សមត្ថកិច្ចកំពុងតាមរកមុខសញ្ញាក្រុមប្លន់អ្នកទិញ-លក់ដំឡូងមី
រតនគិរីៈ មន្ត្រីនគរបាលស្រុកកូនមុំ ខេត្តរតនគិរីម្នាក់បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថាមកទល់ពេលនេះក្រុមសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមចោរប្រដាប់អាវុធបីនាក់ដែលបានឆ្មក់ចូលប្លន់គ្រួសារអ្នករកស៊ីទិញលក់ដំឡូងមីកាលពីយប់ថ្ងៃសៅរ៍ហើយឥឡូវនេះមានតម្រុយខ្លះៗពួកក្រុមនោះហើយ។
លោក រ៉េន មុត អធិការរងស្រុកកូនមុំបានថ្លែងថាករណីប្លន់ខាងលើនេះក្រុមចោរបានប្រមូលយកលុយខ្មែរ ៩០ លានរៀលលុយអាមេរិក ៧០០០ ដុល្លារខ្សែកប្លាទីនមួយខ្សែ និងក្រវិលមួយគូព្រមទាំងទូរស័ព្ទដៃមួយចំនួនប៉ុន្តែពួកវាមិនបានបាញ់ទៅលើម្ចាស់ផ្ទះនោះទេ។
លោកបានបន្តថាបើតាមសម្ដីស្ត្រីរងគ្រោះឈ្មោះ មឿង សោភ័ណ្ឌ អាយុ ៣៦ ឆ្នាំរស់នៅភូមិ ៣ ឃុំត្រពំាងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅយប់ថ្ងៃកើតហេតុវេលាម៉ោង ៧:១៥ នាទីយប់កើតហេតុខណៈគាត់ និងក្រុមគ្រួសារកំពុងហូបបាយជុំគ្នានៅក្នុងផ្ទះស្រាប់តែមានក្រុមចោរបីនាក់មានកាំភ្លើងវែងមួយដើម និងខ្លីមួយដើមព្រមទាំងដែកស្បែងមួយបានឆ្មក់ចូលមកភ្ជង់ប្លន់យកទ្រព្យសម្បត្តិរបស់ពួកគាត់ដោយបានគំរាមបាញ់សម្លាប់ប្រសិនបើពួកគាត់ហ៊ានស្រែក ឬតដៃប្រឆាំងនឹងពួកគេ។
លោក មុត បានបញ្ជាក់ថា៖ «បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះក្រុមចោរទាំងនេះគឺជាក្រុមចោរតែមួយដែលបានប្លន់ និងបាញ់កសិករដាំដំឡូងមីម្នាក់នៅស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពី ១០ ថ្ងៃមុនឲ្យរងរបួសដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម»។
កាលពីម្សិលមិញក្រុមសមត្ថកិច្ចបានបន្តស្រាវជ្រាវលើករណីនេះដោយធ្វើការសាកសួរអ្នកភូមិពីរនាក់ដែលត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធខាងលើនេះប៉ុន្តែបុរសទាំងពីរនោះមិនត្រូវបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណឡើយដោយសមត្ថកិច្ចអះអាងថា «យើងទទួលបានតម្រុយខ្លះៗពីពួកគេហើយប៉ុន្តែវាមិនជាប់ពាក់ព័ន្ធនឹងអ្នកទាំងពីរនេះឡើយ»៕
----------------------
http://www.postkhmer.com/
