
Jack Davies ភ្នំពេញ ប៉ុស្តិ៍ | Mon, 15 August 2016
ភ្នំពេញៈ កសិករដែលកាន់កាប់ដីតូចៗមានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមានការឈឺចាប់ខ្លាំងឡើងដែលកើតចេញពីការផ្លាស់ប្តូររបស់កម្ពុជាទៅរកសេដ្ឋកិច្ចឧស្សាហកម្មប៉ុន្តែប្រសិនបើមិនមានចំណាត់ការអ្វីមួយទេនោះមិនយូរមិនឆាប់ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតដី។ នេះបើតាមអ្នកនិពន្ធនៃរបាយការណ៍ថ្មីមួយ។
ពួកគេនឹងត្រូវការដី! របាយការណ៍មួយដែលធ្វើឡើងដោយអង្គការអភិបាលកិច្ចដីតំបន់ទន្លេមេគង្គព្យាករថាត្រឹមឆ្នាំ ២០៣០ ចំនួនដីដែលតម្រូវឲ្យមានដើម្បីទ្រទ្រង់ចំនួនកសិករតូចតាចនឹងកើនឡើងចន្លោះពី ១០ ទៅ ៦៤ ភាគរយនៃកម្រិតឆ្នាំ ២០១៥ គឺពី ៣២០ ៦០០ ហិកតាទៅ ១ ៩៦២ ៤០០ ហិកតា។
អ្នកនិពន្ធនាំមុខគេនៃរបាយការណ៍នេះគឺលោក Jean-Christophe Diepart កាលពីម្សិលមិញបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃម្ចាស់ដីតូចៗក្នុងប្រទេសកម្ពុជា។ Diepart បានថ្លែងបន្តថា៖ «កម្ពុជាកំពុងស្ថិតនៅក្នុងការផ្លាស់ប្តូរប៉ុន្តែការផ្លាស់ប្តូរគឺមិនមានតុល្យភាពនេះហើយជាមូលហេតុដែលកសិករកាន់កាប់ដីតូចៗមានសារៈសំខាន់ណាស់សម្រាប់រយៈពេល ២០-៣០ ឆ្នាំខាងមុខ»។
លោកថាម្ចាស់កម្មសិទ្ធិដីតូចៗ «មានប្រវត្តិសាស្រ្តនៃការផលិត និងប្រសិទ្ធភាព»។
របាយការណ៍នេះកត់សម្គាល់ថាខណៈប្រជាជនកម្ពុជាមករស់នៅទីក្រុងកាន់តែច្រើនស្របពេលដែលប្រទេសនេះមានលក្ខណៈឧស្សាហកម្មជាងមុនហើយចំនួនប្រជាជននឹងកើនឡើងខ្លាំងនាទសវត្សរ៍ខាងមុខៗកម្លាំងការងារជនបទត្រូវបានរំពឹងថានឹងកើនឡើងចំនួន ៣ លាននាក់ដែលត្រូវការការងារហើយនោះនឹងតម្រូវឲ្យមានដីសម្រាប់ពួកគេធ្វើកសិកម្ម។
Dr Laurie Parsons ដែលជាអ្នកឯកទេសខាងការធ្វើចំណាកស្រុករបស់កម្ពុជាបានថ្លែងថាភាគច្រើនបំផុតនៃការធ្វើចំណាកស្រុករបស់កម្ពុជាគឺជាលក្ខណៈបណ្តោះអាសន្ន។
Parsons បានថ្លែងបន្តថា៖ «នៅក្នុងការសិក្សាមួយដែលយើងបានធ្វើកាលពីពីរបីឆ្នាំកន្លងទៅ ៨០ ភាគរយនៃពលករចំណាកស្រុកទាំងនេះត្រឡប់ទៅធ្វើស្រែចម្ការវិញដូច្នេះពួកគេនៅតែជាកសិករនៅក្នុងរដូវកាលណាមួយនៃឆ្នាំហើយវាជាផ្នែកធំនៃចំណូលរបស់ពួកគេ»។
លោកបន្តថា៖ «ពួកគេមិនចង់នៅទីក្រុងគ្រប់ពេលវេលានោះទេ។ ពួកគេគ្រាន់តែមកទីក្រុងក្នុងរយៈពេលខ្លីហើយផែនការភាគច្រើនបំផុតគឺត្រឡប់ទៅវិញបន្ទាប់ពីរយៈពេលបួន ឬប្រាំឆ្នាំ»។
របាយការណ៍នេះបានស្វាគមន៍សេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលប្រគល់ដីមួយលានហិកតាពីការលុបសម្បទានដីសេដ្ឋកិច្ចទៅកសិករតូចៗប៉ុន្តែរបាយការណ៍នេះបានអំពាវនាវឲ្យបង្កើនល្បឿននៃដំណើរការប្រគល់ដីនេះ។
លោក យ៉ង សាំងកុមារ ស្ថាបនិកនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជាហៅកាត់សេដាកបានថ្លែងថាកសិករតូចតាចបានដើរតួនាទីសំខាន់ហើយនឹងបន្តដើរតួនាទីសំខាន់ប៉ុន្តែបានកត់សម្គាល់ថារដ្ឋាភិបាលបានអនុម័តគោលនយោបាយតែពីរបីប៉ុណ្ណោះក្នុងការគាំទ្រពួកគេ។
លោក សាំងកុមារ ថ្លែងថា៖ «ពួកគេនៅតែដើរតួនាទីសំខាន់ណាស់បើនិយាយពីសន្តិសុខស្បៀងអាហារជាតិពីព្រោះពួកគេផ្តល់នូវស្រូវអង្ករសម្រាប់ប្រទេសទាំងមូល។ ទីពីរ ពួកគេផ្តល់ការងារ»។ «ពួកគេក៏ដើរតួនាទីសំខាន់ខ្លាំងផងដែរបើនិយាយពីការអភិរក្សវប្បធម៌ និងបរិស្ថាន»។
លោកបន្តថា៖ «មានកសិករតូចតាចជាច្រើនដែលមានដីរួចហើយ»។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ «ពួកគេត្រូវតែទទួលការគាំទ្រចំពោះការបង្កើនចំនួនដី និងផលិតភាពការងារ។ ទីពីរ កសិករដែលមិនមានដីដែលត្រូវការដីដើម្បីចាប់ផ្តើមកសិកម្មសម្រាប់អ្នកដែលពិតជាចង់ចាប់ផ្តើមកសិកម្មពួកគេគួរតែត្រូវបានផ្តល់ឲ្យនូវដី»។ អ្នកនាំពាក្យក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដីមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ PS