
សហគមន៍ពាណិជ្ជកម្មកម្ពុជាស្វាគមន៍ការធ្វើ WEF នៅកម្ពុជា
ភ្នំពេញៈ សហគមន៍ពាណិជ្ជកម្មរបស់កម្ពុជាបានស្វាគមន៍ពីការប្រកាសថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅឆ្នាំក្រោយ។
សហគមន៍នេះបានចាត់ទុកថាកិច្ចប្រជុំកំពូលអន្តរជាតិដ៏ទាក់ទាញនេះនឹងជួយបង្កើនចំណាប់អារម្មណ៍វិនិយោគកាន់តែខ្លាំងមកលើកម្ពុជា។
លោក Bretton Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «នេះជាព័ត៌មានដ៏អស្ចារ្យសម្រាប់កម្ពុជាខណៈដែលការរៀបចំវេទិកានេះនឹងពង្រឹងបន្ថែមដល់កេរ្ដិ៍ឈ្មោះដែលកំពុងកើនឡើងរបស់កម្ពុជាជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នៅតំបន់អាស៊ាន និងជាកន្លែងដែលការធ្វើពាណិជ្ជកម្មបានចាប់ផ្ដើមដំណើរការ»។
វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៧ ស្ដីអំពីអាស៊ានដែលគេរំពឹងថាគ្រោងធ្វើនៅខែឧសភាឆ្នាំ ២០១៧ ត្រូវបានរំពឹងថានឹងទាក់ទាញគណៈប្រតិភូរហូតដល់ ៧០០ នាក់។
លោក Philipp Rosler នាយកគ្រប់គ្រងរបស់ WEF បានថ្លែងថាវេទិកាប្រចាំតំបន់នឹងជា «ការបង្ហាញមួយក្នុងចំណោមការបង្ហាញជាច្រើន» នៃរបៀបវារៈដ៏មមាញឹករបស់អង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ។
លោកលើកឡើងថា៖ «កម្ពុជាមានប្រវតិ្តដែលគួរឲ្យទាក់ទាញដើម្បីប្រាប់ពីបញ្ហាប្រឈម និងឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចលឿនក្នុងសតវត្សរ៍ទី ២១ ដែលនឹងធ្វើឲ្យកិច្ចប្រជុំអាស៊ានឆ្នាំក្រោយនេះក្លាយជាកិច្ចប្រជុំពិសេសបំផុតមួយ»។
WEF បានប្រកាសផែនការរៀបចំវេទិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំនៅកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែមេសាឆ្នាំ ២០១៥។
ប៉ុន្តែវេទិកាប្រចាំតំបន់នៅឆ្នាំនេះនឹងត្រូវបានរៀបចំដោយប្រទេសម៉ាឡេស៊ីនៅខែមិថុនាវិញ៕ LA