21 Oct, 2015 13:12
មីយ៉ាន់ម៉ា បានប្រកាសថាខ្លួននឹងបញ្ឈប់ចរាចរក្រដាសប្រាក់ដុល្លារ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក គីយ៉ាត «Kyat»។
ធនាគារកណ្ដាល បានដកហូតអាជ្ញាប័ណ្ណប្ដូរប្រាក់បរទេសនានាពីជំនួញរកស៊ី ចាប់ពីសណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបវាយកូនគោល និងមន្ទីរពេទ្យ។ ប្រភពដដែល បានឲ្យដឹងថាការកើនឡើងបំណុលប្រាក់ដុល្លារអាមេរិក នាំឲ្យកើតមានអស្ថិរភាពអត្រាប្ដូរប្រាក់។

បច្ចុប្បន្ននេះ ក្រដាសប្រាក់ដុល្លារ កំពុងត្រូវបានគេប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យទេសចរណ៍។ ចាប់តាំងពីរបបយោធាគ្រប់គ្រងបានបញ្ចប់នៅក្នុងឆ្នាំ ២០១១មក មីយ៉ាន់ម៉ា បានធ្វើកំណែទម្រង់សេដ្ឋកិច្ច។
តែទោះជាយ៉ាងណាក្ដី អាជ្ញាប័ណ្ណនេះ នឹងអនុញ្ញាតឲ្យមនុស្សជាច្រើននៅតែប្រើដុល្លារបានសម្រាប់កិច្ចការដោះដូរក្នុងស្រុក។
តម្លៃក្រដាសប្រាក់ Kyat បានធ្លាក់ចុះ ២០% ក្នុងឆ្នាំនេះ ដែលជាប្រតិបត្តិការរូបិយប័ណ្ណដ៏អាក្រក់មួយនៅក្នុងប្រទេស។ សូមបញ្ជាក់ថាតម្លៃប្រាក់ជាង ១២០០គីយ៉ាត ស្មើនឹង ១ដុល្លារអាមេរិក៕

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ bbc
ប្រភព៖ bbc