ថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៣:៣៣ (03-04-2016 13:33)
ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវទេសចរប្រុសស្រី២នាក់បានស្រែកទ្រហោយំ ខណៈពេលចុះពីរថយន្តក្រុងវីរៈប៊ុនថាំនៅចំណតរថយន្តក្រុងក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ដោយសារតែពួកគាត់ត្រូវចោរលួចទូរស័ព្ទម៉ាក iPhone 6 iPhone 6 របស់ពួកគាត់បាត់ ។
ជនរងគ្រោះជាភ្ញៀវទេសចរទាំង២នាក់មិនបានប្រាប់ឈ្មោះទេ តែពួកគាត់និយាយថា ពួកគាត់បានធ្វើដំណើរពីភ្នំពេញមកប៉ោយប៉ែត ខណៈពេលដល់ចំណតចុះលើរថយន្តទើបដឹងថាត្រូវចោរលួចទូរស័ព្ទរបស់ពួកគាត់បាត់ទៅហើយ ។
ភ្លាមៗនោះ ពួកគាត់ទាំង២នាក់មិនបានប្តឹងសមត្ថកិច្ចកម្ពុជានោះទេ ដោយបន្តដំណើរដោយថ្មើរជើងបណ្ដើរស្រែកទ្រហោយំបណ្ដើរទាំងក្តីសោកស្តាយ ក្នុងនោះដែរគេឃើញនគរបាលទេសចរប្រចាំនៅមាត់ច្រកទ្វារប៉ោយប៉ែតចេញមកអន្តរាគមន៍សួរនាំភ្ញៀវទេសចររងគ្រោះទាំង២នាក់ផងដែរ ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គ្រាដែលអ្នកសារព័ត៌មានចុះទៅថតយករូបភាព និងធ្វើការសាកសួរជនរងគ្រោះ បែរជាតំណាងក្រុមហ៊ុនរថយន្តក្រុងវីរៈប៊ុនថាំចេញមក ហើយយកទូរស័ព្ទដៃថតរូបអ្នកកាសែតវិញដែរ ។ គេមិនដឹងថា តើតំណាងក្រុមហ៊ុនរថយន្តក្រុងវីរៈប៊ុនថាំថតរូបអ្នកកាសែតវិញនោះក្នុងបំណងអ្វីនោះទេ តែបើតាមមតិប្រជាពលរដ្ឋមួយចំនួនដែលហានឃើញហេតុការណ៍នេះបាននិយាយថា ប្រហែលជាថតក្នុងគោលបំណងមិនល្អហើយមើលទៅ ព្រោះធ្លាប់តែអ្នកកាសែតថតរូបភាពយកទៅចុះផ្សាយ តើតំណាងក្រុមហ៊ុនរថយន្តក្រុងនោះថតយកទៅចុះផ្សាយអ្វីដែរ ចឹងមានតែមានបំណងអាក្រក់ហើយមើលទៅ ! Sic !
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE 
