មន្ត្រីយោធាជើងទឹកទម្លាយរឿងភរិយាលោក ទៀ វិញ ចាត់ចែងការងារជំនួសប្ដីសព្វបែបយ៉ាង
មន្ត្រីយោធាជើងទឹកមួយចំនួនបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយចាត់វិធានការទប់ស្កាត់ភាពអសកម្មនិងរឿងអាស្រូវពុករលួយក្រោមការគ្រប់គ្រងរបស់លោក ទៀ វិញ ដែលជាមេបញ្ជាការកងទ័ពជើងទឹកជាបន្ទាន់។ មានការបង្ហើបឲ្យដឹងថាភរិយាលោកផ្កាយ៤ ទៀ វិញ មេបញ្ជាការយោធាជើងទឹកឈ្មោះ កាន់ ចន្ទ្រា ឬ កាន់ ចន្ទ្រា ទៀ វិញ កំពុងចាត់ចែងការងារជំនួសប្ដីសព្វបែបយ៉ាងដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះបានធ្វើឲ្យនាយទាហាននិងពលទាហានជើងទឹកទាំងមូលត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង ហើយសូម្បីតែប្រាក់ឧបត្ថម្ភក៏ពួកគេមិនបានទទួលដែរ។
តាមការបង្ហើបពីមន្ត្រីយោធាជើងទឹកនៅខេត្តកោះកុង បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភប្រចាំខែពីអាជ្ញាធរខេត្តកោះកុង ក្នុងមួយខែ១លានបាតត្រូវបានអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ស៊ីដាច់ មិនបានដល់ដៃនាយទាហាននិងពលទាហានជើងទឹកនោះទេ។ លុយ១លានបាតក្នុងមួយខែនោះ គឺបានមកពីប្រភពចំណូលផ្សេងៗនៅក្នុងខេត្តកោះកុង ដើម្បីជួយដល់នាយទាហានពលទាហានជើងទឹក ប៉ុន្តែជាក់ស្ដែងលុយទាំងនោះហូរចូលទៅក្នុងហោប៉ៅអ្នកស្រី កាន់ ចន្ទ្រា យ៉ាងសុខស្រួល។ ចំណែកលោកផ្កាយ៤ ទៀ វិញ មេបញ្ជាការយោធាជើងទឹក សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់បណ្ដោយឲ្យភរិយារបស់ខ្លួនប្រើអំណាចគាបសង្កត់ធ្វើបាបនាយទាហាននិងពលទាហានជើងទឹកស្រេចតែអំពើចិត្តរបស់ខ្លួន និងល្បីល្បាញខាងពុករលួយផងដែរ។
ប្រភពពីមន្ត្រីយោធាជើងទឹកស្និទ្ធនឹងលោកផ្កាយ៤ ទៀ វិញ បានបង្ហើបឲ្យដឹងថា អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ បានដាក់កម្រិតឲ្យអង្គភាពយោធាជើងទឹកមួយចំនួនបង់លុយឲ្យខ្លួនតាមការកំណត់ បើមិនដូច្នេះទេត្រូវប្រឈមនឹងការគាបសង្កត់ជាមិនខាន។ ប្រភពបានបង្ហើបថា អង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម ត្រូវបង់៣លានរៀលក្នុងមួយខែ, សាលាហ្វឹកហ្វឺនកងទ័ពជើងទឹកត្រូវបង់២លានរៀលក្នុងមួយខែ, កងវរថ្មើរជើងវាយលើគោកត្រូវបង់៣លានរៀលក្នុងមួយខែ ហើយអង្គភាពយោធាជើងទឹកកោះតាង កោះកុង ក៏ត្រូវបង់តាមការកំណត់ដែរ។ បញ្ហានេះបានធ្វើឲ្យនាយទាហានពលទាហាននៃបណ្ដាអង្គភាពខាងលើមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែមិនអាចធ្វើអ្វីអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ បានឡើយ។
ប្រភពពីមន្ត្រីយោធាស្និទ្ធនឹងអ្នកស្រី កាន់ ចន្ទ្រា បានឲ្យដឹងថា សព្វថ្ងៃនេះប្រហែលអ្នកស្រីពាក់ផ្កាយ៥ក៏មិនដឹង ទើបអាចបញ្ជាទៅលើលោក ទៀ វិញ ជាស្វាមីតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក ទៀ វិញ ធ្វើតាមប្រពន្ធសព្វបែបយ៉ាង។ ប្រភពបានឲ្យដឹងទៀតថា នាយទាហានជើងទឹកទាំងឡាយណាដែលចង់ឡើងបុណ្យស័ក្ដិឋានៈតួនាទីត្រូវទាក់ទងអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ដោយហ៊ានចំណាយលុយកាក់គួរសមនោះ តែងបានសម្រេចតាមបំណងប្រាថ្នារបស់ពួកគេ។ ហេតុនេះហើយទើបនាយទាហានពលទាហានជើងទឹក ទ្រាំតទៅទៀតលែងបានក៏ទម្លាយព័ត៌មាននេះចេញក្រៅដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយ។
រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺមាននាយទាហាននិងពលទាហានជើងទឹកមួយចំនួន ត្រូវអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ យកមកប្រើប្រាស់សម្រាប់ការពារផ្ទះ និងបម្រើការងារនៅក្នុងផ្ទះសព្វបែបយ៉ាង។ ប៉ុន្តែពេលនាយទាហានឬពលទាហានទាំងនោះមានកំហុសតិចតួចត្រូវអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ បណ្ដេញចេញពីផ្ទះ ចេញពីអង្គភាព ហើយរក្សាឈ្មោះទុកបើកយកប្រាក់ខែរហូតដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ ដោយសារអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ចេញមុខធ្វើការងារជំនួសប្ដីសព្វបែបយ៉ាងដូចនេះហើយ ទើបស្ថាប័នកងទ័ពជើងទឹកគ្មានអ្វីរីកចម្រើនគួរឲ្យកត់សម្គាល់ឡើយ ចំណែកនាយទាហាននិងពលទាហានជើងទឹកទូទាំងប្រទេសកំពុងរងទុក្ខលំបាកដោយសារស្នាដៃអ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ច្រើនឆ្នាំកន្លងមកនេះ៕