស់ស្រាយសម្រាប់ពួកគេ»។
នៅលើវិថីសិល្បៈ ពុំធ្លាប់មានពន្លឺផ្លេកបន្ទោរមួយឆ្វាច់ណា រំលេចថា ស្រីស្រស់ល្បីមានមន្តស្នេហ៍ទាក់តែកន្លង់បរទេស នាង ទឹម រដ្ឋា បង្កាត់ភ្លើងស្នេហ៍ជាមួយ លោក យ៉ែម សំអូន ដែលបេះដូងក៏ឯកាក្រោយភរិយា វេចបង្វេចយ៉ាងតក់ក្រហល់ទៅរស់នៅអូស្រ្តាលីវិញដោយទ្រាំនឹងហឹង្សាមិនបាននោះដែរ។
យ៉ាងណាមជ្ឈដ្ឋានមហាជនក៏ផ្គូផ្គងបន្ថែមថា៖ «ទឹម រដ្ឋា ក៏ជាតារាស្រីម្នាក់រមែងល្បីខកស្នេហ៍នឹងបុរសជាតិសាសន៍បរទេសច្រើនអន្លើដែរ ហើយ យ៉ែម សំអូន ក៏ខកស្នេហ៍ដែរ បើបង្កើតស្នេហ៍នឹងគ្នានោះក៏គ្មានអ្វីទាស់ខុសទេ»។
ដោយកំពុងត្រូវបានមហាជនផ្គូផ្គងពីរូបថតស្និទ្ធស្នាលរវាងតារាសម្តែងនាង ទឹម រដ្ឋា ជាមួយនឹងតារាភាពយន្ត និងចម្រៀងល្បីប្រពន្ធរត់ចោល ក្រោមពាក្យរិះគន់បុរសគ្មានភាពកក់ក្តៅ និងប្រើអំពើហឹង្សាលើមនុស្សស្រី លោក យ៉ែម សំអូន នោះ នាង ទឹម រដ្ឋា ក៏ភ្ញាក់ផ្អើលនឹងដំណឹងបែកធ្លាយរូបថតខ្លួនជាមួយយ៉ែម សំអូន ដែលសួរមកភ្នំពេញប៉ុស្តិ៍ថា៖ «រូបអីបង! ហើយរូបហ្នឹងអ្នកណាគេបង្ហោះក្នុងស្អីបង?»។
ប៉ុន្តែក្រោយពីដឹងថា រូបនេះ លោក យ៉ែម សំអូន ជាអ្នកបង្ហោះ ទើបនាងប្រាប់យ៉ាងដូច្នេះថា៖ «អរ! រូបថតហ្នឹង មិនមែនជារូបថត ដែលពួកខ្ញុំពួនបង្កើតស្នេហាក្រៅខាងណាបង! នោះជារូបថតដែលខ្ញុំ និងគាត់សម្តែងរឿង ហើយខ្ញុំមិនដឹងថា គាត់បង្ហោះដែរ»។
ខណៈបញ្ជាក់ថា រូបនេះវារូបថតសម្តែងក្នុងរឿងថ្មីកំពុងថត «បណ្តឹងស្រីទាំង ៥» នោះ ទឹម រដ្ឋា បដិសេធមិនទម្លាយរឿងផ្ទាល់ខ្លួនទេ ដោយបង្ហើបត្រឹមតែថា ជាមួយបុរសបរទេសម្នាក់នោះក៏ឆ្អែតនឹងភាពអាម៉ាស។នាងថា៖ «ទៅបង្កើតស្នេហាជាមួយគ្នាម៉េចកើតទៅបង? បើខ្ញុំ និងគាត់រាប់អានគ្នាដូចបងប្អូនបង្កើត»៕